ភ្នំពេញៈ យោងតាម ព្រះរាជពង្សាវតារខ្មែរ ផែនដីព្រះបាទពញាយ៉ាត ជាក្សត្រយាងចាកចេញពី ក្រុងមហានគរ មកតាំងរាជធានីថ្មី
នៅ ទួលបាសាន។ ព្រះអង្គឡើងគ្រងរាជសម្បត្តិ ឆ្នាំ១៣៨២។ ព្រះបាទបរមបពិត្រ គង់នៅ ព្រះរាជវាំងថ្ម (ទួលបាសាន)។ ក្នុងគ្រានោះ
ទឹកលិចរាជធានី ជ្រៅក្រៃលែង។ អស់ខ្ញុំរាជការ និងព្រះបរមរាជវង្សានុវង្ស មានក្ដីលំបាកជាច្រើន នឹងកសាងជា ព្រះនគរពុំបាន។
លុះទឹកស្រកក្នុងឆ្នាំនោះអស់ ព្រះបរមបពិត្រ ព្រះអង្គនាំរាជសេវកាមាត្យ មកសាង ព្រះរាជវាំង នៅភូមិឫស្សីកែវ។
ទ្រង់ត្រាស់បង្គាប់ ចៅពញាតេជោ ចៅហ្វាយ ស្រុកខែត្រសំរោងទង ឱ្យកេណ្ឌរាស្ត្រលើកដី ទៅចាក់បំពេញក្នុង រាជវាំង។ ទីដែល
ចៅពញាតេជោ ឱ្យរាស្ត្រជីកដីនោះធំជ្រៅទូលាយណាស់ ទើបបានជាមានឈ្មោះហៅ « បឹងតេជោ » រៀងមក គឺត្រង់កន្លែង ផ្សារ
ធំថ្មីសព្វថ្ងៃនេះ។ ទ្រង់ក៏បានត្រាស់បង្គាប់ ចៅពញារាជាមេត្រីផ្លុង ចៅហ្វាយ ស្រុកកោះឫស្សីកែវ ( តាមព្រះរាជពង្សាវតារ ដែល
តម្កល់ទុកនឹងព្រះរាជបណ្ណាល័យ ក្រុងភ្នំពេញ មានសេចក្ដីថា ឧកញ៉ាផ្លុង នេះជា ចៅហ្វាយ ស្រុកខែត្របាទី ដែលមានងារជា
ឧកញ៉ាវង្សាអនុជិត ទៅវិញទេ ) ឱ្យជីកព្រែកទម្លាយទឹកពី បឹកពោងពាយ មកកុំឱ្យនៅឆ្អេះឆ្អាបល្អក់។ ព្រោះហេតុនេះហើយបាន
ជាមានពាក្យហៅថា « ព្រែកពាមផ្លុង » រៀងមក។ រួចហើយទ្រង់ត្រាស់ឱ្យធ្វើស្ពាន រៀបផ្លូវក្រាលថ្មល្អស្រេច ទើបទ្រង់តាំង ព្រះ
រាជពិធីស្ថាបនា ព្រះរាជវាំង សង់ប្រាសាទ ព្រះរាជមន្ទីរត្រឡែងកែង ខ្វាត់ខ្វែងទាំងក្នុងក្រៅ ព្រមទាំងដំណាក់តូចធំ សម្រាប់ស្នំ
ស្រឹង្គារស្រាប់ស្រេច។
ទ្រង់ឱ្យតាំងមុខ ព្រះរាជវាំង បែរទៅបូព៌ាទិស ហើយទ្រង់ឱ្យលើកដីទប់តាំងជាសើន ជាបន្ទាយក្រៅទៅទិសឧត្ដរ តាំងពីមាត់ទន្លេ
ទៅខាងលិច។ ទ្រង់ឱ្យជីកជាអូរ ជាអូរអមប៉បកំផែង ហើយឱ្យលើកបន្ទាយព័ទ្ធជារង់ ខាងទិសបស្ចឹម ត្រឹមតែទិសទក្សិណ។ ទ្រង់
ឱ្យទុកបឹងតេជោ ជាទីធ្វើស្រែក្នុងព្រះនគរ តទៅដល់ ទិសនិរតី ហើយកាត់ត្រង់ទៅឯកើតដល់ មាត់ទន្លេ ត្រឹមព្រែកតាកែវ។ ទ្រង់
ឱ្យលើកដីជាបន្ទាយតាម ឆ្នេរមាត់ទន្លេ ជាកំផែងព្រះនគរ ជុំវិញទល់នឹងមុខព្រលាន។
ឯព្រះវិហារទាំងប៉ុន្មាន ទ្រង់ឱ្យបូកកំបោររៀបឥដ្ឋ ព្រមទាំងសាង ព្រះវិហារ ចេតិយ កុដិ សាលា បានជាច្រើន។ ទ្រង់សាង ខ្លាង
មឿងមួយ ( ខ្លាងមឿង គឺអ្នកតាចាំស្រុក។ យើងសព្វថ្ងៃច្រើននិយាយថា ឃ្លាំងមឿង ) ឈ្មោះ អ្នកតាប្រាជ្ញ តាំងនៅជាអគ្នេយ៍ ព្រះ
រាជវាំងខាង វត្តពាមផ្លុង។ លុះស្រេចការហើយស្ដេចឡើងគង់លើ ព្រះរាជនិវេសន៍ថ្មី តាំងមានទន្លេបួនមុខហៅថា « ទន្លេចតុម្មុខ »។
លុះសម្រេចការកសាងហើយ ទ្រង់តាំងប្រទាននាមព្រះនគរជា ក្រុងចតុម្មុខសកលកម្ពុជាធិបតី ជាខត្តិយាមហានគរ។ អស់សម
ណជីព្រាហ្មណ៍ ព្រឹទ្ធាចារ្យ សេនាបតី មន្ត្រីប្រជានុរាស្ដ្រ និងឈ្មួញជួញប្រែក្នុងក្រៅប្រទេសក៏ចូលមកជាក្រាស់ក្រួនមួនមាំសម
ដោយភោគសម្ប័ទ ជាសុខសប្បាយ ទាំងស្បៀងអាហារសព្វសារពើ ក៏បរិបូណ៍ មិនអត់ឃ្លាន។ ព្រះពុទ្ធសាសនា ក៏រុងរឿងដោយ
ព្រះបរមពោធិសម្ភារ ព្រះបារមី ដែលស្ដេចទ្រង់នូវ ព្រះមហាសុចរិត ទសពិធរាជធម៌ មហាប្រសើរ។ អស់អរិន្ទរាជសត្រូវពាលោ
ចោរកំណាច ក៏កោតក្រែងស្ញប់ស្ញែងខ្លាច ព្រះបារមី ឥតបីនឹងកម្រើកឡើយ។ ប្រទេស ចិន យួន ចាម ជ្វា ក៏នាំគ្រឿងបណ្ណាការ
មកក្រាបទូលថ្វាយ សូមពឹងព្រះបុណ្យបារមីជាច្រើន។
គួរបញ្ជាក់ថា ព្រះបរមរាជា ពញាយ៉ាត លើករាជធានីពី ទួលបាសានព្រះរាជវាំងថ្ម មកតាំងរាជធានីថ្មី ស្ថិតនៅ វត្តភ្នំដូនពេញ។
ព្រះរាជវាំងចាស់នេះ ក្រោយមកក៏បានប្រែក្លាយទៅជា កន្លែងរដ្ឋបាលបារាំង ក្នុងរាជសម្ដេចព្រះនរោត្តម គ្រងរាជ ឆ្នាំ១៨៦០
ដែលជា ព្រះរាជបុត្រាច្បង ព្រះអង្គដួង។ សព្វថ្ងៃ សាលារាជធានីភ្នំពេញ ក៏បានកសាង ស្ពាននាគថ្មី ឡើងវិញនៅខាងត្បូង វត្តភ្នំ
ដែលជានិមិត្តរូបស្ពានបុរាណសម្រាប់ធ្វើដំណើររឆ្លង «ព្រែកពាមផ្លុង» ដែលបានជីកដោយ ឧកញ៉ាផ្លុង ក្នុងកំឡុង ឆ្នាំ១៣៨៧៕









