ភ្នំពេញៈ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពី ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប ដោយមានការសម្របសម្រួលផ្លូវច្បាប់ពី ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំង ឃ្លាំងតូច ធំ ក្នុងមូលដ្ឋានសរុបចំនួន៣៣កន្លែងដែលគេសង្ស័យមាននាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលសាច់បង្កកមានប្រភពពី ប្រទេសថៃ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាល រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ថា ក្នុងប្រតិបតិការទាំង ៣៣ទីតាំងនេះ សមត្ថកិច្ចចម្រុះបានរកឃើញ ទី១. ទីតាំងឃ្លាំងស្តុកសាច់ និងផលិតផលបង្កក មានស្លាកយីហោ CSPB (CAMBO DIA) មានទីតាំងស្ថិតនៅ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយរកឃើញសាច់ និងផលិតផលសត្វចំនួន១២ប្រភេទមានប្រភពនាំចូលពីថៃ រួមមាន ស្លាបមាន់ប្រឡាក់គ្រឿង ស្លាបមាន់ប្រឡាក់ម្រេច ភ្លៅមាន់បំពង់ ប្រហិតសាច់មាន់ ហតដកវែងខ្លី ហតដកសាច់មាន់ សាច់មាន់ចំណិត សាច់ហេម សាច់ទ្រូងមាន់ប្រឡាក់គ្រឿង សាច់មាន់ជ្រុង និងទូរទឹកកកសម្រាប់ក្លាស្សេចំនួន២៥ទូ។
ទី២. ទីតាំងស្តុកផលិតផលប្រហិតបង្កកចម្រុះ ស្ថិតនៅ ផ្ទះលេខ២៨៣ ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគ ដោយបានរកឃើញប្រហិតបង្កកសរុបចំនួន២១មុខស្មើនឹងជាង១.២០០គីឡូក្រាមជាផលិតផលនាំចូលពីថៃ ដោយខុសច្បាប់។
ទី៣. ទីតាំងឃ្លាំងទំនិញធំៗចំនួន២កន្លែងដែលមានម្ចាស់តែមួយស្ថិតនៅតាម បណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ សង្ស័យថា មាននាំចូលទំនិញបង្កកពីថៃ។ តាមការចុះត្រួតពិនិត្យជាក់ស្ដែង កម្លាំងចម្រុះមិនបានពិនិត្យរកឃើញទំនិញបង្កកនោះទេ ប៉ុន្តែបានរកឃើញ ផលិតផល ដែលនាំចូលមកពីថៃជាច្រើនមុខដែលសង្ស័យពាក់ព័ន្ធករណីនាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិតផលមានប្រភពពីថៃ គ្មានច្បាប់អនុញ្ញាត។
ទី៤. ទីតាំងឃ្លាំងលេខ៦៣ កម្មសិទ្ធិរបស់ក្រុមហ៊ុន LUX ស្ថិតក្នុង ភូមិតាពូង សង្កាត់ស្នោ ខណ្ឌកំបូល តាមការពិនិត្យជាក់ស្ដែងឃើញថា មានទូបង្កកសាច់ចំនួន២ដែលមានផ្ទុកសាច់បង្កកចំនួន២ប្រភេទមានទម្ងន់សរុបជិត៣០តោន។
តាមការសួរនាំ និងការបញ្ជាក់ពីតំណាងម្ចាស់ឃ្លាំងបានឱ្យដឹងថា សាច់បង្កកទាំង២ប្រភេទនេះ ផលិតនៅ ប្រទេសប្រេស៊ីល និងកាណាដា ដោយមានឯកសារយោងចំនួន២គឺ (១) វិក័យបត្រទិញលក់ និងដឹកជញ្ជូនចេញទៅ ហុងកុង និងវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពអនា ម័យសាច់ ប៉ុន្តែមិនមានឯកសារបញ្ជាក់ពីប្រភពនាំចូលច្បាស់លាស់នៅឡើយ។ ដោយមានការសម្របសម្រួលឯកភាពពី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឱ្យក្រុមការងារចម្រុះបិទឃ្លុំទូបង្កកទាំងពីរជាបណ្ដោះអាសន្នដើម្បីរង់ចាំម្ចាស់រកឯកសារពាក់ព័ន្ធទៅបំភ្លឺនៅ អគ្គនាយកដ្ឋានក.ប.ប បន្ថែមដោយទុករយៈពេលឱ្យមួយសប្ដាហ៍។
លទ្ធផលសម្រាប់ប្រតិបតិ្តការថ្ងៃទី១២ ខែមិថុនា សមត្ថកិច្ចសម្រេចបិទឃ្លុំទីតាំងឃ្លាំង និងទូបង្កកទាំងអស់ខាងលើនេះជាបណ្តោះអាសន្ន និងបានសម្រេចឱ្យនាំខ្លួនម្ចាស់ និងអ្នកគ្រប់គ្រងឃ្លាំងសរុបចំនួន៥នាក់ទៅធ្វើការសាកសួរបន្ថែមនៅ ការិយាល័យប្រឆាំងបទល្មើសសេដ្ឋ កិច្ច នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ តាមនីតិវិធីច្បាប់៕

