ភ្នំពេញៈ អ្នកមានទ្រព្យធនស្ដុកស្ដម្ភនៅ ស្រុកព្រះស្ដេច លោកឧកញ៉ា ជឹម សុខ ម្ចាស់អាជីវកម្មរកស៊ីដឹកជញ្ជូនគោក្របី និងស្រូវទៅលក់នៅប្រទេសវៀតណាម បានដាក់ពាក្យប្ដឹង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខែត្រព្រៃវែង និងលោក ឡេង ពៅ ស្នងការរងជាផ្លូវការទៅកាន់ ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដោយចោទពីរបទល្មើសដែលបានវាយត្រាចូល និងបានទទួលកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ក្នុងវេលាតែមួយព្រមៗគ្នា។

លោកឧកញ៉ា ជឹម សុខ កើតនៅ ឆ្នាំ១៩៦៧ សព្វថ្ងៃរស់នៅ ភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខែត្រព្រៃវែង។ លោកឧកញ៉ា បានដាក់ពាក្យបណ្ដឹងមេប៉ូលិសជាផ្លូវការចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដែលមានចំនួនពីរទំព័រ ហើយគោរពជូន ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

នៅក្នុងពាក្យបណ្ដឹងលោក ជឹម សុខ បានបញ្ជាក់ថា « ប្ដឹងឈ្មោះ ឈឿន ប៊ុនឆន ជាស្នងការនគរបាល ខែត្រព្រៃវែង និងឈ្មោះ ឡេង ពៅ ជាស្នងការរង ទទួលបន្ទុកសេនាធិការ ពីបទកំហែងយក និងរំលោភអំណាច ( បទចាត់វិធានការសំដៅរារាំងការអនុវត្តច្បាប់ និងស្ថាន ទម្ងន់ទោស ) ស្របតាមមាត្រា ៣៦៣ ,៣៦៤ និង៥៨៦ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅ ព្រៃវែង កាលពីកំឡុង ឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៦ »។

លោក ជឹម សុខ បានបង់ប្រាក់ប្រចាំខែ១ម៉ឺនដុល្លារទៅឱ្យលោក ឈឿន ប៊ុនឆន ស្នងការខែត្រ ដែលមានអ្នកទទួលប្រាក់គឺលោក ឡេង ពៅ ស្នងការរង ទទួលបន្ទុកសេនាធិការ។ ជម្លោះបង់ប្រាក់ប្រចាំខែ១ម៉ឺនដុល្លារដោយសារ ប្ដូរពីការបង់លុយដើមខែ មកចុងខែវិញ ធ្វើឱ្យលោក ឈឿន ប៊ុនឆន បដិសេធពុំព្រមទទួលយក ហើយរឿងនេះក៏ចាប់ផ្ដើមផ្ទុះឡើងនៅក្នុង ខែមិថុនា ឆ្នាំ២០២៦ ដោយរយៈការទម្លាយឯកសារបង្កាន់ដៃផ្ទេរប្រាក់ជាច្រើនម៉ឺនដុល្លារ និងជាច្រើនលានរៀលផងដែរ។

នៅក្នុងពាក្យបណ្ដឹង របស់ឧកញ៉ា ជឹម សុខ បានសំណូមពរទៅ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងឯកឧត្តម ស ថេត នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ សុំឱ្យផ្អាកតួនាទីលោក ឈឿន ប៊ុនឆន ស្នងការនគរបាល ខែត្រព្រៃវែង និងលោក ឡេង ពៅ ស្នងការរង ជាបណ្ដោះអាសន្នដើម្បីបើកការស៊ើបអង្គេត និងមានវិធានការទៅតាមផ្លូវច្បាប់។

នៅក្នុងរឿងដ៏ក្ដៅនេះលោក ឈឿន ប៊ុនឆន បាននិយាយប្រាប់លោក ផែង វណ្ណ ផ្ទាល់មាត់នាពេលថ្មីៗនេះថា គាត់ (ស្នងការ) មិនពាក់ព័ន្ធដាក់ខែមួយខែ១ម៉ឺនដុល្លារ ដូចការចោទប្រកាន់របស់ឧកញ៉ា ជឹម សុខ ទេ។ ទោះជាយ៉ាងណា លោកស្នងការ និងស្នងការរងខែត្រ ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតគឺអាចនឹងកើតមានហានិភ័យនូវបណ្ដឹងរបស់លោកឧកញ៉ា ជឹម សុខ ដែលបានប្ដឹងចោទប្រកាន់ធ្ងន់ៗ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ផេកហ្វេសប៊ុកផ្លូវរបស់លោក ផែង វណ្ណៈ បានទម្លាយឯកសារបង្កាន់ដៃផ្ញើប្រាក់ក្នុងមួយខែ១ម៉ឺនដុល្លារដែលមានអ្នកទទួលឈ្មោះ សាន វាសនា ( San Veasan ) ចំនួន១៧បង្កាន់ដៃដែលមានជាប្រាក់រៀល និងប្រាក់ដុល្លារ។ ការបង់ប្រាក់ប្រចាំខែដ៏ច្រើនសន្ធឹកសន្ធាប់នេះបានកើតមានឡើងតាំង ឆ្នាំ២០២៣ រហូតមក គឺបង់ដើមខែហើយលោក ជឹម សុខ សុំបង់ចុងខែវិញនោះធ្វើឱ្យលោកឈឿន ប៊ុនឆន មិនយល់ព្រម ក៏ផ្ទុះជារឿងនេះឡើងនៅក្នុង ខែមិថុនា ឆ្នាំ២០២៦ តែម្ដង៕

You missed

error: Content is protected !!