ស្ទឹងត្រែងៈ ឯកឧត្តម សរ សុពុត្រា អភិបាល ខែត្រស្ទឹងត្រែង បានសម្តែងការកោតសរសើរ ចំពោះកម្លាំងនគរបាល ដែលបានប្រតិបត្តិការបង្ក្រាបក្រុមជួញដូររក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយជោគជ័យទោះបីជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងក៏ដោយ។
ការលើកឡើងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះត្រួតពិនិត្យលទ្ធផលប្រតិបត្តិការនៅ ស្នងការដ្ឋាននគរ បាល ខែត្រស្ទឹងត្រែង។
ភិបាលខែត្រ ក៏បានបញ្ជាក់ទៀតថា ព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនថា ជាករណី « ប្លន់ម៉ូតូ » នោះគឺជាការយល់ច្រឡំ។ ជាក់ស្តែងវាជាប្រតិបត្តិការរបស់សមត្ថកិច្ចក្នុងការបង្ក្រាបករណីគ្រឿងញៀន ខណៈជនសង្ស័យម្នាក់បានប្រើអាវុធតដៃ និងភ្ជង់យកម៉ូតូប្រជាពលរដ្ឋពីរគ្រឿងដើម្បីជិះរត់គេចខ្លួន។ ទោះយ៉ាងណា សមត្ថកិច្ច បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យរូបនោះបាននៅព្រឹកថ្ងៃបន្ទាប់ និងដកហូតម៉ូតូប្រគល់ជូនម្ចាស់ដើមវិញរួចរាល់។
យោងតាម ស្នងការដ្ឋាននគរបាល ខែត្រស្ទឹងត្រែង ប្រតិបត្តិការនេះបានអនុវត្តចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ បង្ក្រាបបាន៥គោលដៅ និងឃាត់ខ្លួនជនសង្ស័យសរុប១៧នាក់ក្នុងនោះមាន ស្ត្រី៣នាក់។
ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាល ខែត្រស្ទឹងត្រែង បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមាន ១៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ( រួមទាំងជនសង្ស័យម្នាក់ដែលប្រើអាវុធបាញ់តដៃសមត្ថកិច្ច ) និង ម្នាក់ទៀតត្រូវបានចាប់ខ្លួនតាមដីកាបញ្ជាឱ្យនាំខ្លួនរបស់ តុលាករ។
លោកស្នងការ បន្តទៀតថា កម្លាំងនគរបាល នឹងបន្តបង្ក្រាបរាល់បទល្មើសដោយមិនរាថយ ទោះប្រឈមនឹងគ្រោះថ្នាក់យ៉ាងណាក៏ដោយ ដើម្បីធានា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ឯកឧត្តម សរ សុពត្រា ក៏បានអញ្ជើញប្រគល់ម៉ូតូដែលជនល្មើសបានភ្ជង់យកទៅជូនម្ចាស់ដើមវិញបន្ទាប់ពី សមត្ថកិច្ច ដក ហូតបាន៕

