ដោយៈ បាយ៉ង់
ព្រះសីហនុៈ មោទកភាពជាទីបំផុត និងជាប្រវត្តិសាស្រ្តសម្រាប់វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ក្រុងព្រះសីហនុ ដែលសិស្សានុ សិស្ស ផ្នែកអប់រំបច្ចេកទេសចំនួន១០៧នាក់បានប្រឡងបញ្ចប់ឆ្នាំជាប់ទាំង១០៧នាក់នៅដើម ខែសីហា ឆ្នាំ២០២៦ កន្លងទៅ ក្នុងនោះមានសិស្សឆ្នាំទី១ សិស្សឆ្នាំទី២ និងសិស្សឆ្នាំទី៣ ចំនួន៣៩នាក់ស្រី២នាក់ ត្រូវបានបញ្ចប់ទទួលបានសញ្ញាប័ត្រសមមូលនឹងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) អាចបន្តចូលរៀននៅ មហាវិទ្យាល័យ បានធម្មតា។ នេះបើយោងតាមការឱ្យដឹងពីលោក ទូច គង្គា នាយកស្ដីទីនៃសាលានេះ។
វិទ្យាល័យក្រុងព្រះសីហនុ ត្រូវបានប្ដូរឈ្មោះមកថា « វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ក្រុងព្រះសីហនុ » កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។ ថ្នាលបណ្ដុះវិជ្ជានេះ មានវ័យចំណាស់ជាងគេក្នុង ខែត្រ.ក្រុងព្រះសីហនុ ដែលមានផ្ទៃដីទំហំ៤ហិកតាកន្លះ មានទីធ្លាធំទូលាយ បរិស្ថានល្អបរិសុទ្ធ ពោរពេញទៅដោយដើមឈើព័ណ៌បៃតងត្រជាក់ត្រឈឹងត្រឈៃ។

ក្រោមម្លប់ដើមឈើស្ទើរតែទាំងអស់មាន បង់ តុថ្ម ជាជំនួយឧបត្ថម្ភពីមាតាបិតាសិស្ស អតីតសិស្ស និងសប្បុរសជន សម្រាប់សិស្សានុ សិស្ស អង្គុយអានសៀវភៅ ឬអង្គុយកម្សាន្ត។ សាលានេះមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ មានអគារសិក្សាថ្មចំនួន៦ខ្នង អគារធនធាន (ទីចាត់ការ) មួយខ្នង បណ្ណាល័យមួយ ឧបត្ថម្ភដោយលោកជំទាវ អ៊ូ ធីតាពៅ ភរិយាឯកឧត្តម គួច ចំរើន អតីតអភិបាលខែត្រព្រះសីហនុ។
ខាងក្រោយ បណ្ណាល័យ មានបន្ទប់ទឹកស្ដង់ដារមួយស្អាតប្រណិត ឧបត្ថម្ភដោយ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងអគារសិក្សាមួយខ្នងពីរជាន់ ក៏ជាជំនួយឧបត្ថម្ភដោយ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ផងដែរ។ អគារសិក្សាមួយខ្នងពីរជាន់មួយទៀតជាអំណោយលោក ពូ សុទ្ធរៈ មួយខ្នងបីជាន់ អំណោយ សម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនិង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា។ អគារមួយជាន់ពីរខ្នង ឧបត្ថម្ភដោយ ធនាគារអេឌីប៊ី និងមួយខ្នងទៀតមួយជាន់ ជាអំណោយ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី។ ក្រៅពី អគារសិក្សា នៅមានអគារថ្មស្នាក់នៅពិសេសពីរខ្នងទៀត គឺ អន្តេវាសិកដ្ឋានសម្រាប់សិស្ស និងគ្រូមួយខ្នងពីរជាន់សម្រាប់សិស្ស និងមួយខ្នងពីរជាន់ទៀតសម្រាប់លោកគ្រូអ្នកគ្រូស្នាក់នៅដែលជាអំណោយ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី។ ក្នុងសាលានេះទៀតសោតមាន តារាងបាល់ទាត់ បាល់ទះ និងបាល់បាស្កេត។

លោក ទូច គង្គា នាយកស្ដីទី នៃវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ក្រុងព្រះសីហនុ មានប្រសាសន៍ប្រាប់ បាយ៉ង់ថាមស៍ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ថា សិស្សផ្នែកអប់រំបច្ចេកទេស សរុបចំនួន១១១នាក់ ប៉ុន្តែមានវត្តមាន ប្រឡងបញ្ចប់ឆ្នាំចំនួន១០៧នាក់ ជាប់ទាំង១០៧នាក់ គឺជាប់មួយរយភាគរយ។
លោកបន្តថា សិស្សផ្នែកអប់រំបច្ចេកទេស មានពីរជំនាញគឺខាង អគ្គិសនី និងមេកានិក។ ផ្នែកអគ្គិសនី ឆ្នាំទី១ មានសិស្សចំនួន១៧នាក់ សិស្សឆ្នាំទី២ មានចំនួន១២នាក់ និងសិស្សឆ្នាំទី៣ មានចំនួន២០នាក់។ រីឯសិស្ស ផ្នែកមេកានិក ឆ្នាំទី១ មានចំនួន២៨នាក់ ឆ្នាំទី២ ចំនួន១៥នាក់ និង សិស្សឆ្នាំទី៣ មានចំនួន១៩នាក់។

លោកនាយកស្ដីទីបានសង្កត់ធ្ងន់ថា សិស្សផ្នែកអប់រំបច្ចេកទេសនេះ រៀនទ្រឹស្ដីបណ្ដើរអនុវត្តផ្ទាល់បណ្ដើរ ជាមួយសម្ភារបច្ចេកទេសទំនើបៗ។ លោកនាយក បានធ្វើការអំពាវនាវដល់ មាតាបិតាសិស្សដែលមានបំណងចង់ឱ្យកូនរៀននូវជំនាញទាំងពីរខាងលើ សូមយកកូនមកចុះឈ្មោះចូលរៀន ដោយមិនចាំបាច់បង់ប្រាក់ថ្លៃអ្វីទាំងអស់។
លោកនាយកបញ្ជាក់ទៀតថា ទោះសិស្សនៅទីណាក៏អាចមកចុះឈ្មោះចូលរៀន ផ្នែកអប់រំបច្ចេកទេស នៅសាលានេះបានដែរ ឱ្យតែមានសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ (ឌីភ្លូម)។ ពិសេសនៅសាលានេះ មាន អគារអន្តេវាសិកដ្ឋាន សម្រាប់សិស្សមកពីទីឆ្ងាយអាចស្នាក់នៅផងដែរ។
គួរបញ្ជាក់ថា សិស្សរៀន ផ្នែកអប់រំបច្ចេកទេស ចំណេញពេលវេលាច្រើន ព្រោះរៀនបីឆ្នាំចប់មានជំនាញអាចរកការងារធ្វើបានឬបើចង់បន្តការសិក្សានៅ មហាវិទ្យាល័យ ក៏អាចបានដូចមាន សញ្ញាប័ត្របាក់ឌុប អីចឹងដែរ៕

