ព្រះសីហនុៈ រដ្ឋបាល ក្រុងព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធី តំណាងអយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហផ្ទះល្វែងចំនួន១០ទីតាំងស្ថិតនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះកម្លាំងចម្រុះរកឃើញ សម្ភារ និងឧបករណ៍អេឡិចត្រូនិកមួយចំនួន ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងរកឃើញជនបរទេសមួយចំនួនស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធត្រឹមត្រូវ។
សមត្ថកិច្ចបានដកហូតវត្ថុតាងមានដូចជា កុំព្យូទ័រយួរដៃ ចំនួន៣០គ្រឿង និងទូរស័ព្ទដៃចំនួន ៨៥គ្រឿង។ ជាមួយគ្នានោះក៏បានឃាត់ខ្លួនមនុសស្សចំនួន២៥នាក់ ក្នុងនោះស្ត្រី២នាក់ ដែលសុទ្ធសឹងជាជនជាតិចិន។ ក្នុងចំណោមនោះដែរមាន១៤នាក់គេសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និង១១នាក់ទៀត ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការស្នាក់នៅគ្មានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវ។
ជនសង្ស័យទាំង២៥នាក់ ព្រមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាល ខែត្រព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូង ខែត្រព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី៕

