ភ្នំពេញៈ គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបបទល្មើស Online Scams នៅផ្ទះC១៦ ផ្លូវBL០២ បុរីប៊ុនលីចម្ការដូង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ឃាត់ខ្លួនជនបរទេសបាន៨នាក់ករណីឆបោកតាមអនឡាញទៅច្រើនប្រទេស នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ ដឹកនាំប្រតិបត្តិផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាល ភ្នំពេញ ទទួលផែនការងារនគរបាលសន្តិសុខ និងមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។
លទ្ធផលនៃការបង្ក្រាបសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន៨នាក់ ( ស្រី១នាក់ ) ក្នុងនោះរួមមាន ជនជាតិបង់ក្លាដេស ចំនួន៧នាក់ (ប្រុស) និងជនជាតិមីយ៉ាន់ម៉ា ចំនួន១នាក់ (ស្រី)។
សមត្ថកិច្ចបានដកហូតវត្ថុតាងពាក់ព័ន្ធរួមមាន laptop ចំនួន១២គ្រឿង ,ទូរស័ព្ទចំនួន១៧គ្រឿង , ដុំ Wifi ចំនួន១គ្រឿង , ដុំmodem ចំនួន១គ្រឿង , អង្គចងចាំ (USB Flash) , ក្រដាសប្រាក់ដុល្លារសែន (Copy) ចំនួន៤៩សន្លឹកសម្រាប់បោកប្រាស់ជាប្រាក់វិនិយោគចំណេញ។
តាមការធ្វើកោសលល្យវិច្ច័យពី ក្រុមសមត្ថកិច្ច ក្រុមឧក្រិដ្ឋជន បានប្រើប្រាស់ប្រទេសកម្ពុជាជាជម្រក ហើយប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្រោមរូបភាពអូសទាញលួងលោមស្នេហា ហើយបាបបោកប្រាស់ដាក់ប្រាក់ចូលរួមវិនិយោគក្លែង ក្លាយ (InvestmentScams) ដែលមានគោលដៅ សហរដ្ឋអាម៉េរិក, ប្រេស៊ីល, មុិចស៊ីកូ និងកូឡុំប៊ី។
ក្រុមជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានបញ្ជូនខ្លួនទៅកាន់ ស្នងការដ្ឋាននគរបាលរ រងចាំអនុវត្តទៅតាមផ្លូវច្បាប់បន្តទៀត៕

