ព្រះសីហនុៈ កម្លាំងកងរាជអាវុធហត្ថ ខែត្រព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនជាតិចិនម្នាក់ទៅ សាលាដំបូង ខែត្រព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធករណី កាន់កាប់ រក្សាទុក និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាតកាលពីវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។
កម្លាំងការិយាល័យ នៃមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ ដឹកនាំដោយ លោកវរសេនីយ៍ឯក សុង កុសល មេបញ្ជាការរង និងមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា និងលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ បានបញ្ជូនជនសង្ស័យឈ្មោះ SHUN ZHENG ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិចិនមុខរបរមិនពិតប្រាកដស្នាក់នៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ និងគ្មានលិខិតឆ្លងដែន។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ សាលាដំបូងខែត្ររួមជាមួយ វត្ថុតាងពាក់ព័ន្ធនឹងបទចោទកាន់កាប់ រក្សាទុក និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដើម្បីបន្តអនុវត្តតាមច្បាប់៕

