កំពត: លោកគ្រូម្នាក់កំពុងបង្រៀនមុខវិជ្ជា គណិតវិទ្យា នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់ បានបង្ហោះសារជាវីដេអូឃ្លីបខ្លីប្រាប់ដល់អាណាព្យាបាលឬឪពុកម្ដាយសិស្សដែលមានកូនរៀននៅក្នុង វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់ ភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខែត្រកំពត គោលបំណងឱ្យមាតាបិតាសិស្សចូលរួមតាមដានការសិក្សារបស់កូនៗ។

វីដេអូខ្លីនេះ មានរយៈពេលកន្លះនាទីរបស់លោកគ្រូ គាត សាវ៉ាត ដែលបង្រៀនមុខវិជ្ជា គណិតវិទ្យា បានរៀបរាប់អំពីសិស្សានុសិស្សត្រូវរៀនបន្ថែមម៉ោងនៅ ចុងសប្តាហ៍ ដែលរៀបចំដោយ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់ នោះគឺគ្មានសិស្សមករៀននោះទេ។ នៅក្នុងវីដេអូបានបង្ហាញថា ចំនួនពីរសប្តាហ៍មកហើយ គឺមិនមានសិស្សមករៀនសូម្បីតែម្នាក់ក៏គ្មានដែរក្នុងនៅ សាលាដងទង់។

សារនេះគឺចង់ផ្តាំផ្ញើដល់ អាណាព្យាបាលសិស្សគ្រប់ៗរូប សូមតាមដានកូនចៅរបស់ខ្លួនដោយកុំធ្វេសប្រហែសឱ្យសោះគឺ ចៀសវាងសិស្សានុសិស្សទាំងនោះគេចម៉ោងសិក្សាទៅ ពពាក់ពពូនគ្នាលែងល្បែងស៊ីសង ឱបថើបគ្នាតាមកញ្ចុះ និងសេពគ្រឿងញៀនជាដើម។ល។ ដែលធ្វើឱ្យខូចអនាគតកូនៗរបស់លោកអ្នកដែលងាយនឹងធ្លាក់ចូលអបាមុខ។

លោកគ្រូ គាត សាវ៉ាត ហៅថា លោកគ្រូ ឡាយ បានសរសេររៀបរាប់ថា ម៉ោងរៀនបំប៉ន នៅថ្ងៃសៅរ៍ ពេលរសៀល នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់ រយៈពេលពីរសប្តាហ៍រួចមកហើយ ដែលសិស្សមិនបានមករៀនទេ។ សូមលោកឪពុកអ្នកម្ដាយ ឬ អាណាព្យាបាល មេត្តាជួយតាមដានផង…។ បាទអរគុណច្រើន។

ការបង្រៀនថ្នាក់ចុងសប្តាហ៍នេះ យើងពុំទាន់អាចសុំការបំភ្លឺបានទេពីលោក សំ យ៉ុន នាយកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់ បាននៅឡើយទេ រហូតមកដល់ម៉ោងផ្សាយនេះ។

ប្រជាពលរដ្ឋម្នាក់រស់នៅ ស្រុកដងទង់ ខែត្រកំពត សុំមិនបញ្ចេញឈ្មោះបានលើកជាចម្ងល់គ្មានចម្លើយថា ហេតុអ្វីបានជាសិស្សទាំងនោះមិនសហការចូលរួមរៀនសូត្រក្នុងវគ្គ សៅរ៍ អាទិត្យ នេះអីចឹង ?

សូមរំលឹកថា វិទ្យាល័យដងទង់ ធ្លាប់បែកធ្លាយរឿងចាយលុយមិនប្រក្រតីស្អុយរលួយដូចពាងប្រហុកម្តងរួចមកហើយ ខណៈពេលនេះស្រាប់តែបែកធ្លាយរឿងសិស្សមិនចូលរៀនទៀត។ អង្គភាពយើងនៅតែរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទៅតាមច្បាប់ ស្តីពីរបបសារព័ត៌មាននៃកម្ពុជា៕

You missed

error: Content is protected !!