បាត់ដំបងៈ កម្លាំងអធិការដ្ឋាននគរបាល ស្រុកកំរៀង ខែត្របាត់ដំបង កំពុងបន្តការស្រាវជ្រាវស្វែងរកជនសង្ស័យពាក់ព័ន្ធនឹងករណីរត់ពន្ធ ឬប៉ុនប៉ងរត់ពន្ធទំនិញ (បារី) បន្ទាប់ពីរកឃើញបារីសរុបចំនួន១០៦កេសនៅក្នុងរថយន្ត និងផ្ទះមួយកន្លែងស្ថិតនៅ ភូមិស្រះទឹកថ្មី ឃុំតាក្រី ស្រុកកំរៀង។

កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ពលរដ្ឋបានផ្តល់ព័ត៌មានប្រាប់ប៉ូលិសថា មានរថយន្តម៉ាក WULING YANGGUANG ពណ៌ សពាក់ស្លាកលេខ បាត់ដំបង ២C-៥៧៦២ ចតទុកនៅក្បែរផ្ទះមួយកន្លែងដោយពុំឃើញម្ចាស់ស្នាក់នៅ។

សមត្ថកិច្ច បានរកឃើញបារីចំនួន៦៤កេសដែលត្រូវបានវេចខ្ចប់ក្នុងថង់ប្លាស្ទិកពណ៌ខ្មៅ។ ប៉ូលិសក៏បានបន្តឆែកឆេរផ្ទះក្បែរនោះ និងបានរកឃើញបារីបន្ថែមចំនួន៤២កេះទៀតដែលធ្វើឱ្យបារីរឹបអូសបានកើនចំនួនសរុប១០៦កេស។

ប្រភពបានឱ្យដឹងថា ម្ចាស់រថយន្ត ឬ ម្ចាស់ទំនិញមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេខណៈដែលជនសង្ស័យបានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះដល់ទីតាំងកើតហេតុ។

វត្ថុតាង ត្រូវបានរក្សាទុក ហើយនគរបាលកំពុងបន្តស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនជនពាក់ព័ន្ធយកមកផ្តន្ទាទោសតាមច្បាប់។

សមត្ថកិច្ច បានអំពាវនាវដល់ពលរដ្ឋបន្តចូលរួមសហការផ្តល់ព័ត៌មានអំពីសកម្មភាពខុសច្បាប់ដើម្បីរួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ និងទប់ស្កាត់បទល្មើសនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព៕

You missed

error: Content is protected !!