ព្រះសីហនុៈ កម្លាំងកងរាជអាវុធហត្ថ ខែត្រព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែងដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៨នាក់ក្នុងនោះមានស្ត្រី២នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន ធ្វើឡើងនៅវេលាម៉ោង១១:៣០នាទីយប់ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។
កម្លាំងប្រតិបត្តិការចំនួន១៥នាក់ដឹកនាំដោយ លោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ បានចុះឆែកឆេរទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន១៨នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញមួយចំនួនសម្រាប់យកមកស្រាវជ្រាវបន្ត។
ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ ការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខែត្រដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

