ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគក្នុង ខែត្រព្រះសីហនុ បាន​បើកកិច្ចប្រជុំពិនិត្យការស្នើលើកទឹកចិត្តពិសេសដើម្បី​ពិភាក្សាលើយុទ្ធសាស្ត្របើកទំព័រថ្មី នៃការអភិវឌ្ឍ «ក្រុងកោះរ៉ុង» ឱ្យក្លាយ​ទៅជា គោលដៅទេសចរណ៍លំដាប់ពិភពលោក។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុង ខែត្រព្រះសីហនុ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំលើកទី២៥ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ចចំនួន១៥ដោយមានការអញ្ជើញចូលរួមពីតំណាង ក្រសួងស្ថាប័ន និងរដ្ឋបាលខែត្រ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

គម្រោងទាំងនេះរួមមាន គម្រោងរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍បំពង់ខ្យល់, គម្រោងរោងចក្រផលិតក្តារប៉ាកេ, គម្រោងអគារពហុមុខងារ, គម្រោងផ្សាររាត្រី, គម្រោងរមណីយដ្ឋាន និងគម្រោងអគារពហុមុខងារ ក្រោមទុនវិនិយោគជាង៣៩លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ១០០០កន្លែង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា គោលដៅទេសចរណ៍កោះរបស់កម្ពុជា នៅមានសក្តានុពលវិនិយោគធំធេង ខណៈដែលភ្ញៀវទេសចរតាមបណ្ដាកោះមានចំនួនកើនឡើងជាលំដាប់ ជាពិសេសភ្ញៀវមកពី អឺរ៉ុប។ ក្នុង​ស្ថានភាពនេះទាមទារឱ្យមានការគិតគូរទុកមុនឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដើម្បីដាក់ចេញវិធានការជាក់លាក់ និងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីជំរុញសម្ទុះនៃការអភិវឌ្ឍកោះរ៉ុង ជាទីក្រុងទេសចរណ៍ ដែលមានភាពទាក់ទាញ និងបង្កើតតម្លៃបន្ថែមខ្ពស់ព្រមទាំងចូលរួមទាក់ទាញវិនិយោគក្នុង ខែត្រព្រះសីហនុ ការដោះស្រាយបញ្ហា អគារជាប់គាំង និងការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងទៀត។

បណ្ឌិតសភាចារ្យ មានប្រសាសន៍ទៀតថា អង្គប្រជុំបាន ពិភាក្សាលើរបាយការណ៍សិក្សាអំពីសក្តានុពល និងកាលានុវត្តភាពនៃការអភិ វឌ្ឍកោះតាមប្រទេសនានា និងកោះរ៉ុង នៃខែត្រព្រះសីហនុ ព្រមទាំងលទ្ធភាពដាក់ចេញវិធានការបន្ថែម និង/ឬ យុទ្ធសាស្ត្រទាក់ទាញការវិនិយោគនៅ កោះរ៉ុង ក្រោមវិសាលភាព កម្មវិធីពិសេសជំរុញការវិនិយោគក្នុង ខែត្រព្រះសីហនុ ដើម្បីប្រែក្លាយកោះរ៉ុង ជាគោលដៅទេសចរណ៍អន្តរជាតិដ៏សំខាន់មួយក្នុង ពិភពលោក ដោយផ្តោតលើទេសចរណ៍ធម្មជាតិ បដិសណ្ឋារកិច្ចកម្រិតខ្ពស់ និងទេសចរណ៍សុខភាព។ល។

សូមបញ្ជាក់ថា ក្រុងកោះរ៉ុង មានផ្ទៃដីសរុប ១១ ៣២៣,៨៩ ហិកតា, មានឆ្នេរសរុបប្រមាណ៦១គីឡូម៉ែត្រ ក្នុងនោះប្រមាណ៤៣គីឡូ ម៉ែត្រជាឆ្នេរខ្សាច់ដែលទទួលបានចំណាត់ថ្នាក់លេខ៩ក្នុងបញ្ជីឆ្នេរល្អបំផុតទាំង៥០នៅ លើពិភពលោក ប្រចាំ ឆ្នាំ២០២៦ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា បណ្ដាញផ្លូវ, គម្រោងអាកាសយានដ្ឋានកម្រិត4C និងបណ្តាញអគ្គិសនីក្រោមបាតសមុទ្រជាដើម៕

error: Content is protected !!