កំពតៈ ក្រុមមន្ត្រីញៀនល្បែងស៊ីសង ឬជាពួកអបាយមុខមួយក្រុម ដែលបម្រើការងារក្នុងមូលដ្ឋាន ស្រុកដងទង់ ត្រូវបាន អ្នកសារព័ត៌មានថត ជាប់នៅក្នុងវង់ល្បែងមួយកន្លែងស្ថិតនៅ ភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខែត្រកំពត។
មន្ត្រីរាជការទាំងនោះរួមមាន មន្ត្រីពេទ្យសត្វ នៃការិយាល័យកសិកម្មស្រុកឈ្មោះ គីម ហាវ គេហៅក្រៅថា ហ៊ាបាវ គ្រូបង្រៀននៅ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់។ ឈ្មោះ គ្រូរ៉ាត់ ជាគ្រូបង្រៀននៃសាលាបឋមសិក្សាវត្តអង្គស្វាយ ដែលសាលា ស្រុកដងទង់ ខ្ចីមកបម្រើការងារ។ ឈ្មោះ ជន ជោតិ ព្រមទាំងមន្ត្រីរាជការសាលាស្រុក និងប្រជាពលរដ្ឋមួយចំនួនទៀតកំពុងតែជុំគ្នាលេងល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញយ៉ាងងប់។
ក្រុមញៀនលេងស៊ីសង ឬអបាយមុខ ទាំងនោះនាំគ្នាលេងស្ទើរតែរៀងរាល់ថ្ងៃគឺ ចាក់ភ្នាល់លុយរាប់ម៉ឺនរៀល មានអ្នកខ្លះចាញ់អស់ប្រាក់រាប់លានរៀល ហើយបង្កទំនាស់ឈ្លោះទាស់ទែងគ្នាក្នុងក្រុមគ្រួសារប្រពន្ធកូន និងឈានទៅដល់លែងលះគ្នាក៏មាន។ រឿងដែលគួរឲ្យចាប់អារម្មណ៍នោះដោយសារតែអ្នកបញ្ជាល្បែងនៅទីតាំងខាងលើជា ស្រីស្អាតប្រចាំភូមិបង្ហើរសម្រស់ដ៏ផូរផង់បង្អួតអ្នកលេងល្បែងស៊ីសងឱ្យងប់ និងឈ្លក់វង្វេងដកចិត្តពុំរួច ឬ យ៉ាងណា ?

ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ និងឡូតូ ព្រមទាំងយោគីផងនោះគឺជាល្បែងដែលមានប្រជាប្រិយភាពបំផុតនៅក្នុង ខែត្រកំពត។ វាគឺជា រោងចក្រផលិតចោរលួច ប្លន់ និងប្រើអំពើហិង្សាក្នុងគ្រួសារ។ ចាស់ខ្មែរពោលថា ចេះលេងចេះលួច។
វាំងននខ្មៅ ដែលគ្មានអ្នកស្រាយ ជំងឺគ្មានពេទ្យព្យាបាល មេកញ្ចែកំពុងតែស៊ីដំណាំប្រជាពលរដ្ឋក្នុងភូមិនេះ បើយើងប្រៀបធៀបទៅនឹងល្បែងស៊ីសងអេឡិចត្រូនិច គឺវាកំពុងបញ្ជាស៊ីលុយប្រជាជននៅ ស្រុកដងទង់ យ៉ាងត្រជាក់បំផុតព្រោះគ្មានការរំខានពីសំណាក់សមត្ថកិច្ច។
មីង ពូ អ៊ំ បងប្អូនខ្លះ មិនមានពេលធ្វើការ រីឯសិស្សសាលាមួយចំនួនមិនបានរៀនសូត្រគ្រប់គ្រាន់ដោយសារតែម្តាយឪពុកខ្លះរវល់ញៀនល្បែង។ ចំណាត់ការផ្សែងក្រូចគ្មានប្រសិទ្ធភាព។ អាជ្ញាធរមូលដ្ឋានសង្ងំបាត់ស្រមោលអស់ ភ្លេចបាត់ផែនការយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ភូមិ.ឃុំមានសុវត្ថិភាព។

បើទោះបីជាកន្លងមក រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល បានដាក់ចេញនូវបទបញ្ជាហាមឃាត់ សេចក្តីណែនាំ ប្រកាស និងស្រែកដាក់ម៉ៃក្រូហ្វូន ព្រមានឱ្យបិទល្បែងស៊ីសងទាំងនោះយ៉ាងណាក្តី ក៏ប៉ុន្តែសកម្មភាព នៃអបាយមុខទាំងនោះ នូវតែដំណើរការបានយ៉ាងរលូន។ ថ្នាក់ដឹកនាំនៅក្នុង ខែត្រកំពត នូវតែមិនទាន់បានដោះស្រាយចំពោះបញ្ហាល្បែងស៊ីសងនេះដដែល។
ស្នងការ ខែត្រកំពត លោក ម៉ៅ ចន្ទមធុរិទ្ធ អង្គភាពយើង ពុំអាចសុំបទសម្ភាសន៍បានទេ កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។ ប្រហែលជាលោកកំពុងតែឈឺក្បាលវិលមុខរឿងកូនចៅរបស់លោកដែលត្រូវបាន សាលាដំបូង រាជធានីភ្នំពេញ កាត់ទោសចំនួន៣២នាក់នោះក៏មិនដឹង។ យ៉ាងណាក៏ដោយអង្គភាពយើងមិនបានរំខានដល់រូបលោកនោះទេ បើទោះបីជាលោកឆ្លើយ ឬ មិនឆ្លើយ ក៏អង្គភាពយើងនូវតែសរសេរទៅតាមជីវៈសារព័ត៌មាន និងច្បាប់ស្ដីពី របបសារព័ត៌មាន។
រីឯម្ចាស់ស្រុកដែលមានកូនចៅជាអ្នកញៀនល្បែងគឺលោក កឹម បូណា វិញលោកចូលមើលសំណួរអ្នកកាសែតដែរ ក៏ប៉ុន្តែមិនបានឆ្លើយតបអ្វីសូម្បីតែ១ម៉ាត់នោះឡើយ។

កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ដដែលនោះលោក សេង សុគន្ធ បានចាត់ឱ្យ អធិការ ស្រុកដងទង់ ចូលមើលហើយដឹងថា អ្នកកាសែតលោកដាក់បិតខ្ទប់មិនឱ្យសួរលោកបានទៀតទេ តាមរយៈប្រព័ន្ធអេឡិចត្រូនិចតេឡេក្រាម។
កន្លងមកនៅក្នុង ស្រុកដងទង់ មេប៉ុស្តិ៍ ឃុំខ្ចាយខាងជើង ឈ្មោះ បូណា ធ្លាប់បានប្រាប់អង្គភាពយើងថា លោកមិនហ៊ានបង្ក្រាបល្បែងស៊ីសង់នៅក្នុងមូលដ្ឋាននោះទេពីព្រោះមេមិនបានបញ្ជា…។ លោកបានបន្តទៀតថា លោកធ្វើការតាមបទបញ្ជារបស់មេ…។
ម្ចាស់ដាក់មាន់ជល់អនឡាញម្នាក់នៅ ស្រុកដងទង់ ធ្លាប់ប្រាប់អង្គភាពយើងថា គាត់មិនខ្លាចអ្នកមកបង្រា្កប ឬចាប់ចងអ្វីទេព្រោះអ្នកមក យកលុយគាត់ប្រចាំខែគេបានអះអាងថា ជាប៉ូលិស ផ្នែកចាប់ចងនៅ ខែត្រកំពត។

ប្រជាពលរដ្ឋមួយចំនួនរស់នៅ ខែត្រកំពត បានដាក់ជាចម្ងល់គ្មានចម្លើយថា ល្បែងស៊ីសង ឬ អបាយមុខ នៅខែត្រផ្សេងគេបានអនុវត្តច្បាប់ច្រើនខែត្រហើយនៅឡើយតែ ខែត្រកំពត អាជ្ញាធរហាក់មិនអើពើអ្វីឡើយចំពោះបញ្ហានេះ ?
សូមបញ្ជាក់ថា ល្បែងស៊ីសងនៅ ខែត្រកំពត នេះជាដំបៅដែលជិតក្លាយទៅជា ជំងឺមហារីក ទៅហើយ នៅឡើយតែថ្នាក់ដឹកនាំនៅក្នុងខែត្រមិនទាន់រកថ្នាំព្យាបាលនៅឡើយ។ ជុំវិញករណីនេះ អង្គភាពយើងនូវតែរង់ចាំការបកស្រាយបំភ្លឺទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា៕

