ភ្នំពេញៈ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករមួយចំនួន បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅចែកជូនប្រជាពល រដ្ឋភៀសសឹក ស្ថិតនៅ ភូមិរង់ចាំ ចំនួន៣៣១៨គ្រួសារ។ ពិធីនេះប្រព្រឹត្តទៅមានការចូលរួមពី ឯកឧត្តម អ៊ំ រាត្រី អភិបាល ខែត្របន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្ដមបណ្ឌិត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចាត់ទុកថា អំណោយដែលបាននាំយកមកជូននាពេលនេះ គឺស្របតាមការណែនាំរបស់ រាជរដ្ឋាភិបាល ដែលតែងតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋនៅ ភូមិរង់ចាំ។ ការផ្តល់អំណោយនេះ ក៏បង្ហាញនូវស្មារតីសាមគ្គីភាពខ្មែរតែមួយ និងស្មារតីខ្មែរជួយខ្មែរដើ ម្បីចូលរួមចំណែកដោះស្រាយការលំបាករបស់ពលរដ្ឋភៀសសឹកមួយចំនួនដែលពុំទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបានដោយសារតែអំពើឈ្លានពានពីភាគីថៃប្រើប្រាស់កម្លាំងយោធាព័ទ្ធយកតំបន់១ចំនួនតាមព្រំដែនទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។
អគ្គនាយកគយ បានក្រើនរំលឹកឱ្យបងប្អូនពលរដ្ឋយកចិត្តទុកដាក់រក្សាអនាម័យថែទាំសុខភាព ហើយត្រូវមានភាពកក់ក្តៅក្នុងចិត្តថា រាជរដ្ឋាភិបាលនឹងបន្តស្វែងរកដំណោះស្រាយទាំងតាមផ្លូវការទូត និងការប្រើច្បាប់អន្តរជាតិ។ ទន្ទឹមនេះសប្បុរសជនទូទាំងប្រទេសនឹងនៅបន្តរួមសុខរួមទុក្ខជាប់ជានិច្ចដោយមិនបោះបង់បងប្អូនខ្មែរចោលឡើយ។

អំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារពលរដ្ឋស្នាក់នៅ ភូមិរង់ចាំ សរុបរួមមាន ក្រណាត់១២៧០ដុំ, សម្លៀកបំពាក់៦២២កាតុង, សាច់បង្កក៤,៥២តោន, អង្ករ១៦,៥៩តោន, មីកញ្ចប់៣៣១៨កេស និងកញ្ចប់ (Kits) ៣៣១៨ (១កញ្ចប់សម្រាប់ ១គ្រួសារ) ដោយក្នុង Kits នីមួយៗរួមមាន មុង១, ភួយ១, ត្រីខ៥កំប៉ុង, សាច់ក្រក១កញ្ចប់ (០,៥ គ.ក្រ), ឆៃប៉ូវ១កញ្ចប់ (០,៥ គ.ក្រ), ទឹកស៊ីអ៊ីវ២ដប, ទឹកត្រី២ដប, ស្ករស១គ.ក្រ, ទឹកដោះគោខាប់៥កំប៉ុង, ទឹកដោះគោស្រស់ម៉ាក Angkor Milk ១១០ml ២យួរ ស្មើ៨ប្រអប់, ទឹកក្រូច V-Cola 600ml ២ដប, ច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញ១ឈុត, សាប៊ូដុសខ្លួន១ដុំ, សាប៊ូម្សៅ៣៨០ក្រាម ១កញ្ចប់ និងនំ២ដុំ ព្រមទាំងថវិកាមួយចំនួន។

ចាប់តាំងពីពេលមានសង្គ្រាមឈ្លានពានពី សំណាក់កងទ័ពថៃ មកលើកម្ពុជាកន្លងមក សមាគមសង្គហមិត្តមន្ដ្រីរាជការ បាននាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនប្រគល់ជូន ពលរដ្ឋភៀសសឹកសរុបចំនួន៨លើក ស្មើនឹងចំនួន២០,៤៤៦គ្រួសារនៅក្នុងភូមិសាស្ត្រ ខែត្រសៀមរាប, បន្ទាយមានជ័យ, ពោធិ៍សាត់, កោះកុង, ព្រះវិហារ និងឧត្តរមានជ័យ។
គួរបញ្ជាក់ថា អំណោយតាមរយៈ សមាគម និងអ្នកស្ម័គ្រចិត្តផ្សេងទៀត និងព្រះចៅអធិការវត្តមួយចំនួន ដែលទទួលប្រជាពលរដ្ឋភៀសសឹក ជាពិសេស សមាគម ក៏បាននាំយកអំណោយជូន វីរកងទ័ព ទាំងគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងមធ្យោបាយធ្វើដំណើរផងដែរ។ សមាគម នឹងបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនពលរដ្ឋភៀសសឹកជាបន្តទៀតនាពេលខាងមុខ៕


