កណ្ដាលៈ នាយកដ្ឋានគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិតេជោ បានសហការជាមួយ នគរបាលអន្តោប្រវេសន៍ ចាប់បានកញ្ឆាក្រៀមជាច្រើនដុំ ព្រមទាំងថ្នាំឆ្កួតប្រភេទហេរ៉ូអ៊ីន មេតំហ្វេតាមីន ចំនួន៦ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ស្ថិតនៅ ស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ បើគិតចាប់ពីដើម ខែកញ្ញា ឆ្នាំ២០២៦។

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមគយបម្រើការនៅ អាកាសយានដ្ឋានអន្តរជាតិតេជោ បានឃាត់ខ្លួនជនសង្ស័យបរទេសចំនួន៣ នាក់ដែល ពួកគេត្រៀមចាកចេញពីកម្ពុជា ក៏ប៉ុន្តែអស់លក្ខណ៍ជាប់អន្ទាក់គយ។ ជនល្មើសបានប្រើវ៉ាលីសជាច្រើនគ្រឿងសម្រាប់ដាក់ថ្នាំញៀន ក្នុងនោះ មានកញ្ឆាក្រៀម ត្រូវបានគេរុំថង់ពណ៌ខ្មៅ ពណ៌លឿនបិទជិត រីឯគ្រឿងញៀនហេរ៉ូអ៊ីន និងមេតំហ្វេតាមីន វិញពួកគេរុំថង់ពណ៌លឿងប៉ុនក្រកាសអាកាត់បិទជិត។

ក្រុមគយ បានរកឃើញ រុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន១៤៦ដុំ ដែលមានទម្ងន់សុទ្ធសរុប៧៣,០១៧គីឡូ ក្រាម និងម្សៅក្រាមពណ៌ស ដែលគេសង្ស័យជាសារធាតុញៀន ប្រភេទហេរ៉ូអ៊ីន មានទម្ងន់សុទ្ធសរុប៦២១៩ក្រាម។

កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ គយបានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ត្រៀមចេញពីកម្ពុជា គឺបានរកឃើញនូវ សារធាតុសង្ស័យជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន១៩ដុំតូចមានទម្ងន់សុទ្ធសរុប១៨៦ក្រាម។

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គយបានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ត្រៀមចាកចេញពីកម្ពុជា បានរកឃើញរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន២៨ដុំមានទម្ងន់សុទ្ធសរុប២៧,៩៤០គីឡូក្រាមលាក់បង្កប់ក្នុងវ៉ាលីស សំលៀកបំពាក់។

កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧:២៥ នាទី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្អែកលើព័ត៌មានដែលផ្តល់ដោយប្រព័ន្ធវាយតម្លៃហានិភ័យអ្នកដំណើរតាមផ្លូវអាកាស (GTAS) និងរូបភាពសង្ស័យដែលទទួលបានពី ម៉ាស៊ីនស្កេន មន្ត្រីគយ ធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ត្រៀមចាកចេញពីកម្ពុជា បានរកឃើញ រុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆា ចំនួន៧១ដុំ មានទម្ងន់សុទ្ធសរុប៣៤,៥គីឡូក្រាម។

កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គយបានធ្វើការត្រួតពិនិត្យអ្នកដំណើរ ភេទប្រុសសញ្ជាតិម៉ាឡេស៊ីម្នាក់ ដែលធ្វើដំណើរចេញពីកម្ពុជាទៅ កោះតៃវ៉ាន់ បានរកឃើញ កញ្ចប់សារធាតុសង្ស័យជាសារធាតុញៀន ប្រភេទហេរ៉ូអ៊ីន ចំនួន៨១កញ្ចប់តូចដែលមានទម្ងន់សុទ្ធសរុប៥៧០ក្រាម ដែលបានលាក់ទុកក្នុងសម្ភារៈរបស់អ្នកដំណើរខាងលើ។

គួរបញ្ជាក់ថា ក្រុមការងារគយខាងលើ បានរៀបចំកំណត់ហេតុល្មើសច្បាប់គយ ប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធទៅ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រងថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់នៅ កម្ពុជា៕

You missed

error: Content is protected !!