ភ្នំពេញៈ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីគយ និងរដ្ឋាករមួយចំនួនបានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅចែកជូន កងពលធំអន្ដរាគមន៍លេខ២ នៅ ខែត្រសៀមរាប នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្ដមបណ្ឌិត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ វីរកងទ័ព ទាំងអស់។


អគ្គនាយកគយ ក៏បានថ្លែងនូវការគោរពដឹងគុណជូនដល់ វីរកងទ័ព ទាំងអស់របស់កម្ពុជាដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងសមរភូមិប្រយុទ្ធទល់នឹងបច្ចាមិត្តឈ្លានពានទឹកដីកម្ពុជាយ៉ាងកម្រោលទាំង២លើកពី សំណាក់យោធាថៃ និងការបន្តឈរជើងយ៉ាងអង់អាចក្លាហានប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចដើម្បី ការពារបូរណភាពទឹកដី និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ថ្វីត្បិតចាប់ពីការអនុវត្តបទឈប់បាញ់នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះនៅតាមព្រំដែនមានភាពស្ងប់ស្ងាត់។ ប៉ុន្តែវីរកងទ័ពកម្ពុជាក៏នៅតែបន្តឈរជើងប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចនៅតាមបណ្ដោយព្រំដែន។

ឯកឧត្តមបណ្ឌិត បន្ថែមទៀតថា ការនាំយកអំណោយពេលនេះ ក៏ដូចជាពេលកន្លងមកឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាល ព្រមទាំងស្មារតីគាំទ្រ និងការផ្សារភ្ជាប់រវាងសមរភូមិក្រោយ ជាមួយសមរភូមិមុខ ដើម្បីលើកទឹកចិត្តដល់ វីរកងទ័ពកម្ពុជា ទាំងអស់។

អំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភជូន កងពលធំអន្ដរាគមន៍លេខ២ រួមមាន អង្ករ៥តោន, ត្រីខកំប៉ុង១០០កេស, មីកញ្ចប់៥០០កេស, អាហារកំប៉ុង៥១៦កំប៉ុង, ទឹកសុទ្ធ (៥០០ml) ២០០កេស, ទឹកដោះគោខាប់៥០កេស, Milk Tea សម្រាប់ឆុង៥០កេស, ទឹកក្រូច V-Cola ១៣០កេស, កាហ្វេ 3 in 1 ២០កេស, ស្ករស៥០០គីឡូក្រាម, អំបិល៦៣០កញ្ចប់, សាច់បង្កក៣តោន, សាច់ក្រក៥០០គីឡូក្រាម, បារី៣០០កេស (20,130 សុង), Berocca ៧១៩ទីប, ថ្នាំបំបាត់ការឈឺចាប់៣៥ប្រអប់, ថ្នាំបាញ់មូស៦កេស, ម្ទេសក្រៀម១០កេស, Kit តូច (នំប្រៃ២កញ្ចប់+ទឹកដោះគោខាប់៤កំប៉ុង) ២០០ឈុត, គ្រែដែក២ជាន់ ១៣៨ឈុត, ក្រណាត់៦០ដុំ និងសម្លៀកបំពាក់៥០កេស ព្រមទាំងថវិកាមួយចំនួនទៀត។

បន្ថែមពីនេះ សមាគមគយ ក៏បាននាំយកអំណោយជូន ពលរដ្ឋភៀសសឹកចំនួន៨លើកស្មើនឹងចំនួន២០,៤៤៦គ្រួសារផងដែរ។ សមាគម នឹងបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូន វីរកងទ័ព និងពលរដ្ឋភៀសសឹកបន្ថែមទៀតនាពេលខាងមុខ។

គួរបញ្ជាក់ថា ចាប់តាំងពីពេលមានសង្គ្រាមឈ្លានពានពីសំណាក់ កងទ័ពថៃ មកលើកម្ពុជាកន្លងមក សមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តែងតែនាំយកអំណោយជា គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ មធ្យោបាយធ្វើដំណើរ និងថវិកាមួយចំនួន ប្រគល់ជូន វីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធ សម្រាប់ប្រើប្រាស់ក្នុងបុព្វហេតុការពារបូរណភាពទឹកដីសរុបចំនួន១២លើក។ កាលពី ខែកក្កដា កន្លងទៅ សមាគមគយ ក៏បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់ គ្រួសារយុទ្ធជនពលី, អ្នករងរបួសក្នុងសមរភូមិពេលសង្គ្រាមឈ្លានពានរបស់ កងទ័ពថៃកន្លងមក និងយុទ្ធជនកំពុងឈរជើងប្រចាំការនៅសមរភូមិមុខសរុប២៤១គ្រួសារស្ថិតនៅ ស្រុកកៀនស្វាយ ខែត្រកណ្ដាល៕

You missed

error: Content is protected !!