ដោយៈ បាយ៉ង់
ព្រះសីហនុៈ ផ្លូវលំមួយខ្សែប្រវែងប្រហែលជាងពីរគីឡូម៉ែត្រស្ថិតក្នុង ភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខែត្រព្រះសីហនុ ខូចខាតខ្ទេចខ្ទាំយ៉ាងដំណំដែលបានប្រែក្លាយទៅជា រណ្ដៅទឹកថ្លុក ភក់ជ្រាំ ដោយសារទម្ងន់រថយន្តលោកឈ្មួញដឹកឈើធន់ធ្ងន់ធំៗជញ្ជូនអនុផលព្រៃឈើទៅលក់ទាំងឡានៗ។ នេះបើយោងតាមការរៀបរាប់ឱ្យដឹងពីប្រជាពលរដ្ឋក្នុងតំបន់នោះ និងរូបភាពដែល បាយ៉ង់ថាមស៍ ទទួលបានកាលពីដើម ខែកញ្ញា ឆ្នាំ២០២៦។

ផ្លូវលំដែលរងនូវការខូចខាតខ្ទេចខ្ទាំខាងលើតភ្ជាប់ពី ផ្លូវក្រុមហ៊ុនចម្ការដូងប្រេង មកទល់ ស្ពានផ្លូវបេតុងតាមីន។ ផ្លូវលំនេះ វាមានសារ សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរចេញចូលឆ្លងកាត់ទៅកាន់ទីប្រជុំជន ឬទៅធ្វើការនៅចម្ការដូងប្រេង។


អភិបាល ស្រុកកំពង់សិលា លោក ឆាយ សុគន្ធដា មានប្រសាសន៍តាម ប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ថា ផ្លូវលំក្រួសក្រហមប្រវែងប្រមាណ២គីឡូម៉ែត្រដែលរងនូវការខូចខាតខ្ទេចខ្ទាំខាងលើកន្លងមក រដ្ឋបាលស្រុក បានចំណាយថវិកាធ្វើភ្ជាប់ទៅទីលានចាក់សំរាម។ នៅរដូវវស្សា វារងនូវការខូចខ្ទេចខ្ទាំអីចឹង ព្រោះរថយន្តចរាចរណ៍ចេញចូលច្រើននៅ រដូវប្រាំង រដ្ឋបាលស្រុក នឹងជួសជុលកែសម្រួលឱ្យបានល្អ លោកអភិបាលបន្ថែម។

លោកអភិបាលស្រុកបញ្ជាក់ទៀតថា កាលពីដើមខែវស្សាហ្នឹង អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានជួយថវិកាកែសម្រួលផ្លូវលំក្រួសក្រហមខ្លះផងដែរ។


តាមប្រព័ន្ធតេឡេក្រាម កាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក ផូង គា មេឃុំកំពង់សិលា បញ្ជាក់ថា ផ្លូវលំដែលរងការខ្ទេចខ្ទាំនោះលោកបានរាយការណ៍ជូន លោកអភិបាលស្រុករួចហើយ។ លោកសង្កត់ធ្ងន់ថា តាមគម្រោងផែនការផ្លូវហ្នឹងនឹងត្រូវជួសជុលឡើងវិញនៅរដូវប្រាំង។

គួររំលឹកផងដែរថា ជាទូទៅ ក្រសួងមហាផ្ទៃ តែងតែទម្លាក់កញ្ចប់ថវិកាជាតិរាប់រយលានរៀលទៅឱ្យឃុំសង្កាត់នីមួយៗទៅទូទាំងប្រទេសជារៀងរាល់ឆ្នាំដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ ផ្លូវថ្នល់ លូ ប្រឡាយ។ មកដល់ពេលនេះគ្រប់ ឃុំសង្កាត់ គួរតែមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធហើយរួចរាល់ស្ទើរអស់គ្មានសេសសល់ ចុះហេតុអ្វីនៅមានស្ថានភាពផ្លូវថ្នល់បែបហ្នឹងទៀត ?៕

You missed

error: Content is protected !!