ដោយៈ បាយ៉ង់
ព្រះសីហនុៈ ប្រជាពលរដ្ឋម្ចាស់ឆ្នោតអស់ជំនឿ ឬលែងមានទំនុកចិត្តលើ មន្ទីរបរិស្ថាន ខែត្រព្រះសីហនុ ដែលមិនគោរពគោលការណ៍នីតិវិធីច្បាប់ មិនគោរពស្មារតីអង្គប្រជុំនៅសាលា ខែត្រព្រះសីហនុ ព្រោះកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងចម្រុះដែលដឹកនាំដោយ មន្រ្តីមន្ទីរបរិស្ថានខែត្រ ចុះអនុវត្តច្បាប់ស្រេចតែទំនើងចិត្តគឺយកអំណាច និងបុណ្យសក្ដិតួនាទីទៅឈូសកម្ទេចផ្ទះពលរដ្ឋចោលដោយគ្មានសេចក្ដីជូនដំណឹងជាមុនអ្វីឡើយ។

ប្រជាពលរដ្ឋប្រមាណ១០០គ្រូសារ បានចូលកាន់កាប់ដីមួយកន្លែងស្ថិតនៅត្រង់ចំណុច តំបន់អូរតាអឺង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ចាប់តាំងពី ឆ្នាំ២០១៩ បន្តបន្ទាប់ដោយពុំមានការហាមឃាត់ ឬការណែនាំអ្វីពីសំណាក់អាជ្ញាធរដែនដីឡើយ។

កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាល ខែត្រព្រះសីហនុ បានអញ្ជើញប្រជាពលរដ្ឋទាំងនោះ ទៅប្រជុំដើម្បីរកដំណោះស្រាយបញ្ហាចូលកាន់កាប់ដីរដ្ឋ ដែលមានអ្នកចូលរួមពីគ្រប់ភាគីគឺ មន្រ្តីតំណាង មន្ទីរបរិស្ថាន តំណាងក្រុមហ៊ុនអានកូ អាជ្ញាធរមូលដ្ឋាន សង្កាត់លេខ១ ប្រជាពលរដ្ឋ និងរដ្ឋបាល ខែត្រព្រះសីហនុ។ កិច្ចប្រជុំនោះបានព្រមព្រៀងគ្នាថា ឱ្យភាគីទាំងអស់រក្សាភាពស្ងៀមស្ងាត់មិនត្រូវធ្វើសកម្មភាពអ្វីទាំងអស់ មិនត្រូវមានការសាងសង់ ឬឈូសឆាយអ្វីទេគឺរក្សាទុកទម្រង់ដើម។

ស្រាប់តែនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃសែនក្បាលទឹកប្រពៃណីចិន កម្លាំងចម្រុះដឹកនាំដោយលោក ញឹម សុវណ្ណារិទ្ធ មន្រ្តីនៃមន្ទីរបរិស្ថាន ខែត្រព្រះសីហនុ ដែលមានគ្រឿងចក្រចំនួនបីគ្រឿងពី ក្រុមហ៊ុនអានកូ មានក្រុមកាងការពារមួយក្រុមថែមទៀតប្រដាប់ដោយដាវ និងកាំបិតបានទៅវាយកម្ទេចផ្ទះប្រជាពលរដ្ឋខ្ទេចហ្មត់ព្រមទាំងចាប់យកមាន់ទារបស់ពួកគាត់ដូចចោរប្លន់ទាំងថ្ងៃអីចឹង។

សកម្មភាពវាយកម្ទេចផ្ទះប្រជាពលរដ្ឋនេះធ្វើឡើងដោយគ្មានការជូនដំណឹងដល់ពលរដ្ឋជាមុនអ្វីទាំងអស់។ ការអនុវត្តច្បាប់បែបហ្នឹង តើគេហៅថា ជាសកម្មភាពអ្វីដែរ ?

ក្រោយពីទទួលបាន សេចក្ដីរាយការណ៍ពី ប្រជាពលរដ្ឋ និងការចុះសម្ភាសន៍ប្រជាពលរដ្ឋកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ព្រមទាំងការសួរនាំភាគីពាក់ព័ន្ធពីសំណាក់ ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ប្រធានមន្ទីរបរិស្ថានស្ដីទី ខែត្រព្រះសីហនុ មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាមថា « បងខ្ញុំជាប់ប្រជុំនៅ ភ្នំពេញ » ហើយលោកក៏អះអាងកាងការពារថែមថា មន្រ្តីរបស់ខ្លួនមិនបានធ្វើបែបហ្នឹងអីចឹងទេ។

ដោយឡែក តំណាងក្រុមហ៊ុនអានកូ វិញមិនបានឆ្លើយតបអ្វីសោះ ក៏ប៉ុន្តែលោកបានផ្ដល់សេចក្ដីប្រកាសព័ត៌មានរបស់ មន្ទីរបរិស្ថាន ខែត្រព្រះសីហនុ ដែលបានចេញកាលនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរថា ប្រជាពលរដ្ឋខាងលើបានចូលទន្រ្ទានដីរដ្ឋកាន់កាប់ធ្វើជាកម្មសិទ្ធិខុសច្បាប់ដែលដីនោះជា តំបន់ប្រើប្រាស់ច្រើនយ៉ាងគ្រប់គ្រងដោយ មន្ទីរបរិស្ថាន ខែត្រព្រះសីហនុ។

ចុះបើដឹងថា ពួកគាត់ប្រជាពលរដ្ឋ ចូលកាន់កាប់ដីខុសច្បាប់ ម្ដេចគេមិនហាមឃាត់ពួកគាត់ភ្លាមៗ ? ហេតុដូចម្ដេចបានជាបណ្ដោយឱ្យពួកគាត់ចូលកាន់កាប់រាប់ឆ្នាំទៅហើយទើបមកកម្ទេចផ្ទះសម្បែងពួកគាត់អីចឹង ? ឬមួយក៏មានអ្វីនៅពីក្រោយ ?

ពលរដ្ឋក្រក្រី ដែលរងគ្រោះដោយសារគេកម្ទេចផ្ទះបានឱ្យដឹងថា ដីនោះមិនស្ថិតក្នុងតំបន់វិនិយោគរបស់ ក្រុមហ៊ុនអានកូ ទេចុះហេតុអ្វី ក្រុមហ៊ុន មកលូកដៃចូលរួមវាយកម្ទេចផ្ទះសម្បែង ចាប់មាន់ទារបស់ពួកគាត់ ? ពលរដ្ឋបន្តថា បើរដ្ឋចង់ដកហូតយកដីហ្នឹងដើម្បីអភិវឌ្ឍន៍ពួកគាត់ក៏មិនជំទាស់អ្វីទេ ប៉ុន្តែខ្លាចតែថ្ងៃក្រោយដេញពលរដ្ឋចេញអស់ហើយដីនោះក្លាយទៅជា ដីចម្ការទុរេន ឬ គេហែកចែកគ្នាស៊ី។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលា ខែត្រព្រះសីហនុ ពុំអាចសុំសេចក្ដីអធិប្បាយបានទេជុំវិញបញ្ហាខាងលើនេះ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ មុនពេលការចេញផ្សាយ នៃសារព័ត៌មាន បាយ៉ង់ថាមស៍។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលចូលទៅកាន់កាប់ដីរដ្ឋខាងលើភាគីច្រើនពួកគាត់គ្មានទីជម្រក រស់នៅផ្ទះជួល បានជានាំគ្នាចូលកាន់កាប់ដីរដ្ឋក្នុងមួយគ្រួសារក្បាលដី៥ម៉ែត្រគ្រាន់សាងសង់ផ្ទះសម្បែងជាលំនៅដ្ឋានរស់នៅប៉ុណ្ណោះ នេះបើយោងតាមការលើកឡើងរបស់ពួកគាត់៕

You missed

error: Content is protected !!