ដោយៈ បាយ៉ង់
ព្រះសីហនុៈ អភិបាល ស្រុកកំពង់សិលា លោក ឆាយ សុគន្ធដា ក្នុងនាមជា ប្រធានគណៈបញ្ជាការឯកភាពស្រុក បានបញ្ជាឱ្យក្រុមការងារ និងមន្ត្រីឧទ្យានុរក្ស ចុះទៅពិនិត្យជាក់ស្ដែង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ រឿងឡានដឹកអុសខូងផ្លូវក្រួសក្រហមថា តើការកាប់ឈើធ្វើអុសដឹកជញ្ជូនទាំងថ្ងៃយប់យ៉ាងគគ្រឹកគគ្រេងបែបហ្នឹងវាចេញពីចម្ការឯកជន ? ឬចេញពីដែនឧទ្យានជាតិ ខណៈការទប់ស្កាត់ ឬការបង្ក្រាបដើម្បីការពារធនធានធម្មជាតិព្រៃឈើ នៅមានការខ្វះចន្លោះពីសំណាក់មន្រ្តីជំនាញ។
ការកាប់បំផ្លាញឈើដើម្បីធ្វើអុសការទុកដាក់នៅលើចិញ្ចើមផ្លូវសងខាងផ្លូវ និងការដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងខូងផ្លូវដោយចំហហេតុអ្វីឧទ្យានុរក្សមើលមិនឃើញមិនដឹង ? ឬអាជីវកម្មមួយនេះគេមានច្បាប់អនុញ្ញាតត្រឹមត្រូវហើយ ?

ទំនងជាមានការភ្ញាក់ផ្អើលក្នុងអារម្មណ៍លោក ផូង គា មេឃុំកំពង់សិលា មានប្រសាសន៍ថា លោកបានឱ្យ មេភូមិ និងមេប៉ុស្តិ៍ ទៅស្រាវជ្រាវរកគំនរឈើ និងអុសឃើញហើយគឺ នៅក្នុងព្រៃ ហួសផ្លូវល្បឿងលឿនបត់ឆ្វេងចូលទៅខាងក្នុង។ បន្ទាប់ពីរកកន្លែងស្ដុកអុសឃើញ ខាងក្រុមការងារសាលាស្រុក និងបរិស្ថាន ក៏បានចុះទៅត្រួតពិនិត្យផ្ទាល់តែម្ដង។
លោកមេឃុំពុំបានបញ្ជាក់ថា អ្នកធ្វើអាជីវកម្មនោះគឺគេកាប់ឈើនៅក្បាលដីចម្ការរបស់ខ្លួនគេដែរឬទេ ? បើការធ្វើអាជីវកម្មនោះពុំមានច្បាប់ទម្លាប់អ្វីទេ និងពេលនេះរដ្ឋបាលស្រុកកំពុងតែមានចំណាត់ការ។

ប្រជាពលរដ្ឋ ដែលបានរាយការណ៍មកអង្គភាព « បាយ៉ង់ថាមស៍ » លើកឡើងថា ការកាប់ឈើធ្វើអុសនេះមិនចាំបាច់ទៅរកកន្លែងស្ដុកអុសឬឈើនោះទេ ចាំចាប់តែឡានដឹកអុសបើកតាមផ្លូវកាត់ភូមិ កាត់សាលាឃុំរាល់ថ្ងៃទៅ រកឃើញកន្លែងស្តុកអុសជាពុំខាន។ ពលរដ្ឋមិនចង់ឃើញអាជ្ញាធរមានសមត្ថកិច្ចចុះរុករកកន្លែងស្ដុកអុស ឬឈើនោះទេ។ ពលរដ្ឋចង់ឃើញអាជ្ញាធរមានចំណាត់ការចាប់ឡានដឹកឈើ ឬដឹកអុសទាំងនោះទៅអនុវត្តច្បាប់។
ប្រធានរដ្ឋបាលព្រៃឈើ និងស្នាក់ការបរិស្ថានប្រចាំ ស្រុកកំពង់សិលា ពុំអាចទំនាក់ទំនងសុំការបំភ្លឺបានទេ កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ជុំវិញការដឹកជញ្ជូនអនុផលព្រៃឈើទាំងនេះ។
គួរបញ្ជាក់ថា ការដឹកជញ្ជូន អនុផលព្រៃឈើ មិនមែនគេដាក់ក្នុងហោប៉ៅអាវ ឬហោប៉ៅខោនោះទេ ចុះហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានមាន
សមត្ថកិច្ច និងមន្រ្តីជំនាញមើលមិនឃើញ ហើយពុំមានចំណាត់ការបង្រ្កាបអីចឹង ? តើវាមានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងនេះ ?៕

