កែបៈ ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខែត្រកែប កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុក្នុងគ្រួសារយ៉ាងធ្ងន់ធ្ងរដោយសារការលង់ខ្លួនក្នុងបំណុលវ័ណ្តកជាមួយ ក្រុមហ៊ុនបញ្ចាំ និងអ្នកផ្តល់កម្ចីក្រៅប្រព័ន្ធ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុវាផ្ទុយនឹងច្បាប់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ផលប៉ះពាល់នៅក្នុង ឃុំអង្កោល ប្រជាពលរដ្ឋភាគច្រើនដែលប្រកប មុខរបរនេសាទ និងធ្វើស្រែអំបិល បានជួបប្រទះបញ្ហាប្រឈមនៃទិន្នផលថយចុះ និងកត្តាអាកាសធាតុមិនអំណោយផល។ រីឯដីស្រែអំបិល មួយចំនួនត្រូវបានគេប្តូរប្រភេទដី គឺពីដីប្រភេទកសិកម្មទៅជា ដីលំនៅដ្ឋានវិញដោយមានការលំបាកដើម្បីដោះស្រាយជីវភាពជួបនូវបញ្ហាចំពោះមុខ និងយកដើមទុនបន្ដិចបន្តួចទៅបន្តមុខរបររបស់ពួកគាត់មួយចំនួនធំបានសម្រេចចិត្តយកប្លង់ដី ឬទ្រព្យសម្បត្តិផ្សេងៗទៅបញ្ចាំជាមួយ ក្រុមហ៊ុនបញ្ចាំក្នុងស្រុក និងអ្នកចងការប្រាក់ផ្ទាល់ខ្លួន ជាមួយការប្រាក់ខ្ពស់ពី៥ភាគរយទៅ១០ភាគរយក្នុងមួយខែ។

ការបង់ការប្រាក់វ័ណ្តកនេះ បានធ្វើឲ្យអ្នកភូមិមួយចំនួនឈានដល់ការលក់ដីធ្លី ឬ ជម្លៀសខ្លួនចាកចោលភូមិឋាន។ តើកម្ចីដែលមានការប្រាក់ខ្ពស់ ឬអាចនិយាយបានដើមជិតស្មើការប្រាក់នេះ ពលរដ្ឋ បានយល់ដឹងដែរ ឬទេ ?
ចំណែកឯ ឃុំពងទឹក វិញប្រជាកសិករ អាស្រ័យផលលើការធ្វើស្រែ និងចម្ការ ក៏កំពុងតែរងគ្រោះមិនចាញ់គ្នាដែរនោះទេ គឺកើតចេញពីការ
ចាញ់បោកពាក្យឃោសនាកម្ចីងាយៗមិនបាច់មានទ្រព្យធានាតាមរយៈ ក្រុមហ៊ុនបញ្ចាំ មិនផ្លូវការ និងកម្ចីអនឡាញ។ នៅពេលមិនមានលទ្ធភាពសងតាមការកំណត់ ក្រុមអ្នកផ្តល់កម្ចីបានប្រើប្រាស់វិធានការផ្សេងៗដើម្បីឱ្យអតិថិជនខ្ចីបុលពីកន្លែងមួយទៀតមកសងកន្លែងចាស់ (បំណុលជាន់បំណុល) គឺបំណុលវ័ណ្តក។

បញ្ហាកម្ចីក្រៅប្រព័ន្ធនេះមិនត្រឹមតែបង្កើតជាបន្ទុកហិរញ្ញវត្ថុប៉ុណ្ណោះទេ។ ក៏ប៉ុន្តែវាបានបណ្តាលឱ្យកើតមានវិបត្តិផ្លូវចិត្ត ការបែកបាក់គ្រួសារ
និងការកើនឡើងនៃអសន្តិសុខក្នុងសហគមន៍ដោយសារតែពលរដ្ឋខ្លះអាចខ្ចីបុលជាន់គ្នាពី៣ទៅ៤ស្ថាប័នឯណោះដែលចាស់ៗតែងនិយាយ
ថា « កាប់ភ្លឺស្រែ ទន់ភ្លឺស្រែ »។
ទាក់ទងនឹងបំណុលវ័ណ្ដករបស់ពលរដ្ឋដោយសារ ក្រុមហ៊ុនហាងបញ្ចាំ និងក្រុមសហគ្រាសផ្តល់កម្ចីក្រៅប្រព័ន្ធ អ្នកនាំពាក្យសាលា ខែត្រ
កែប លោក ប៊ុន យោង បានប្រាប់អង្គភាពយើងថា ករណីនេះខ្ញុំ និងពិនិត្យជាមួយមន្ទីរជំនាញពាក់ព័ន្ធសិន…! ហើយលោកក៏ឆ្លៀតឱកាសសុំឱ្យអ្នកកាសែតផ្ញើអាជ្ញាប័ណ្ណសារព័ត៌មានជូនគាត់មួយច្បាប់ផង។ ប្រហែលជាលោកខ្លាច អ្នកសារព័ត៌មានជ័រ សម្ភាសលោកហើយមើលទៅ ឬក៏លោកធ្លាប់បានផ្តល់បទសម្ភាសឱ្យអ្នកកាសែតជ័រក៏មិនដឹង…។

ចំណែកលោក ឆឹង ថៀវ មេភូមិអំពេង ជាភូមិមួយដែលមានពលរដ្ឋខ្ចីបុលជាន់គ្នាច្រើនស្ថាប័ននេះ មិនបានឆ្លើយតបនឹងសំណួរអ្នកកាសែតទេរហូតមកដល់ម៉ោងការផ្សាយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
មន្ត្រីរាជការមួយរូបសុំមិនបញ្ចេញអត្តសញ្ញាណបានប្រាប់ អង្គភាពយើង ថា មូលដ្ឋានរបស់លោករស់នៅផ្ទាល់ប៉ះពាល់សេដ្ឋកិច្ចខ្លាំងណាស់គឺដោយសារតែពួកកម្ចីក្រៅប្រព័ន្ធទាំងនោះ។ បុគ្គលិកអ្នកផ្តល់កម្ចីតាមភូមិម្នាក់ខ្សិបប្រាប់អង្គភាពយើងថា មានអតិថិជនខ្លះខ្ចីជាន់គ្នាពីពីរទៅបីស្ថាប័នឯណោះ…។

ប្រជាពលរដ្ឋ ភូមិអំពេង ម្នាក់បានត្អូញត្អែរការប្រាក់ថ្លៃ ក៏ប៉ុន្តែដើម្បីដោះទាល់គាត់ត្រូវតែបង្ខំចិត្តយកវា…។ គាត់បន្តថា ១៥០,០០០០រៀល (មួយលានហាសិបម៉ឺនរៀល) ដកថ្លៃរដ្ឋបាល៧ម៉ឺនរៀល បូកទាំងការប្រាក់២៤ថ្ងៃ គណនាទៅឃើញការប្រាក់១០០០០រៀលក្នុងមួយថ្ងៃ។ លោកស្រីបន្ថែមទៀតថា « ការប្រាក់ថ្លៃណាស់បងអើយ…»។
ប្រជានេសាទម្នាក់ បានធ្វើការសំណូមពរទៅ រាជរដ្ឋាភិបាល ថា បើបង្កើតឱ្យមានកម្ចីហើយកុំយកការប្រាក់ច្រើនពេក…។ លោកបន្តថា គ្រួសារលោកពេលខ្ចីលុយនោះម្តងៗមិនហ៊ានចាយវាយទេគឺសន្សំពី នេសាទទុកមិនចង់រួចថ្លៃបង់១ថ្ងៃផង ក៏ប៉ុន្តែដោយសារលោកពិបាកខ្ចីធនាគារ ពីព្រោះការអនុម័តកម្ចីមានការតឹងរឹងពេក។

ទាក់ទងរឿងនេះដែរលោក ណន ចឹកឃុយ ប្រធានផ្នែកក្រុមហ៊ុនហាងបញ្ចាំ និងប្រាតិភោគ RPRU KSP ស្ថិតនៅ ស្រុកដំណាក់ចង្អើរ ខែត្រកែប បានជំរុញឱ្យ អង្គភាពយើង ទៅសួរនាំនៅ រដ្ឋបាលសាលា ខែត្រកែប ទៅ…។ លោកបញ្ជាក់ខ្លីថា ឯកសារពាក់ព័ន្ធ ក្រុមហ៊ុន បានដាក់ចូលសាលាខែត្ររួចហើយ។
គួរបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន ដែលតែងតែបានគិតគូរពីសុខទុក្ខពលរដ្ឋ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានអំពាវនាវឱ្យស្ថា ប័នពាក់ព័ន្ធ និងសមត្ថកិច្ចចុះត្រួតពិនិត្យភាពស្របច្បាប់ នៃក្រុមហ៊ុនបញ្ចាំទាំងនោះ ព្រមទាំងចាត់វិធានការលើអ្នកចងការប្រាក់ខុសច្បាប់។ ទន្ទឹមនឹងនេះដែរពួកគាត់ក៏បានណែនាំឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកសេវាហិរញ្ញវត្ថុផ្លូវការ ដែលបានទទួលស្គាល់ពី ធនា គារជាតិ នៃកម្ពុជាដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុង « អន្ទាក់បំណុល » ដែលមិនអាចដោះស្រាយបាន៕

