ភ្នំពេញៈ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសជាផ្លូវការស្ដីពី ការអនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះមន្ត្រីនគរបាលជាតិ ចំនួន៦រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរូបភាព « ព្រមានលើកទី១ » មូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ លិខិត២ទំព័រ នៃការដាក់ទណ្ឌកម្មនេះមាន លេខ៩២០៥ប្រក ចុះហត្ថលេខាដោយ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

ក្រសួងមហាផ្ទៃ បានសម្រេច ក្នុងប្រការ១ ថា ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះមន្ត្រីនគរបាលចំនួន៦រូប នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍តាមរូបភាព ព្រមានលើកទី១ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា ដូចដែលមានឈ្មោះខាងក្រោមៈ

ទី១. វរសេនីយ៍ឯក (សក្ដិ៥) ស៊ិន សុខវិបុល អត្តលេខ ៥៤០១០ នាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៃនាយកដ្ឋានច្រកទ្វារទី១។

ទី២. វរសេនីយ៍ទោ (សក្ដិ៤កន្លះ) វែង សុខមុនីសាក់ អត្តលេខ ៥៨៥៤៥ នាយរងការិយាល័យអធិការកិច្ចពលករបរទេសទី២ នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ដ ជាអ្នកវិនិយោគឯកជន។

ទី៣. វរសេនីយ៍ទោ (សក្ដិ៤កន្លះ) សុខ ធារ៉ា អត្តលេខ ៨២៦៤៨ នាយរងការិយាល័យបណ្ដាញបច្ចេកវិទ្យា នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍។

ទី៤. វរសេនីយ៍ត្រី (សក្ដិ៤) ហ៊ាន លាងហេង អត្តលេខ ៧២០៩៦ នាយរងការិយាល័យគ្រប់គ្រងជនភៀសខ្លួន នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ដ និងជនភៀសខ្លួន។

ទី៥. អនុសេនីយ៍ឯក (សក្ដិ៣) សេង ស៊ាងលី អត្តលេខ ៩០០៥៩ មន្ត្រីប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នៃនាយកដ្ឋានច្រកទ្វារទី២។

ទី៦. អនុសេនីយ៍ត្រី (សក្ដិ១) ធុក ច័ន្ទដារ៉ូ អត្តលេខ ៩៦០៤២ មន្ត្រីប៉ុស្ដិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ នៃនាយកដ្ឋានច្រកទ្វារទី១។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នាពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ អនុវត្តទណ្ឌកម្មខាងវិន័យចំពោះ វរសេនីយ៍ត្រី (សក្ដិ៤) ស៊ិន រ៉ាយូ អត្តលេខ ៨១៧៦៩ នាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នៃនាយកដ្ឋានច្រកទ្វារទី២ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍តាមរូបភាព ដកហូតមុខតំណែង ឋានន្តរសក្ដិ និងបណ្ដេញចេញពី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ លោក ស៊ិន រ៉ាយូ បានបើកបររថយន្តទាំងស្រវឹងទៅបុករថយន្ត និងម៉ូតូនាពេលយប់កន្លងទៅថ្មីៗនេះ។ ដូច្នេះប៉ូលិសអន្តោប្រវេសន៍ ភ្នំដិន មានរឿងអាស្រូវចំនួនពីរនាក់គឺ ម្នាក់បណ្ដេញពី ក្របខ័ណ្ឌ និងម្នាក់ទៀត ជាប់ទណ្ឌកម្ម ដែលល្មើសវិន័យនគរបាល៕

You missed

error: Content is protected !!