កំពតៈ គម្រោងស្ថាបនាផ្លូវបេតុងអាមេមួយខ្សែកំពុងដំណើរការយ៉ាងសកម្មដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមានភាពសប្បាយរីក
រាយយ៉ាងខ្លាំង ពីព្រោះវានឹងជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ពួកគាត់ស្ថិតនៅ ភូមិឈ្លីត ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខែត្រកំពត។

ទោះជាយ៉ាងណាក៏ដោយទន្ទឹមនឹងក្តីត្រេកអរនេះ ក៏មានមតិរិះគន់ និងសាកសួរជាច្រើនពីសំណាក់មជ្ឈដ្ឋានជុំវិញ បច្ចេកទេសមួយចំនួន
ទាក់ទិននឹងស្ដង់ដារនៃដំណើរការសាងសង់ ដែលហាក់មិនត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសនៃការសាងសង់។

ជាក់ស្តែងពីការដ្ឋានសំណង់ សង្កេតឃើញថា ដែកសរសៃសម្រាប់ទម្រ និងពង្រឹងបេតុង ត្រូវបានគេដាក់ក្រាលផ្ទាល់ទៅលើដីដោយគ្មាន
ការប្រើប្រាស់ដុំថ្មកល់ដើម្បីលើកដែកឱ្យខ្ពស់ពីដីនោះទេ។ តាមបច្ចេកទេស ការធ្វើបែបនេះ នឹងធ្វើឱ្យដែកស្ថិតនៅផ្នែកខាងក្រោមបង្អស់
នៃសន្លឹកបេតុង ដែលអាចបណ្តាលឱ្យដែកឆាប់ច្រេះដោយសារសំណើមដី និងមិនអាចបំពេញតួនាទីពង្រឹងកម្លាំងទប់ទល់របស់បេតុងបាន
ពេញលេញឡើយ។ ការត្រៀមលក្ខណៈមុនពេលចាក់បេតុងនៅលើផ្ទៃដីដែលត្រូវចាក់បេតុងឃើញមានបំណែកថ្ម និងដីមិនស្មើគ្នាហើយ
ហាក់មិនទាន់បានស្រោចទឹកឱ្យជោកដើម្បីការពារដីស្រូបយកទឹកពីសាច់បេតុងដែលអាចធ្វើឱ្យបេតុងប្រេះស្រាំនៅពេលស្ងួត។

នាយកទីចាត់ការសាលា ខែត្រកំពត លោក ថឹង មិនា និងលោក កែម សារឹម ប្រធានគណៈកម្មការលទ្ធកម្មសាលា ស្រុកដងទង់ អង្គភាព
សារព័ត៌មានយើងពុំអាចសុំការពន្យល់បានទេជុំវិញករណីបច្ចេកទេស និងការចំណាយថវិកាជាតិក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់។

មេឃុំខ្ជាយខាងត្បូង លោក ទិត្យ សារ៉ន មេឃុំដែលល្បីរឿងស៊ីញេក្តាប់លុយនោះក៏គាត់មិនបានឆ្លើយជាមួយអ្នកកាសែតដែរ។ ដោយអ្នក
កាសែតសួរគាត់ថា តើផ្លូវ១ខ្សែនេះមានប្រវែងទទឹងប៉ុន្មានម៉ែត្រ ? បណ្តោយប៉ុន្មានម៉ែត្រ ? ហើយចំណាយថវិកាមូលនិធិឃុំអស់ប៉ុន្មាន ? តើក្រុមហ៊ុនឈ្មោះអី្វជាអ្នកទទួលការសាងសង់ ?

អ្នកបច្ចេកទេសផ្នែកបេតុងម្នាក់ បានប្រាប់អង្គភាពយើងថា បើចង់ដឹងគុណភាពបេតុង គឺខ្ចីម៉ាស៊ីនតេស សង្កត់មើលទៅដឹងហើយ។ លោក
បន្តទៀតថា គេវាស់កម្លាំងញ៉ូតុនរបស់វា។ វិស្វករសំណង់ស៊ីវិលម្នាក់បានពន្យល់ថា ចង់ដឹងរឿងច្បាស់ទាល់តែមើលឯកសារកិច្ចសន្យារវាង
ក្រុមហ៊ុន និងរដ្ឋបាលឃុំ សិនទើបដឹង…។

ប្រជាពលរដ្ឋសំណូមពរទៅ អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុនទទួលការសាងសង់នឹងពិនិត្យ និងកែលម្អចំណុចខ្វះខាតទាំងនេះ ដើម្បីធានាថា
ផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែងសមស្របនឹងថវិកាជាតិដែលបានចំណាយ។ ជាពិសេសសូមឱ្យ ក្រសួងមហា
ផ្ទៃ មានការត្រួតពិនិត្យពីវឌ្ឍនភាពនៃការចំណាយថវិកាឃុំសង្កាត់ឱ្យបានល្អិតល្អន់ផង។

សូមបញ្ជាក់ថា ថ្មីៗនេះ ខែត្រកំពង់ឆ្នាំង កំពុងតែល្បីល្បាញរឿងបង្កោលភ្លើងសឡា១ដើមមានតម្លៃជាង២០០០ដុល្លារ។ ចុះលូបែកក្បាល
របស់ ឃុំខ្ជាយខាងត្បូង នេះ១កង់មានតម្លៃប៉ុន្មានដុល្លារដែរ ?៕

You missed

error: Content is protected !!