ភ្នំពេញៈ ផេកហ្វេសប៊ុកផ្លូវការរបស់លោក ផែង វណ្ណៈ ( Pheng Vannak ) បានបង្ហាញបង្កាន់ដៃផ្ញើលុយពី ធនាគារអេប៊ីអេ ចំនួន ១៧បង្កាន់ដៃដែលស្មើទឹកប្រាក់ប្រមាណជាង១៥ម៉ឺនដុល្លារអាម៉េរិក ឱ្យទៅមន្ត្រីនគរបាល ខែត្រព្រៃវែង ដែលទំនងជាការដោះដូរគ្នាមិនឱ្យប៉ូលិសទៅរំខានធ្វើទុក្ខម្នេញក្រុមហ៊ុនរកស៊ីរបស់ឧកញ៉ា ជឹម សុខ នាំគោក្របីលក់ឱ្យវៀតណាមតាមច្រករបៀងនៅតំបន់ស្វាយអាង៉ោង ស្រុកកំពង់ត្របែក។ ការទម្លាយ ឬបញ្ចេញឯកសារនូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះតាមរយៈបណ្ដាញសង្គម កាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។
លោកឧកញ៉ា ជឹម សុខ អ្នករកស៊ីនាំគោក្របីទៅលក់ឱ្យវៀតណាម មានជម្លោះជាមួយ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខែត្រព្រៃវែង និងលោក ឡេង ពៅ ស្នងការរង នោះគឺត្រូវបានលោក ផែង វណ្ណៈ លាតត្រដាងនូវភស្ដុតាងឯកសារជាសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ លោក ជឹម រតនៈ នាកយក្រុមហ៊ុន រតនៈ សឹង្ហ ត្រូវជាកូនប្រុសបង្កើតរបស់លោកឧកញ៉ា ជឹម សុខ បានផ្ញើលុតាមរយៈធនាគារអេប៊ីអេ (ABA) ចំនួន១៧បង្កាន់ដៃស្មើនឹងទឹកប្រាក់ជាង១៥ម៉ឺនដុល្លារទៅឱ្យបុគ្គលឈ្មោះ សាន វាសនា ( San Veasan ) ដែលគេស្គាល់ថា គាត់ជាទីប្រឹក្សា ស្នងការនគរបាល ខែត្រព្រៃវែង។

បង្កាន់ដៃផ្ញើប្រាក់ និងទទួលប្រាក់សរុបចំនួន១៧បង្កាន់ដៃនោះមាន ជាប្រាក់ដុល្លារ និងប្រាក់រៀល ដែលមានទំហំទឹកប្រាក់ផ្សេងៗគ្នា។ បង្កាន់ដៃទឹកប្រាក់១ម៉ឺនដុល្លារមានចំនួន៩។ បង្កាន់ដៃទឹកប្រាក់ជាង៤០លានរៀលមានចំនួន៤។ បង្កាន់ដៃទឹកប្រាក់ជាង២៤លានរៀលមានចំនួន១។ បង្កាន់ដៃទឹកប្រាក់៧,០០០ (ប្រាំពីរពាន់) ដុល្លារមានចំនួន១។ បង្កាន់ដៃទឹកប្រាក់៤,០០០ (បួនពាន់) ដុល្លារមានចំនួន១ និងបង្កាន់ដៃទឹកប្រាក់ជាង១២លានរៀលមានចំនួន១បង្កាន់ដៃ។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ផែង វណ្ណៈ បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់គាត់ថា លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខែត្រព្រៃវែង និងលោក ឡេង ពៅ ស្នងការរងទទួលបន្ទុកសេនាធិការ រងនូវការចោទប្រកាន់ថា បានធ្វើទុក្ខបុកម្នេញលើ ពាណិជ្ជករម្នាក់ ដែលរកស៊ីត្រឹមត្រូវតាមច្បាប់ និងបានតម្រូវឱ្យពាណិជ្ជកររកស៊ីត្រូវបង់លុយប្រចាំខែជូន ស្នងការ ក្នុងមួយខែចំនួន១ម៉ឺនដុល្លារ។

ប្រភពដដែលបន្តទៀតថា « ឧកញ៉ា ជឹម សុខ ដែលគេស្គាល់ថា ប្រធានសភាពាណិជ្ជកម្ម ខែត្រព្រៃវែង ដែលមានមុខជំនួញនាំគោក្របីទៅលក់នៅ វៀតណាម បានត្អូញត្អែរថា ក្រុមហ៊ុនគាត់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីស្ថាប័នជំនាញ និងអាជ្ញាធរខែត្រត្រឹមត្រូវ និងបានបំពេញកាតព្វកិច្ចបង់ពន្ធគយត្រឹមត្រូវទាំងអស់ តែបែរជាត្រូវធ្វើទុក្ខបុកម្នេញពី លោកស្នងការខែត្រ ជាបន្តបន្ទាប់។ ដោយអត់ទ្រាំនឹងការតាមរំខានមុខជំនួញស្របច្បាប់របស់គាត់ពីសំណាក់ លោកស្នងការ ខែត្រព្រៃវែង ពុំបានទៀតទើបឧកញ៉ាទម្លាយរឿងនេះដើម្បីស្នើសុំទៅថ្នាក់លើឱ្យត្រួតពិនិត្យមើលទង្វើរបស់ លោកស្នងការ ខែត្រព្រៃវែង ផង »។
លោក ផែង វណ្ណៈ បានសង្កត់ធ្ងន់ថា « តាមភស្តុតាងដែលយើងខ្ញុំទទួលបានគឺលោក ឡេង ពៅ ជាអ្នកទទួលលុយមួយខែ១ម៉ឺនដុល្លារដើម្បីយកទៅជូន លោកស្នងការ។ ករណីនេះសូម លោកស្នងការ ខែត្រព្រៃវែង និងលោក ឡេង ពៅ មេត្តាបំភ្លឺផង តើពិតទេដែលយកតួនាទីភារកិច្ចទៅជម្រិតយកលុយពីពាណិជ្ជកររកស៊ីត្រឹមត្រូវបែបនេះ ? »។

អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានលើកឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ថា ក្រសួងបានចាត់នីតិវិធីជាបន្តបន្ទាប់ តែក្រសួងត្រូវការពេលដើម្បីពិនិត្យឱ្យបានសុក្រឹត្យបំផុត។ ស្របគ្នានេះដែរ លោកស្នងការ មានសិទ្ធិពេញលេញក្នុងការបកស្រាយបំភ្លឺអំពីភាពស្អាតស្អំរបស់លោកចំពោះក្រសួង និងសាធារណជន។ ចំណែកឯលោកឧកញ៉ា ប្រធានសភាណិជ្ជកម្ម ខែត្រព្រៃវែង ខ្ញុំមិនច្បាស់ទេថាលោកបានដាក់ពាក្យប្ដឹងរឿងព្រហ្មទណ្ឌ ឬយ៉ាងណានោះទេ ? តែយ៉ាងណាក្រសួងក៏ស្វាគមន៍រាល់អំណះអំណាងស្របច្បាប់ពី លោកឧកញ៉ា ផងដែរ។

ដើម្បីបញ្ជាក់ភាពសៅហ្មង នៃការចោទប្រកាន់ខាងលើ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ ខែត្រព្រៃវែង បានស្កាត់ជួបលោកផែង វណ្ណ ដោយផ្ទាល់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។ លោកស្នងការ បានធ្វើការបកស្រាយផ្ទាល់មាត់ថា គាត់ (ស្នងការ) មិនពាក់ព័ន្ធដាក់ខែ១ខែ១ម៉ឺនដុល្លារដូចការចោទប្រកាន់របស់ឧកញ៉ា ជឹម សុខ ទេ។

ម្ចាស់ករណីលោកឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្ម ខែត្រព្រៃវែង វិញអង្គភាពយើងក៏ពុំអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេកាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦។ បើតាមអ្នកច្បាប់មួយចំនួនលើកឡើងថា ឧកញ៉ា ជឹម សុខ កំពុងតែលេងយុទ្ធសាស្ត្របាចអង្កាមបញ្ច្រាសខ្យល់ វានឹងអាចធ្វើឱ្យអង្កាមចូលភ្នែករបស់គាត់។
តាមប្រភពព័ត៌មាននៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦២ បានឱ្យដឹងថា លោកឧកញ៉ា ជឹម សុខ បានប្តឹងស្នងការ ខែត្រព្រៃវែង និងស្នងការរង ពីបទកំហែងយក និងរំលោភអំណាច។ លោកឧកញ៉ា បានប្តឹងទៅ៤ស្ថាប័នផ្សេងៗគ្នាគឺប្ដឹងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , អគ្គស្នងការនគរបាលជាតិ , អង្គភាពប្រឆាំងអំពើពុករលួយ និងព្រះរាជអាជ្ញាអមសាលាដំបូង ខែត្រព្រៃវែង។

ដើម្បីបន្សាប រឿងធ្លាយឯកសារបង្កាន់ដៃ ធនាគារអេប៊ីអេ នូវទឹកប្រាក់ដ៏ច្រើនម៉ឺនដុល្លារនោះមានមនុស្សមួយចំនួនទំនងជាមានការចាត់តាំងពីក្រុមណាមួយក៏បាននាំគ្នាលើកយករឿងចាស់របស់លោក ជឹម រតនៈ អតីតប៉ូលិស ខែត្រព្រៃវែង កូនប្រុសបង្កើតលោកឧកញ៉ា ជឹម សុខ ធ្លាប់បានបាញ់មនុស្សស្លាប់ដែលជាជនសង្ស័យលួចរថយន្តពីភ្នំពេញទៅព្រៃវែង ដែលមានអាយុកាល៧ឆ្នាំមកហើយយកមកផ្សព្វ ផ្សាយឡើងវិញ។

ចំណែកលោកបណ្ឌិត គិន ភា សមាជិករាជ្យបណ្ឌិត្យសភា សរសេរនៅក្នុង ស្ទេទថឺសហ្វេសប៊ុក របស់គាត់ថា « បើអ្នកឈឺចាប់នឹងអំពើអយុត្តិធម៌សង្គម សូមអ្នកដើរកាត់ភ្លៀងចុះគ្មាននរណាមើលឃើញទឹកភ្នែកអ្នកទេ »។
គួរបញ្ជាក់ថា លោកឧកញ៉ា ជឹម សុខ ម្ចាស់អាជីវកម្មនាំគោក្របីទៅលក់ឱ្យវៀតណាម ធ្លាប់មានវិវាទជាមួយនឹងលោក ឈឿន ប៊ុនឆន ស្នងការនគរបាល ខែត្រព្រៃវែង ជាង១ឆ្នាំមកហើយ។ លោកឧកញ៉ា ជឹម សុខ ក៏ធ្លាប់បានលន់តួសុំការយោគយល់ពី លោកស្នងការខែត្រ ជាច្រើនដងមកហើយដែរ ហើយក៏ថែមទាំងធ្លាប់បានពឹងពាក់មនុស្សសំខាន់ៗមួយចំនួនឱ្យចូលទៅផ្សះផ្សាគ្នាដើម្បីបញ្ចប់រឿងផងដែរតែបែរជាកើតមានឡើងវិញដដែល៕

