រតនគិរីៈ ដីព្រៃសម្បត្តិរដ្ឋជាច្រើនហិកតាស្ថិតនៅ ស្រុកកូនមុំ ខែត្ររតនគិរី ត្រូវបានអ្នកមានលុយមួយចំនួនប្រើល្បិចលាក់មុខជួលប្រជាពលរដ្ឋទីទាល់ក្រឱ្យចុះទៅកាប់រានរួចក៏ធ្វើជាដាំដុះដំណាំវិលជុំដើម្បីបន្លំភ្នែកសមត្ថកិច្ច ហើយនៅទីបំផុតវាក៏បានធ្លាក់ទៅដល់ដៃក្រុមអ្នកមានលុយមានអំណាចចូលកាន់កាប់តាមរយៈភូមិ និងឃុំដោយស្របច្បាប់។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ គេបានសង្គេតឃើញនៅត្រង់ដីចម្ការរបស់លោក គឹម រស្មី ស្ថិតនៅ ភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ ខែត្ររតនគិរី មានដើមឈើធំតូចត្រូវគេកាប់ឱ្យដួលរលំរួចដុតឱ្យឆេះក៏ប៉ុន្តែដើមឈើធំៗ និងគល់របស់វាឆេះមិនអស់នៅរាយពេញដី។ ដីព្រៃនៅក្បែរចម្ការលោក គឹម រស្មី នោះត្រូវបានគេបន្ដកាប់ទន្រ្ទានឲ្យក្លាយទៅជាទីរហោឋានដ៏ធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក…។

ក្រោយពីភ្លៀងធ្លាក់ក្រុមកសិករក្រក្រីក្រខ្លះដែលគេសង្ស័យជាកូនអុកស៊ីឈ្នួលឱ្យអ្នកមានលុយបានចូលទៅធ្វើការដាំដំឡូងមីនៅទីនោះ។ ករ ណីលួចកាប់ព្រៃរានដីរដ្ឋធ្វើកម្មសិទ្ធិក្រុមកសិករទាំងនោះបាននិយាយថា ពួកគាត់ពុំបានដឹងអ្វីទេ គ្រាន់តែឃើញដីនៅទំនេរក៏នាំគ្នាយកដើមដំឡូងមកដាំដុះដោយមានរយៈពេលពីរឆ្នាំហើយ…។
ការបំផ្លាញព្រៃឈើធ្វើចម្ការនេះលោក លី សុផាន នាយខណ្ឌស្ដីទីនៃរដ្ឋបាលព្រៃឈើខែត្រ បានលើកឡើងថា ពេលនេះកម្លាំង រដ្ឋបាលព្រៃ
ឈើខណ្ឌ បានសហការជាមួយ ស្រុកកូនមុំ ចុះទៅពិនិត្យដីនៅតំបន់នោះហើយ តែលទ្ធផលនៅពុំទាន់ដឹងនៅឡើយទេ…។

ចំណែកលោក នូ ថេ អភិបាល ស្រុកកូនមុំ បាននិយាយតាមទូរស័ព្ទថា ករណីកាប់រានដីព្រៃយកដីស្ថិតនៅភូមិសាស្ត្រខាងលើក្រុមការងារ
របស់លោកទើបតែបានចុះទៅធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ។
លោកបន្តថា រឿងហ្នឹងលោកអត់បណ្ដោយទេត្រូវចុះធ្វើបច្ចុប្បន្នភាពពីរទៅបីដង ប្រជុំដោយមានក្រុមការងារថ្នាក់ខែត្រដើម្បីចូលរួមវាយ
តម្លៃកម្រិតរបៀបម្ដេច ? ត្រូវប្រតិបត្ដិការរបៀបម្ដេច ? ត្រូវដាក់ទៅក្រសួងសាមីពាក់ព័ន្ធដើម្បីសុំយោបល់ចាត់ការរបៀបណា ?
គួររំលឹកថា ចំណាត់ការ អភិបាល ស្រុកកូនមុំ ស្ដាប់ទៅដូចជាមានជំនឿមុតមាំខ្លាំងណាស់ ក៏ប៉ុន្តែវាហាក់បីដូចជាហួសពេលទៅហើយ។
មានន័យថា ព្រៃឈើនៅស្រុកនេះកាលដើមឡើយបានលាតសន្ធឹងស្ទើរតែ៧០ភាគរយ នៃផ្ទៃដីសរុបរបស់ស្រុកទាំងមូល។ ក៏ប៉ុន្តែពេល
នេះគឺវាហាក់បីដូចជានៅសែសសល់តិចតួចបំផុតហើយ ទើបអភិបាលស្រុកនឹកឃើញអំពីរបៀបចាត់ការតាមផ្លូវច្បាប់៕

