(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់ឱ្យលោក សាមុត សុធារិទ្ធ អនុប្រធានគណៈកម្មាធិការសាខាខេត្ត រួមដំណើរដោយ លោក គាំ សុខុម នាយកសាខា មន្ត្រីសាខា អនុសាខាក្រុង និងអ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមខេត្ត ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ១គ្រួសារ ដែលបានរងគ្រោះដោយសារគ្រោះអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង ស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោក សាមុត សុធារិទ្ធ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីអាណិតអាសូរក្រៃលែង និងចូលរួមសោកស្ដាយជាខ្លាំងជាមួយគ្រួសាររងគ្រោះ ពីសំណាក់ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះថ្នាក់ផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មាននៅគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល»។
ទន្ទឹមនឹងនោះ លោកអនុប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនានា ពិសេសគ្រោះអគ្គិភ័យ ដែលអាចកើតឡើងគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស។
លោកបានបញ្ជាក់ថា៖ «មុននឹងចាកចេញពីផ្ទះ បងប្អូនត្រូវពិនិត្យ និងពន្លត់ភ្លើងចង្ក្រាន ហ្គាស និងបិទកុងតាក់អគ្គិសនីឱ្យបានត្រឹមត្រូវ ចំណែកឯការតបណ្តាញអគ្គិសនីនៅក្នុងផ្ទះ ត្រូវហៅជាង ឬអ្នកជំនាញមក រៀបចំតភ្ជាប់ទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាសុវត្ថិភាពខ្ពស់»។
អំណោយដែលសាខាខេត្តផ្តល់ជូនគ្រួសាររងគ្រោះរួមមាន អង្ករ ៥០ គីឡូក្រាម មី ១ កេស ទឹកត្រី ១ យួរ ទឹកសុទ្ធ ១ កេស ប៊ីចេង ២ កញ្ចប់ តង់ ១ ខ្សែ កន្ទេល ១ សម្ភារៈផ្ទះបាយ១ ឈុតឃីត ១កញ្ចប់(មុង១, ភួយ១, ក្រមា១, សារុង១) ថវិកាឧបត្ថម្ភ ១,០០០,០០០ រៀល (មួយលានរៀល) តំណាងគ្រួសាររងគ្រោះបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសាខាខេត្ត ដែលបានចុះជួយសង្គ្រោះបងប្អូនទាន់ពេលវេលា ក្នុងគ្រាលំបាកនេះ៕

