ដោយៈ អធិបតី
តាកែវៈ ផ្ទុះរឿងអាស្រូវពុករលួយទៀតហើយ គឺមានទំនិញគេចពន្ធភាគច្រើនលួចនាំចូលតាមទូកដោយបានឆ្លងកាត់ ច្រកទ្វេភាគីបាក់ដៃ ស្រុកអង្គរបុរី ខែត្រតាកែវ គឺមានបុគ្គលថ្នាក់ធំជាអ្នកកាងការពារនៅពីក្រោយដែលធ្វើការក្នុង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើយោងតាមប្រភពព័ត៌មានពីលោក សយ សុភាព បានលើកឡើងក្នុង កាសែតដើមអម្ពិល កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។

ក្នុងករណីនេះ មន្ត្រីជំនាញគយគួរតែចុះធ្វើការស៊ើបអង្គេត ឬស្រាវជ្រាវជាពិសេស នាយកដ្ឋានបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ (គយចល័តតំបន់២) និងកម្លាំងអន្តរាគមន៍ពិសេស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ កន្លងមក គយចល័ត ធ្លាប់បានចុះអនុវត្តវិធានការមុតស្រួចដោយបានបង្ក្រាបអំពើរត់គេចពន្ធដើម្បីប្រមូលចំណូលចូលថវិការដ្ឋគឺចៀសវាងការវាយប្រមូលដាក់ចូលក្នុងហោប៉ាវបុគ្គល។

លោក ម៉ែន ស៊ីថា ប្រធានការិយាល័យគយ និងរដ្ឋាករបាក់ដៃ ស្រុកអង្គរបុរី ដែលធ្លាប់មានរឿងអាស្រូវច្រើននោះ គឺពុំបានយកចិត្តទុកដាក់ក្នុងការអនុវត្តការប្រមូលពន្ធឱ្យបានត្រឹមត្រូវនោះទេ។ ព្រោះតែរត់អំពើគេចពន្ធនេះហើយដែលកន្លងលោក ម៉ែន ស៊ីថា ត្រូវបាន អគ្គនាយកដ្ឋានគយ ហៅមកបញ្ឈរជើងក្នុងចំណោម មេសាខាគយខែត្រ និងមេការិយាល័យគយច្រកដើមទី ជាច្រើននាក់ទៀត។

នាយកគ្រប់គ្រង កាសែតដើមអម្ពិល លោក សយ សុភាព បានលើកឡើងថា ទំនិញគេចពន្ធភាគច្រើនចូលតាម ច្រកទ្វេភាគីបាក់ដៃ ស្រុកអង្គរបុរី ខែត្រតាកែវ ដោយមានបុគ្គលជាអ្នកកាងនៅ ក្រសួងហិរញ្ញវត្ថុ។ មន្ត្រីជំនាញគួរចុះស្រាវជ្រាវ។ នេះបើយោងតាមប្រភពព័ត៌មាន។ លោកទទួលបានព័ត៌មាននេះបន្ទាប់ពីបានទៅលេងកម្សាន្តនៅ ស្រុកអង្គរបុរី។

​យោងតាមប្រភពពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ច្រក ព្រំដែនវៀតណាម.កម្ពុជាបានឱ្យដឹងថា កម្លាំងអន្តរាគមន៍ពិសេស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយ អនុប្រធានគយចល័តម្នាក់ ដ៏មានទេពកោសល្យកន្លងមកដើរបង្ក្រាបទំនិញគេចពន្ធនៅតាមច្រក ព្រំដែនវៀតណាម ធ្លាប់ដឹកនាំកម្លាំងពិសេសចុះបង្ក្រាបទំនិញគេចពន្ធនៅ ព្រែកបាក់ដៃចំនួនពីរដង ដោយបានរកឃើញទំនិញគេចពន្ធជាច្រើនតោន ហើយប៉េអ៊ឹម ស្រុកអង្គរបុរី ខែត្រតាកែវ ក៏ធ្លាប់បានចុះបង្ក្រាបសាច់បង្កងខូចគុណភាពជាង៥តោនចំនួន២ដងដែរ ដែលយកទៅដុតកម្ទេចចោល។

នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ លោក ម៉ែន ស៊ីថា ប្រធានការិយាល័យគយ និងរដ្ឋាករបាក់ដៃ ពុំអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញករណីខាងលើនេះដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ក្នុងរឿងដដែលនេះ មន្ត្រីគយចល័តតំបន់២ សុំមិនបញ្ចេញឈ្មោះលើកឡើងថា គ្រាន់តែទទួលបានដំណឹងនេះភ្លាមខាង គយចល័តតំបន់២ ក៏បានដាក់កម្លាំងចុះទៅដល់ទីនោះភ្លាមដែរ ប៉ុន្តែស្ងាត់ឈឹងមិនមានសកម្មភាពអ្វីទេ។ លោកបានត្អូញត្អែរថា ពួកអ្នករកស៊ីពិបាកណាស់គឺដូចវាចចកអីចឹង…។

គួរបញ្ជាក់ថា កាលពីដើម ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអន្តរាគមន៍ពិសេសគយ បានចុះបង្ក្រាបឃ្លាំងស្ដុកទំនិញមួយកន្លែងនៅក្បែរ ច្រកព្រំដែនបាក់ដៃ ស្ថិតក្នុង ភូមិពុទ្ធ្រា ឃុំគោកធ្លក ស្រុកអង្គរបុរី បានរកឃើញទំនិញចម្រុះបង់ពន្ធមិនគ្រប់ចំនួនជាង១០តោន។ រំលងបានមួយខែគឺ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងគយដដែលនោះក៏បានចុះចាប់ទូកដឹកទំនិញគេចពន្ធ២គ្រឿងទៀតមកពីវៀតណាមចូលតាម ច្រកបាក់ដៃ ដែលក្រុមឈ្មួញមិនបានធ្វើការប្រកាសពន្ធបំពេញបែបបទគយនាំចូលនៅច្រក ការិយាល័យគយ និងរដ្ឋាករបាក់ដៃ ឱ្យបានត្រឹមត្រូវទេ។ ទំនិញនៅលើទូកទាំងនោះគឺ កម្លាំងគយចល័តពិសេស បានរកឃើញមានប្រភេទទំនិញចម្រុះជាច្រើនមុខ៕

You missed

error: Content is protected !!