តាកែវៈ វិធានការមុតស្រួច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំកម្លាំងចម្រុះដោយ លោកអនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសអំពើរត់គេចពន្ធ បានចុះចាប់ទូកដឹកទំនិញគេចពន្ធឆ្លងដែនចំនួន២គ្រឿងមកពីវៀតណាមចូលតាម ច្រកបាក់ដៃ ស្រុកអង្គរបុរី ខែត្រតាកែវ ដែលពួកឈ្មួញទុច្ចរិតមិនបានធ្វើការប្រកាសពន្ធបំពេញបែបបទនាំចូលនៅច្រក ការិយាល័យគយ និងរដ្ឋាករបាក់ដៃ ឱ្យបានត្រឹមត្រូវកាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
លោក ព្រាប គារ៉ាត់ អនុប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបទបល្មើសអំពើរត់គេចពន្ធ ( គយចល័ត ) ទទួលបន្ទុកសេនាធិការ ក្រុមអន្ត រាគមន៍ពិសេស និងក្រុមការងារចម្រុះ បានចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ដែលមានចម្ងាយប្រមាណពី៧ទៅ៨គីឡូម៉ែត្រពី ច្រកទ្វេភាគីបាក់ដៃ ដើម្បីធ្វើអនុលោមភាពទំនិញក្នុងទូកធំៗទាំង២គ្រឿង។ តាមរយៈការត្រួតពិនិត្យទំនិញលើទូកទាំងនោះគឺរកឃើញ « ទំនិញចម្រុះមួយភាគធំ » មិនបានប្រកាសបំពេញបែបបទពន្ធគយនាំចូលនៅ ការិយាល័យគយ និងរដ្ឋាករបាក់ដៃ ឱ្យបានត្រឹមត្រូវនោះទេ។

ក្រុមឈ្មួញតែងតែលេងក្បាច់បន្លំភ្លែកគយគឺយកទំនិញដែលបង់ពន្ធថ្លៃទៅបង្កប់ក្នុងទំនិញដែលបានបង់ពន្ធរួចរាល់មានតម្លៃថោកៗ។ ទំនិញមកពីប្រទេសទីបីដែលប្រើប្រាស់ ជាមួយនឹងចរន្តអគ្គិសនី គឺបង់ពន្ធថ្លៃណាស់ក្នុងមួយតោនជិតមួយម៉ឺនដុល្លារ។ ចំពោះទំនិញគេចពន្ធទាំង ២ទូកនេះវិញគេបានយកតង់ពណ៌ខៀវគ្របពីលើ ក៏ប៉ុន្តែខណៈពេលគយរើវាចេញក្រៅទើបឃើញថា ទំនិញខ្លះច្រកថង់ចម្រុះពណ៌ និងខ្លះទៀតដាក់កេសពណ៌ខៀវ។ គេពុំអាចដឹងថា តើទំនិញគេចពន្ធទាំងនោះមានប្រភេទទំនិញអ្វីខ្លះនោះទេ ? វាជាទំនិញរបស់ជនជាតិវៀត ណាមដែលមានទម្ងន់ប្រមាណ៣០ទៅ៤០តោនឯណោះ។
លោក សែ សុឃន អគ្គនាយករងគយ និងរដ្ឋាករកម្ពុជា និងជាអ្នកនាំពាក្យគយ ធ្លាប់បានលើកឡើងថា ប្រធានសាខាគយ និងរដ្ឋាករខែត្រ និងប្រធានការិយាល័យគយ និងរដ្ឋាករមាត់ច្រក មានតួនាទីភារកិច្ចជាអ្នកបង្ក្រាបនូវរាល់បទល្មើសទំនិញគេចពន្ធក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដូច្នេះបទល្មើសខាងលើនេះលោក ស៊ុន ឆាយ ប្រធានសាខាគយ តាកែវ និងលោក ម៉ែន ស៊ីថា ប្រធានការិយាល័យគយ និងរដ្ឋាករបាក់ដៃ គឺជាអ្នកទទួលខុសត្រូវក្នុងការចុះបង្ក្រាបបទល្មើសទំនិញគេចពន្ធ។

នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករ ខែត្រតាកែវ និងលោក ម៉ែន ស៊ីថា ប្រធានការិយាល័យគយ និងរដ្ឋាករបាក់ដៃ អង្គភាពយើងពុំអាចទាក់ទងសុំការបំភ្លឺបានទេតាមរយៈប្រព័ន្ធទូរស័ព្ទ។
គួរបញ្ជាក់ថា កាលពី ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗ កម្លាំងគយចល័ត ដដែលនេះធ្លាប់បានចុះបង្ក្រាបទំនិញគេចពន្ធចម្រុះជាង១០ តោនម្ដងរួចមកហើយស្ថិតក្នុងឃ្លាំងស្ដុកទំនិញក្បែរ ច្រកព្រំដែនបាក់ដៃ ភូមិពុទ្ធ្រា ឃុំគោកធ្លក ស្រុកអង្គរបុរី។ ព្រោះតែអំពើពុករលួយគប់គិតជាមួយឈ្មួញទុច្ចរិតនាពេលថ្មីៗនេះ « មន្ត្រីគយ » មួយចំនួនដែលមានតួនាទីជា ប្រធានសាខាគយ និងប្រធានការិយាល័យគយ ប្រមាណជិត១០នាក់ត្រូវបាន អគ្គនាយកដ្ឋានគយ ដកមកបញ្ឈរជើងដែលមានបទល្មើសធ្ងន់ធ្ងរ៕



