កណ្តាលៈ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខែត្រកណ្តាល បានដឹកនាំ គណៈប្រតិភូ អមដំណើរដោយលោកឧត្តមសេនីយ៍ និងមន្ត្រីថ្នាក់ក្រោម ចុះត្រួតពិនិត្យការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០សង្កាត់ នៃអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
លោកស្នងការ បានណែនាំឱ្យ គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តយកចិត្តទុកដាក់ខ្ពស់លើការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋព្រមទាំងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ និងការអនុវត្តការងារជំនាញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះលោកក៏បានជំរុញឱ្យ ថ្នាក់ដឹកនាំប៉ុស្តិ៍ យកចិត្តទុកដាក់លើការរៀបចំកន្លែងស្នាក់នៅរបស់ កងកម្លាំង ផ្ទះបាយ បន្ទប់ទឹក និងបរិស្ថានអនាម័យ ឱ្យមានសណ្តាប់ធ្នាប់ និងស្អាតជានិច្ច។
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលទាំងអស់ នៃអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ដោយបានផ្តល់អនុសាសន៍ និងការណែនាំសំខាន់ៗ ព្រមទាំងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព។
លោកក៏បានលើកទឹកចិត្តដល់ កងកម្លាំងទាំងអស់ឱ្យបន្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើ រាជរដ្ឋាភិបាល និងពលរដ្ឋ។
ឧត្តមសេនីយ៍ទោស្នងការ បានប្រគល់គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ជូនអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ដើម្បីជាការលើកទឹកចិត្តដល់ កងកម្លាំងក្នុងការបំពេញភារកិច្ចតាមតួនាទីបន្តទៀត៕

