ភ្នំពេញៈ គណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញ បានដឹកនាំ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ នៅតាមអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ មួយចំនួនក្នុងគោលដៅបង្ការ និងបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។

ក្រុមការងារ បានចុះត្រួតពិនិត្យសរុបចំនួន៩៤ទីតាំង និងរកឃើញជនបរទេសស្នាក់នៅចំនួន២៨៦នាក់ក្នុងនោះស្រី៨៤នាក់។ អាជ្ញាធរក៏បានរកឃើញជនបរទេស៣នាក់គ្មានលិខិតឆ្លងដែន។

សមត្ថកិច្ច ក៏បានបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា១ករណីស្ថិតនៅ បុរីប៊ុនលីចម្ការដូង ផ្ទះលេខC១៦ ផ្លូវលេខ BL០២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ក្នុងនោះស្រី១នាក់រួមមាន ជនជាតិបង់ក្លាដេស៧នាក់ និងមីយ៉ាន់ម៉ា ១នាក់។ ក្នុងចំណោមនោះពួកគេ៣នាក់គ្មានលិខិតឆ្លងដែន ហើយសមត្ថកិច្ចបានដកហូតសម្ភារពាក់ព័ន្ធមួយចំនួនទៀតផង។

តាមការពិនិត្យកោសល្យវិច័យ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាក់ថា ក្រុម ជនសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពអូសទាញលួងលោមស្នេហា (Romance Scam) និងបោកប្រាស់ឱ្យវិនិយោគលើគម្រោងក្លែងក្លាយ (Investment Scam)។

ក្រុមជនសង្ស័យទាំង៨នាក់ ព្រមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាក ភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

You missed

error: Content is protected !!