(បន្ទាយមានជ័យ)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ធាក់យកម៉ូតូ) ដែលបានកើតឡើងនៅចំណុចស្តុបសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ នៅវេលាម៉ោងប្រហែល ១៖៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវស្វែងរកជនសង្ស័យជាបន្ទាន់។

ក្រោយការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ នៅវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញបានឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសចំនួន ០៤នាក់ ដែលបានធ្វើសកម្មភាពធាក់យកម៉ូតូរបស់ជនរងគ្រោះ កាលពីវេលាម៉ោង ១យប់ នៅចំណុចកើតហេតុខាងលើ។

សមត្ថកិច្ចបានដកហូតម៉ូតូដែលជាវត្ថុតាង និងបានប្រគល់ជូនម្ចាស់ដើមវិញ ក្រោយបញ្ចប់នីតិវិធីចាំបាច់។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង ៤នាក់នេះ គឺជាមុខសញ្ញាសកម្មក្នុងអំពើកាប់ និងឆក់ ដែលធ្លាប់ធ្វើសកម្មភាពបង្កអសន្តិសុខក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតកន្លងមក៕

You missed

error: Content is protected !!