ភ្នំពេញៈ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃពិធីបើក « កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ (The 35th Meeting of the ASEAN Directors-General of Customs) » ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃអង្គារ៍ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅសណ្ឋាគារ Raffles Le Royal ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ គណៈប្រតិភូនៃរដ្ឋបាលគយអាស៊ាន និងតំណាងលេខា
ធិការដ្ឋានអាស៊ាន។ ដោយឡែក រដ្ឋបាលគយថៃ បានចូលរួមកិច្ចប្រជុំតាម ប្រព័ន្ធអនឡាញ ( មិនបានមកចូលរួមប្រជុំផ្ទាល់ទេ )។

ឯកឧត្តម Azizil Hakim Brahim អគ្គនាយកស្តីទី នៃរដ្ឋបាលគយ ប្រ៊ុយណេ និងជាប្រធានផុតអាណត្តិ នៃកិច្ចប្រជុំអគ្គនាយកគយអាស៊ាន បានថ្លែងអំណរគុណចំពោះ ការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ កម្ពុជា និងបានជម្រាបជូនពីវឌ្ឍនភាពការងារសំខាន់ៗដែល រដ្ឋបាលគយអាស៊ាន សម្រេចបានក្នុងអាណត្តិដែលលោកបានទទួលធ្វើជាប្រធាន « កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៤ » កន្លងមក។

ឯកឧត្តម ក៏បានបញ្ជាក់ថា លទ្ធផលទាំងនេះបង្ហាញពីស្មារតីសាមគ្គីរបស់អាស៊ាន ក្នុងការបង្កើត សហគមន៍គយអាស៊ាន ទំនើបដែលត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។ ឯកឧត្តម ប្តេជ្ញាបន្តការគាំទ្រពេញទំហឹងដល់កម្ពុជាដែលជា ប្រធានថ្មី ក្នុងការបន្តដឹកនាំកិច្ចសហប្រតិបត្តិការ គយអាស៊ាន ឱ្យមានភាពរីកចម្រើន និងសម្រេចបានលទ្ធផលកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានប្តូរវេននៃ
« កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ » បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ច
ប្រជុំដ៏មានសារៈសំខាន់នេះ ជាលើកទី៣ ចាប់តាំងពីកម្ពុជាបានចូលជា សមាជិកអាស៊ានក្នុង ឆ្នាំ១៩៩៩។

ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងភាពស្មុគ្រស្មាញ និងការប្រែប្រួលយ៉ាងឆាប់រហ័ស នៃការធ្វើពាណិជ្ជកម្ម, កិច្ចសហប្រតិ
បត្តិការគយ រួមគ្នាក្នុងចំណោម រដ្ឋបាលគយអាស៊ាន និងអាស៊ានដៃគូ កាន់តែដើរតួនាទីសំខាន់ដើម្បីពង្រឹងការតភ្ជាប់ និងបង្កើតភាពធន់
តាមរយៈការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ការពង្រឹងសមាហរណកម្មតំបន់ ការលើកកម្ពស់តម្លាភាព និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា
ក្នុង វិស័យគយ ស្របតាមផែនការយុទ្ធសាស្ត្រ សហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៦–២០៣០ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយ ២០២៦–២០៣០។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងនាមជា ប្រធានកិច្ចប្រជុំកម្ពុជាប្តេជ្ញានឹងបន្តដឹកនាំការអនុវត្តន៍ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឱ្យមាន
ប្រសិទ្ធភាព ព្រមទាំងពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយប្រទេសសមាជិក និងដៃគូសន្ទនាដើម្បីធានាថា កិច្ចសហប្រតិបត្តិការគយអាស៊ាន អាចឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា « កិច្ចប្រជុំអគ្គនាយកគយអា
ស៊ាន លើកទី៣៥ » នេះគឺជាវេទិកាដ៏សំខាន់ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងសមាហរណកម្មតំបន់ និងការប្តេជ្ញាចិត្តរួមក្នុងការ
រក្សាភាពធន់ ភាពប្រកួតប្រជែង និងភាពរឹងមាំរបស់អាស៊ាន ចំពោះមុខបញ្ហាប្រឈមសកលនានា។ ខណៈដែលពិភពលោកកំពុងប្រឈម
នឹងភាពមិនប្រាកដប្រជាបណ្តាលមកពី ភាពតានតឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ និងការប្រែប្រួលសេដ្ឋកិច្ច ការពង្រឹងកិច្ច
សហប្រតិបត្តិការ និងស្ថិរភាពស្ថាប័ន គឺជាកត្តាមូលដ្ឋានសម្រាប់ធានាភាពធន់ និងចីរភាពនៃការអភិវឌ្ឍន៍របស់ អាស៊ាន។

ឯកឧត្តមអគ្គបណ្ឌិត ក៏បានគូសបញ្ជាក់ទៀតថា ការកសាងទីផ្សាររួម បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដែលជា
មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សហគមន៍សេដ្ឋកិច្ចអាស៊ាន គឺតម្រូវឱ្យមានកំណែទម្រង់ និងកិច្ចសហការយ៉ាងជិតស្និទ្ធដើម្បីឆ្ពោះទៅសម្រេច
បានគោលដៅ អាស៊ានជាសេដ្ឋកិច្ចធំទី៤ នៅលើពិភពលោកក្នុង ឆ្នាំ២០៤៥។

លើសពីនេះ អគ្គបណ្ឌិតសភាចារ្យ បានស្នើដាក់ចេញទិសដៅគោលនយោបាយគន្លឹះជូន រដ្ឋបាលគយអាស៊ាន ពិចារណាចំនួន៥ចំណុចសំ
ខាន់ៗរួមមានៈ ទី១. ជំរុញសមាហរណកម្មឌីជីថលក្នុងអាស៊ាន រួមមាន ការអនុវត្តន៍ឱ្យបានពេញលេញនូវប្រព័ន្ធបញ្ជរតែមួយជាតិតាមផែន
ទីចង្អុលផ្លូវជំនាន់ថ្មី ២០២៦–២០៣០។ ទី២. ពង្រឹងគំនិតផ្តួចផ្តើមកិច្ចសម្រួលពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ជាពិសេសពង្រីកការទទួលស្គាល់គ្នាទៅវិញទៅមក នៃកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO-MRA) ទៅកាន់ដៃគូសន្ទនាអាស៊ាន។ ទី៣. ពង្រឹងការតភា្ជប់ការដឹកជញ្ជូនក្នុងតំបន់ដើម្បីធានាបាននូវការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនដោយរលូន រួមទាំងការប្រើប្រាស់ប្រព័ន្ធឆ្លងកាត់គយអាស៊ាន (ASEAN ACTS) ឱ្យបានទូលំទូលាយ។ ទី៤. ពង្រឹងកិច្ចសហប្រតិបត្តិការគយ លើការអនុវត្តន៍ច្បាប់តាមរយៈការចែករំលែកព័ត៌មានទាន់ពេល និងការអនុវត្តន៍ប្រតិបត្តិការគយរួមគ្នា និងទី៥. វិនិយោគលើការអភិវឌ្ឍន៍ធនធានមនុស្ស និងសមត្ថភាពស្ថាប័ន។

នាឱកាសនោះដែរ អគ្គនាយកគយអាស៊ាន ក៏មានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នាជាមួយ គណៈប្រតិភូ នៃអង្គការគយពិភពលោក
រដ្ឋបាលគយអូស្រ្តាលី រដ្ឋបាលគយចិន រដ្ឋបាលគយជប៉ុន និងរដ្ឋបាលគយកូរ៉េ ដើម្បីបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាក់
ព័ន្ធនឹងការងារគយ ព្រមទាំងប្រជុំពិគ្រោះយោបល់ជាមួយ សមាគមធុរកិច្ចនៃវិស័យឯកជន សំខាន់ៗរួមមានៈ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន
(ABAC) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាម៉េរិក (US-ABC) ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងរដ្ឋបាលគយ និងវិស័យឯកជនក្នុងន័យលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់៕

error: Content is protected !!