តាកែវៈ កងរាជអាវុធហត្ថ ខែត្រតាកែវ បានចុះបង្ក្រាបករណីគ្រឿងញៀនយ៉ាងធំមួយនៅត្រង់ចំណុច ភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ហើយក៏បានពន្លាតដែនប្រតិបត្តិការទៅកាន់ រាជធានីភ្នំពេញ ដោយសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថ ភ្នំពេញ ក្រោមការសម្របសម្រួលពី លោកព្រះរាជអាជ្ញារង ស៊ីន រក្សា បង្ក្រាបបានចំនួន២ទីតាំងទៀតស្ថិតក្នុង ខណ្ឌសែនសុខ និង ខណ្ឌកំបូល។

កិច្ចប្រតិបត្តិការនោះបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៦នាក់ (ស្រី២នាក់) ដែលមានមុខរបរមិនពិតប្រាកដ និងមានទីលំនៅមកពីបណ្ដា ខែត្រផ្សេងៗគ្នារួមមាន តាកែវ ភ្នំពេញ បន្ទាយមានជ័យ និងស្វាយរៀង។

វត្ថុតាងដែលដកហូតបានមាន សារធាតុញៀនសរុបជាង១៥គីឡូក្រាម (រួមមានម្សៅក្រាមពណ៌សថ្លា (MET) ជិត ១៤.៤គីឡូក្រាម, ថ្នាំគ្រាប់ WY ជាង៣,៥០០គ្រាប់ និងម្សៅពណ៌ទឹកក្រូច (Ketamine) ជាង១គីឡូក្រាម), រថយន្ត LEXUS NX200T ចំនួន១ គ្រឿង, ម៉ូតូ៣គ្រឿង, ម៉ូតូកង់បី (PassApp) ១គ្រឿង និងទូរស័ព្ទដៃ៩គ្រឿង, កាំភ្លើងកែច្នៃ១ដើម, ជញ្ជីងថ្លឹងថ្នាំញៀន៣គ្រឿង, ម៉ាស៊ីនអ៊ុតមាត់ថង់១គ្រឿង ព្រមទាំងលិខិតឆ្លងដែន និងសម្ភារវេចខ្ចប់មួយចំនួនធំ។

ក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ខែត្រតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

You missed

error: Content is protected !!