ព្រះសីហនុៈ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានសាលា ដំបូង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ។ ពិធីនេះប្រព្រឹត្តទៅនៅសាលាដំបូង ខែត្រព្រះសីហនុ ព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥។

ស្ថិតក្នុងឱកាសនោះ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល ខែត្រព្រះសីហនុ បានអបអរសាទរចំពោះ ឯកឧត្តម កោ វណ្ឌី អតីតប្រធានសាលាដំបូង ខែត្រព្រះសីហនុ ផ្ទេរទៅជា ប្រធានសាលាដំបូង ខែត្រកំពង់ចាម។ ឯកឧត្តម សៀង សុខ អតីតព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ ផ្ទេរទៅកាន់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខែត្រសៀមរាប។

ឯកឧត្តម អភិបាលខែត្រ ក៏បានស្វាគមន៍ និងអបអរសាទរចំពោះការផ្ទេរ និងតែងតាំងចូលកាន់តំណែងថ្មីនៅ ខេត្តព្រះសីហនុ រួមមាន ឯកឧត្តម គឹម រ័ត្នណារិន ផ្ទេរពីប្រធានសាលាដំបូង ខែត្រកំពង់ឆ្នាំង មកជា ប្រធានសាលាដំបូង ខែត្រព្រះសីហនុ។ ឯកឧត្តម លាវ ស្រេង ផ្ទេរពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខែត្រកណ្តាល មកជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខែត្រព្រះសីហនុ។ ឯកឧត្តមអភិបាលបានលើកទឹកចិត្តឲ្យ ឯកឧត្តម ទាំងពីររូបបន្តការដឹកនាំដើម្បីធានាបាននូវ យុត្តិធម៌សង្គម និងលើកកម្ពស់ជំនឿទុកចិត្តពីសា ធារណជនលើប្រព័ន្ធយុត្តិធម៌។

ចំណែក ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការផ្លាស់ប្តូរតំណែង ចៅក្រម និងព្រះរាជអាជ្ញា រៀងរាល់៤ឆ្នាំម្តង គឺជាគោលការណ៍ធម្មតាក្នុងអាជីពដើម្បីបង្កើនប្រសិទ្ធភាព នៃកិច្ចដំណើរការងារស្ថាប័នតុលាការ និងអយ្យការ។ ការធ្វើឲ្យប្រសើរឡើងនូវសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ។ នេះគឺជាការផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនចំណេះដឹងថ្មីៗ។

ឯកឧត្តម រដ្ឋមន្ត្រី បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម កោ វណ្ឌី និងឯកឧត្តម សៀង សុខ ព្រមទាំងមន្ត្រីទាំងអស់ ដែលបានចូលរួមអនុវត្តច្បាប់ និងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងក្នុងតុលាការរបស់ ក្រសួងយុត្តិធម៌។ ឯកឧត្តម រដ្ឋមន្ត្រី ក៏ បានថ្លែងអំណរគុណដល់ ឯកឧត្តម អភិបាលខែត្រ ដែលបានជួយដោះស្រាយការលំបាកនានារបស់សាលាដំបូងខែត្រ។

ឯកឧត្តម កើត រិទ្ធ បានសង្កត់ធ្ងន់លើកត្តាសំខាន់ចំនួនបីដែល ចៅក្រម និងព្រះរាជអាជ្ញា ត្រូវអនុវត្តដើម្បីបម្រើផលប្រយោជន៍ យុត្តិធម៌ ជូនប្រជាពលរដ្ឋមានដូចជាៈ ១.សាមគ្គីភាពផ្ទៃក្នុងរវាង ចៅក្រម និងចៅក្រម ព្រមទាំង ចៅក្រម និងព្រះរាជអាជ្ញា។ ២.កិច្ចសហការល្អជាមួយមន្ត្រីអនុវត្តច្បាប់ និងអ្នកពាក់ព័ន្ធនានា។ ៣.ការលះបង់របស់ ចៅក្រម និងព្រះរាជអាជ្ញា។

គួរបញ្ជាក់ថា ការផ្លាស់ប្ដូរ ចៅក្រម និងព្រះរាជអាជ្ញា ទូទាំងប្រទេសនេះគឺ រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងរៀងរាល់៤ម្ដងៗដោយមានការប្ដូរ ផ្លាស់គ្នាពីខែត្រមួយទៅខែត្រទៀត៕

By admin

You missed