ភ្នំពេញៈ លោក ថូ សំណាង មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនសួរនាំពាក់ព័ន្ធការលួចយកសន្លឹកទិដ្ឋាការ ប្រភេទស៊ី ( C ) និង Cex សរុប១០,០០០សន្លឹក ដែលក្នុងនោះបានប្រើប្រាស់ខុសច្បាប់ជាង៦០០០សន្លឹក ដែលចេញឲ្យ ពួកឆបោកស្គេមអនឡាញ ( online scams ) ហើយនៅសល់ ៤០០០សន្លឹក ទៀតខណៈសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស៊ើបអង្គេត។
ឯកឧត្ដម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ អ្នកសារព័ត៌មាន កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ថា ករណីលោក ថូ សំណាង កំពុងត្រូវបាន អេស៊ីយូ ( ACU ) ស្តាប់ចម្លើយពាក់ព័ន្ធបទល្មើស ស្គេមអនឡាញ ( Online Scams )។ លោក ថូ សំណាង បានសារភាពថា ខ្លួនបានលួចយក សន្លឹកទិដ្ឋាការប្រភេទ C និង Cex ប្រើប្រាស់ខុសច្បាប់ជាង៦០០០សន្លឹក ហើយចំណែកសន្លឹកនៅសល់៤០០០សន្លឹកទៀត អេស៊ីយូ កំពុងតែតាមរកដែលគាត់បាននិយាយថា បានកម្ទេចចោល។
ឯកឧត្ដម បានបន្តទៀតថា យើងរកឃើញ សន្លឹកទិដ្ឋាការ ដែលគាត់បានបញ្ចេញដោយខុសច្បាប់ត្រូវបាន ជនបរទេស Online Scams យកទៅប្រើបាស់។

ទាក់ទងករណីខាងលើនេះ លោកបណ្ឌិត គិន ភា សមាជិក រាជបណ្ឌិត្យសភាកម្ពុជា បង្ហាញទស្សនៈរបស់ខ្លួនថា គាត់ជាមន្ត្រីជាន់ខ្ពស់ នៃក្រសួងដ៏សំខាន់មួយរបស់ជាតិ។ គាត់ធ្វើរឿងដែលបំផ្លាញមុខមាត់ជាតិ បង្កើតគ្រោះធំដល់ជាតិ និងបំផ្លាញទំនុកចិត្តលើស្ថាប័នជាតិ។ លោកបណ្ឌិតបានលើកជាសំណួរថា តើនៅមានមន្ត្រីបែបនេះប៉ុន្មាននាក់ទៀត ? បើរកឃើញកំហុសមិនត្រូវសម្រួលភារកិច្ចទេ។ មន្ត្រីបែបនេះបើរកឃើញកំហុសពិតប្រាកដ ត្រូវតែផ្ដន្ទាទោស រឹបអូសទ្រព្យសម្បត្តិ និងត្រូវតែស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់មកទទួលទោស។ រឿងធំបែបនេះ មិនអាចបុគ្គលតែម្នាក់អាចធ្វើតែឯងបានទេប្រហែលជា មានការគប់គិតគ្នាជាប្រព័ន្ធ។ ជាតិ និងប្រជាជនយើងមិនគួរត្រូវបន្តរងគ្រោះពី « ឧក្រិដ្ឋកម្ម » ដែលខ្លួនមិនបានប្រព្រឹត្តតទៅទៀតទេ…។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ព្រះរាជក្រឹត្យ លេខ នស/រកត/០៤២៦/៥១៣ បានត្រាស់បង្គាប់ មាត្រា១ ថា បញ្ចប់មុខតំណែង ឯកឧត្តម ថូ សំណាង អត្តលេខ ១៨០១២០០១៤៣ ឋានន្ដរស័ក្ដិឧត្តមមន្ត្រីការបរទេស ថ្នាក់លេខ៥ នៃក្រមខណ្ឌមន្ត្រីការទូតជាន់ខ្ពស់ពី អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ព្រះរាជក្រឹត្យ ដដែលចុះហត្ថលេខាដោយ ប្រមុខរដ្ឋស្ដីទី នៃមាត្រា២ បញ្ជាក់ថា « តែងតាំងមុខតំណែង ឯកឧត្តម ថូ សំណាង អត្តលេខ ១៨០១២០០១៤៣ ឋានន្ដរស័ក្ដិឧត្តមមន្ត្រីការបរទេស ថ្នាក់លេខ៥ នៃក្រមខណ្ឌមន្ត្រីការទូតជាន់ខ្ពស់ ជា ទីប្រឹក្ស នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានឋានៈស្មើ អគ្គនាយក »។
គួរបញ្ជាក់ថា លោក ថូ សំណាង ត្រូវបានបញ្ចប់តំណែងជា មន្ត្រីជាន់ខ្ពស់ នៃក្រសួងការបរទេស អស់រយៈពេលជាង៥ខែមកហើយ។ ក៏ប៉ុន្តែទើបផ្ទុះរឿងអាស្រូវពុករលួយនេះឡើងនៅចុង ខែសីហា ឆ្នាំ២០២៦ ខណៈ អេស៊ីយូ បានឃាត់ខ្លួនលោកមកសួរនាំទាក់ទង ស្គេម អនឡាញ នៅកម្ពុជា៕

