ព្រះសីហនុៈ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថ ខែត្រព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន៧នាក់ទៅ សាលាដំបូងខែត្រដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខែត្របានបញ្ជូនជនសង្ស័យទាំង៧នាក់រួមមាន ចិន៦នាក់ និងចិនតៃវ៉ាន់ម្នាក់ផងទៅតុលាការ។
ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួននៅក្នុងផ្ទះវីឡាស្ថិតនៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលសង្ស័យប្រើប្រាស់ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។
សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រយួរដៃ៥គ្រឿង, ទូរសព្ទដៃសម្រាប់ប្រតិបត្តិការអនឡាញ៦៩០គ្រឿង, ទូរ ស័ព្ទដៃផ្ទាល់ខ្លួន១០គ្រឿង, ដុំ Wi-Fi ៣គ្រឿង, ស៊ីមកាត និងខ្សែភ្ជាប់មួយចំនួន, ដុំភ្លើង១គ្រឿង, ម៉ូតូអាគុយ១គ្រឿង ម៉ាក TACT ពណ៌ខ្មៅគ្មានស្លាកលេខ ព្រមទាំងលិខិតឆ្លងដែន៦ក្បាល, សៀវភៅការងារជនបរទេស១២ក្បាល, កាតធនាគារ៥សន្លឹក, កិច្ចសន្យា១ច្បាប់, បណ្ណចេញចូលហុងកុង-ម៉ាកាវ២សន្លឹក, បណ្ណបើកបរជាតិចិន១សន្លឹក, អត្តសញ្ញាណបណ្ណជាតិចិន១សន្លឹក, បណ្ណប្រជាពលរដ្ឋ១សន្លឹក និងគ្រឿងអលង្ការលោហធាតុពណ៌សមួយចំនួន។
ក្រុមជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅសាលាដំបូង ខែត្រព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

