ព្រះសីហនុៈ រដ្ឋបាល ខែត្រព្រះសីហនុ បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបើកយុទ្ធនាការបង្ក្រាប និងសម្អាតរាល់បទល្មើសបច្ចេកវិទ្យាខុសច្បាប់ ឬ ហៅថា (Scams Online) ព្រមទាំងពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

វិធានការក្តៅនេះ ធ្វើឡើងក្នុងគោលបំណងកសាងទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ ជូនភ្ញៀវទេសចរ និងវិនិយោគិនទជាតិ និងអន្តរជាតិ សំដៅជំរុញការអភិវឌ្ឍការខែត្រ តំបន់ឆ្នេរមួយនេះ ឱ្យស្របតាមចក្ខុវិស័យ និងកម្មវិធីពិសេស នៃរាជរដ្ឋាភិបាលកម្ពុជា។

កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល ខែត្រព្រះសីហនុ មានប្រសាសន៍ថា ផ្អែកលើចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខែត្រឱ្យទៅជា « តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង » រដ្ឋបាលខែត្របានសហការយ៉ាងជិតស្និទ្ធជាមួយ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការស្រាវជ្រាវ ស្វែងរក និងបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិត និងការឆបោកតាមអនឡាញ ដែលបង្កឡើងដោយជនបរទេសមួយចំនួនតូច ដែលបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងបរិយាកាសវិនិយោគនៅក្នុងខែត្រ។

ឯកឧត្តម បន្តថា ជាទិសដៅយុទ្ធសាស្ត្ររបស់ រដ្ឋបាលខែត្រ គឺប្តេជ្ញាក្នុងការសម្អាត និងបង្ក្រាប បន្តយុទ្ធនាការត្រួតពិនិត្យ ឆែកឆេរ និងបិទរាល់ទីតាំងសង្ស័យដែលមានការលាក់ខ្លួនប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Scams Online) និងការជួញ ដូរមនុស្សដោយមិនមានការលើកលែងឡើយ។

ឯកឧត្តម បន្ថែមទៀតថា យើងនឹងពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ បង្កើនការយាមល្បាត និងដាក់ពង្រាយកម្លាំងសមត្ថ កិច្ចនៅតាមតំបន់គោលដៅ តំបន់ទេសចរណ៍ និងទីប្រជុំជន ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ និងអាជីវករ។ ព្រមទាំងរឹតបន្តឹងការត្រួតពិនិត្យការស្នាក់ នៅផ្ទះជួល និងការប្រកបអាជីវកម្មរបស់ ជនបរទេស ឱ្យស្របតាមច្បាប់កម្ពុជា។

ឯកឧត្តម ម៉ាង ស៊ីណេត គូសបញ្ជាក់ថា មិនអនុញ្ញាតឱ្យ ក្រុមជនល្មើសណាមួយ ប្រើប្រាស់ទឹកដីខែត្រសេដ្ឋកិច្ចដ៏មានសក្តានុពលនេះធ្វើជា កន្លែងប្រព្រឹត្តសកម្មភាពខុសច្បាប់ បំផ្លាញសន្តិសុខ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ក៏ដូចជាបំផ្លាញទំនុកចិត្តរបស់វិនិយោគិនឡើយ។

តាមរយៈការប្តេជ្ញាចិត្ត និងវិធានការដាច់ណាត់នេះ រដ្ឋបាលខែត្ររំពឹងថា នឹងអាចស្តារ និងលើកកម្ពស់មុខមាត់ខែត្រក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលមានសុវត្ថិភាព ស្រស់ស្អាត និងគួរឱ្យចង់មកទស្សនា និងបណ្តាក់ទុន៕

You missed

error: Content is protected !!