ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតរដ្ឋបាលគយកម្ពុជា (២៩ មិថុនា ១៩៥១ – ២៩ មិថុនា ២០២៦) ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករ សរុបប្រមាណ២០០រូបកាលពីរសៀលថ្ងៃសៅរ៍ ៦កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។
ពិធីនេះរៀបចំឡើងដើម្បីរំឭកនូវគុណូបការៈដ៏ឧដុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានបង្កើត រដ្ឋបាលគយកម្ពុជា តាមព្រះរាជក្រម លេខ ៦៦១ នស ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥១ កាលពី៧៥ឆ្នាំមុន ដោយបំបែកចេញពី សហភាពគយឥណ្ឌូចិន ក្នុងសម័យអាណានិគមបារាំង។

ឯកឧត្ដមបណ្ឌិត គុណ ញឹម បានលើកឡើងអំពីប្រវតិ្តលម្អិត នៃការវិវត្តរបស់ រដ្ឋបាលគយកម្ពុជា គិតចាប់តាំងពីការចាប់បដិសន្ធិកាលពី ឆ្នាំ១៩៥១ រហូតដល់ពេលបច្ចុប្បន្ននេះ និងបានគូសរំលេចពីសមិទ្ធផលសំខាន់ៗលើគ្រប់ការដ្ឋានការងារដែល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចបាននៅលើគន្លងនៃការអភិវឌ្ឍ និងកែទម្រង់ដ៏វែងឆ្ងាយ ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ពី ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុង រដ្ឋាភិបាល នៃនីតិកាលមុនៗ នៃរដ្ឋសភាក្រោមការគាំទ្រ និងមគ្គទេសក៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា ក៏ដូចជាក្នុង នីតិកាលទី៧ នៃរដ្ឋសភាបច្ចុប្បន្ន ក្រោមការដឹកនាំបន្តវេនដ៏ត្រឹមត្រូវ និងប៉ិនប្រសប់ប្រកបដោយថាមពលរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូ ក៏បានរំឭកនូវគុណបំណាច់របស់ មន្ត្រីគយជំនាន់មុនៗដែលបាន ពុះពារ លះបង់ ជម្នះរាល់ឧបសគ្គ និងបញ្ហាប្រឈមនានាៗក្នុងការបំពេញតួនាទី និងភារកិច្ចជូនជាតិ និងអង្គភាព រហូតសម្រេចបានសមិទ្ធផលក៏ដូចជាកេរដំណែល រដ្ឋបាលគយកម្ពុជា ដ៏ថ្លៃថ្លាក្នុងពេលបច្ចុប្បន្ននេះ។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ តាមរយៈសារលិខិតជូនពរដល់ មន្ត្រីគយ និងរដ្ឋាករ ទាំងអស់ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ។ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីលះបង់របស់ មន្ត្រីគយ និងរដ្ឋាករ គ្រប់ជាន់ថ្នាក់ លើគ្រប់ការដ្ឋានការងារ ដូចជាកិច្ចសម្រួលពាណិជ្ជកម្ម, ការធ្វើទំនើបកម្ម និងសាមញ្ញកម្មនីតិវិធីគយ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការងារប្រមូលចំណូល ដែលទាំងអស់នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុង ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ឧត្តមភាពប្រកួតប្រជែង។

ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យ មន្ត្រីគយ និងរដ្ឋាករ គ្រប់រូបបន្តប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីរួមគ្នាសម្រេចឱ្យបាននូវ សមិទ្ធផលថ្មីបន្ថែមទៀតជូនដល់ អង្គភាព និងស្ថាប័ន ក៏ដូចជាជូនប្រជាជន និងប្រទេសជាតិទាំងមូលស្របតាមកម្មវិធីនយោបាយដែលត្រូវបានដាក់ចេញដោយ រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងមន្ត្រីក្រោមឱវាទ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងមគ្គុទ្ទេស ក៍ចង្អុលបង្ហាញផ្លូវដ៏ភ្លឺស្វាងពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងប្តេជ្ញាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវតួនាទី និងភារកិច្ចដែលប្រគល់ឱ្យដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាគោលនយោបាយយុទ្ធសាស្ត្រ និងកម្មវិធីការងារនានា ដែលដាក់ចេញដោយ រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី៕


