កែបៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយបុរសម្នាក់ទៀតរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្ត Ford Ranger Raptor បើកបរក្នុងស្ថានភាពស្រវឹងនៅលើ ផ្លូវជាតិលេខ៣៣ ស្ថិតក្នុង ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខែត្រកែប កាលពីវេលាម៉ោងវេលា៧:៤០នាទីយប់ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
រថយន្តម៉ាក Ford Ranger Raptor ពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ ២CG-៨៦១១ បើកបរពីលិចទៅកើតដោយបុរសអាយុ ៣៤ឆ្នាំម្នាក់ លុះមកដល់ចំណុចកើតហេតុបានបុកជាមួយ រថយន្តម៉ាក SsangYong ពណ៌សពាក់ស្លាកលេខ ភ្នំពេញ ២L-៦៧១៤ ដបើកបរបញ្ច្រាសទិសគ្នាបណ្តាលឱ្យអ្នកបើកបររថយន្ត SsangYong រងរបួសធ្ងន់។
រថយន្ត Ford Raptor ដដែលនេះក៏បានជ្រុលទៅបុក ម៉ូតូម៉ាក Honda Zoomer-X ពាក់ស្លាកលេខ កំពង់ចាម ១W-៧៦២៨ ដែលកំពុងធ្វើដំណើរពីកើតទៅលិចបណ្តាលឱ្យអ្នកបើកបរម៉ូតូអាយុ១៨ឆ្នាំស្លាប់ភ្លាមៗនៅកន្លែងកើតហេតុមុននឹងរថយន្តបន្តទៅបុកបង្គោលភ្លើងមួយដើមទៀត។
ខណៈនោះអ្នករងរបួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ ខែត្រកែប ខណៈសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
មូលហេតុនៃគ្រោះថ្នាក់នេះគឺបណ្តាលមកពីអ្នកបើកបររថយន្ត Ford Ranger Raptor បើកបរក្នុងល្បឿនលឿន ហើយស្ថិតក្នុងស្ថាន ភាពស្រវឹងដោយពិនិត្យឃើញកម្រិតជាតិអាល់កុលរហូតដល់ 1.219 mg/L។
អ្នកបើកបររថយន្តហ្វេត ត្រូវសមត្ថកិច្ចនាំយកមកសាកសួរនៅ អធិការដ្ឋាននគរបាល ក្រុងកែប ដើម្បីចាត់ការតាមច្បាប់ខណៈរថយន្ត និងម៉ូតូពាក់ព័ន្ធទាំង៣គ្រឿងត្រូវបានយកទៅរក្សាទុក៕

