ភ្នំពេញ: ដោយឈរលើស្មារតីបង្រួបបង្រួមជាតិខ្មែរតែមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា បានសម្រេចលើកលែងទោសលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យរួចទោសជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
ការលើកលែងទោសនេះយោងតាម ព្រះរាជក្រឹត្យ អន/រកត/ ០៥២៦/ ៥៨១ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុសកើតឆ្នាំ១៩៥៣ ដែលត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ តាមអំណាចសាលដីកា សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ លេខ៧៩០ ក្រXI ” អ.ណ ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ ករណីនេះ អនុវត្តចំពោះតែទោសដាក់ពន្ធនាគារ ដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។

យោងតាមផេកផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា ជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។ ព្រះរាជក្រឹត្យ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុសកើត ឆ្នាំ១៩៥៣ ដែលត្រូវបាន តុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI ” អ.ណ ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។ រីឯផេកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន វិញក៏ពុំមានការបញ្ចេញមតិអ្វីក្រៅពីខ្លឹមសារ ព្រះរាជក្រឹត្យ លើកលែងទោសនោះដែរ។
ចំណែកលោក កឹម សុខា បានចេញលិខិតបញ្ជាក់មិនប្ដឹងសារទុក្ខនឹងសាលដីកាលេខ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៃសំណុំរឿងព្រហ្មទណ្ឌ លេខ៥៥៦ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ភ្នំពេញ។
លោក កឹម សុខា បានជម្រាបជូន ឯកឧត្តម ប្រធានសាលាឧទ្ធរណ៍ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ថា « ខ្ញុំបានសម្រេចចិត្តមិនប្ដឹងសារទុក្ខនឹងសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៃសំណុំរឿងព្រហ្មទណ្ឌ លេខ៥៥៦ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ភ្នំពេញ ទៅតុលាការកំពូលទេ បើទោះបីជាខ្ញុំមិនសុខចិត្តការសម្រេចផ្ដន្ទាទោសនេះក៏ដោយ។ ខ្ញុំយល់ថា ក្នុងកាលៈទេសៈការដោះស្រាយបញ្ហាដោយឈរលើស្មារតីផ្សះផ្សាជាតិតាមរយៈការសន្ទនារវាងខ្មែរ និងខ្មែរ គឺជាជម្រើសដ៏ប្រសើរបំផុតដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរយើង»។

ក្នុងរឿងនេះដែរ លោក តាំង សារ៉ាដា នាយកប្រតិបត្តិ កាសែតដឺខាំបូឌាដេលី មានមូលដ្ឋាននៅ អាម៉េរិក បានសរសេរក្នុង ស្ទេតផីស របស់គាត់ថា « លោក កឹម សុខា ត្រូវបានលើកលែងទោសហើយ ខ្ញុំសូមចូលរួមអបអរសាទរផង។ មានតែការបង្រួបបង្រួមជាតិពិតប្រាកដទេទើបអាចការពារទឹកដី និងពលរដ្ឋបាន។ ក្រោយដោះលែងរួចលោកនឹងទៅសាងផ្នួសនៅ វត្តមង្គលគោកធ្លក ខែត្រតាកែវ រយៈពេល១អាទិត្យដើម្បីសងគុណម្តាយ ហើយបន្ទាប់មក លោកនឹងទៅមើលថែម្តាយចាស់ជរារបស់លោកដែលមានអាយុ១០១ឆ្នាំ»។
លោកបានបន្តថា អ្នកទោសនយោបាយ និងអ្នកទោសមនសិការផ្សេងទៀតៗក៏នឹងត្រូវដោះលែងមួយកញ្ចប់នៅពេលឆាប់ៗខាងមុខនេះដែរ។
សូមរំលឹកថា លោក កឹម សុខា ត្រូវបាន តុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារកំណត់២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ៧៩០ ក្រXI ” អ.ណ ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៃសាលាឧទ្ធរណ៍ភ្នំពេញ។ នេះជាការរួបរួមជាតិខ្មែរ គឺឯកភាពជាតិពង្រឹងផ្ទៃក្នុងកម្ពុជាគឺខ្មែរតែមួយ ដែលធ្វើឱ្យយើងខ្លាំង ដើម្បីអភិវឌ្ឍន៍កម្ពុជាឱ្យមានការរីកចម្រើនរុងរឿង៕


