ភ្នំពេញៈ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ លេខ០១២សប្រក ចុះថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ស្ដីពីករណីការចាប់ខ្លួនលោក ចេនហ្សី និងបក្ខពួកចំនួនពីរនាក់ទៀតទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែនអនឡាញខុសច្បាប់ដើម្បីបញ្ជូនទៅ ប្រទេសចិនវិញ។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា « ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា បានចាប់ខ្លួនពលរដ្ឋចិនចំនួន៣នាក់ រួមមាន ឈ្មោះ ចេនហ្សី ( Chen Zhi ), ឈ្មោះ Xu Ji Liang និងឈ្មោះ Shao Ji Hui បញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិន »។

កិច្ចប្រតិបត្ដិការនេះ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន បានសហការស៊ើបអង្គេតរួមគ្នាអស់រយៈពេលជាច្រើនខែ។

ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនថា ឈ្មោះ ចេនហ្សី ( Chen Zhi ) ត្រូវបាន ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដកសញ្ជាតិខ្មែរដោយផ្អែកច្បាប់សញ្ជាតិ នៃព្រះរាជាណាចក្រកម្ពុជា កាលពី ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

ឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណេត ជនជាតិចិន ចេនហ្សី Chen Zhi ដែលត្រូវបានចោទប្រកាន់ពី បទបោកប្រាស់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ហើយមានទំនាក់ទំនងស្នេហាក្លែងក្លាយ និងការសន្យាវិនិយោគក្លែងក្លាយត្រូវបានចាប់ខ្លួននៅ កម្ពុជា បន្ទាប់មកត្រូវបានអាជ្ញាធរកម្ពុជាធ្វើបត្យាប័នទៅកាន់ ទីក្រុងប៉េកាំង ប្រទេសចិន។

ឧក្រិដ្ឋជន Chen Zhi ត្រូវបានចោទប្រកាន់ថា បានប្រើវិធីសាស្ត្រក្លែងបន្លំដែលគេស្គាល់ជាភាសាចិនថា ” សម្លាប់ជ្រូកទាំងរោម ” ដោ យរកបានប្រាក់រាប់លានដុល្លារអាម៉េរិកក្នុងមួយថ្ងៃៗ។ គាត់បានកំណត់គោលដៅជនរងគ្រោះរាប់ម៉ឺននាក់នៅក្នុង ប្រទេសថៃ ហ្វីលីពីន និងកម្ពុជា តាមរយៈបណ្តាញអន្តរជាតិ នៃក្រុមឧក្រិដ្ឋជនចិន។ ការស៊ើបអង្កេតរបស់ អាជ្ញាធរចិន កំពុងតែបន្តស្វែងរកអ្នកដែលពាក់ព័ន្ធ។

នៅសាំងហ្គាពួរ បានរឹបអូសទ្រព្យសម្បត្តិលោក ចេនហ្សី ចំនួន១១៥លានដុល្លារអាម៉េរិកគឺ លុយមូលទានបត្រ លុយសុទ្ធ ព្រមទាំងកប៉ាល់ ទំនើបៗ និងរថយន្តប្រណិតៗ រួមទាំងស្រាថ្លៃៗទៀតផង។

ចំណែកទីភ្នាក់ងារស៊ើបអង្គេតអន្តរជាតិ បានរកឃើញថា លោក ចេនហ្សី ជាមេផ្សំគំនិតដ៏ធំបង្ខាំងមនុស្សខុសច្បាប់ឱ្យធ្វើការ និងប្រឆាំងកម្លាំងពលកម្មមនុស្សយ៉ាងធ្ងន់ធ្ងរតាមរយៈការប្រព្រឹត្តឆបោកតាម អនឡាញ។

បើយោងតាម ក្រសួងយុត្តិធម៌ អាម៉េរិក លើកឡើងថា លោក ចេនហ្សី មានរូបិយប័ណ្ណគ្រីបតូ ១២៧២៧១ ស្មើនឹង១៥ពាន់លានដុល្លារ អាម៉េរិ។ ឥឡូវនេះប្រាក់ទាំងនោះត្រូវបានអាម៉េរិកបង្កទុក ហើយរឹបអូសទាំងស្រុងតែម្ដង។

ទាក់ទងនឹងរឿងដដែលនេះ ប្រទេសអង់គ្លេស ក៏បានរឹបអូសយកទ្រព្យសម្បត្តិលោក ចេនហ្សី និងបក្ខពួក ចំនួន១៩កន្លែងនៅ ទីក្រុងឡុង ដែលគិតជាទឹកប្រាក់មានចំនួន១៣១លានដុល្លារអាម៉េរិក។

គួរបញ្ជាក់ថា លោក ចេនហ្សី ( Chen Zhi ) ជាម្ចាស់ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ព្រីនស៍ គ្រុប ( Prince Group ) ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនបានហើយក៏បញ្ជូនទៅកាន់ ប្រទេសចិន វិញនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ដែលជាប់ពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្មអនឡាញ នៅលើពិភពលោក ដ៏ល្បីល្បាញ៕

You missed

error: Content is protected !!