
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងអាជ្ញាធរស្រុកអង្គរធំ រួមទាំងក្រុមការងារ កម្លាំងកងរាជអាវុធហត្ថស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក មេភូមិ បានអមដំណើរលោកជំទាវ ទាង អេង ទៀសីហា ចុះសួរសុខទុក និងនាំយកអំណោយទៅចែកជូនប្រជាជនចំនួន ១៩៧គ្រួសារ ដែលបានជម្លៀសពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប ស្នាក់នៅវត្តព្រៃព្រះ ឃុំពាក់ស្នែង ស្រុកអង្គរធំ ដោយមួយគ្រួសារទទួលបានអំណោយរួមមាន អង្ករ ២៥គីឡូ គ្រឿងឧបភោគបរិភោគ សម្ភារសិក្សា សម្ភារប្រើប្រាស់មួយចំនួន និងថវិកាមួយចំនួន ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានប្រគេនទេយ្យទាន នៅវត្តវិសុទ្ធិមគ្គផងដែរ។
ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនសប្បុរសជន ដែលមានចិត្តសប្បុរសក្នុងស្មារតីខ្មែរជួយខ្មែរដោយចូលរួមឧបត្ថម្ភគាំទ្រនូវធនធានផ្ទាល់ខ្លួន ដល់បងប្អូនប្រជាពលរដ្ឋយើងដែលបានជម្លៀសខ្លួនមកកាន់ខេត្តសៀមរាបរកទីតាំងសុវត្ថិភាព។
រដ្ឋបាលខេត្ត ក៏បានអំពាវនាវឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ និង បងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តាក្រុង ស្រុក អាចចូលរួមបន្តឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់បានតាមរយៈក្រុង ស្រុកផ្ទាល់ ឬតាមរយៈរដ្ឋបាលខេត្តសៀមរាប៕











