ព្រៃវែងៈ យោងតាម ផេកហ្វេសប៊ុកផ្លូវការ របស់លោក ផែង វណ្ណៈ បានលើកឡើងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ថា លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខែត្រព្រៃវែង និងលោក ឡេង ពៅ ស្នងការរងទទួលបន្ទុកសេនាធិការ រងនូវការចោទប្រកាន់ថា បានធ្វើទុក្ខបុកម្នេញលើ ពាណិជ្ជករម្នាក់ដែលរកស៊ីត្រឹមត្រូវតាមច្បាប់ និងបានតម្រូវឱ្យពាណិជ្ជកររកស៊ីត្រូវបង់លុយប្រចាំខែជូន ស្នងការ ក្នុងមួយខែចំនួន១ម៉ឺនដុល្លារអាម៉េរិក។
ការបង់លុយប្រចាំខែដ៏ច្រើនសន្ធឹកសន្ធាប់នេះ ប្រភពដដែលបន្តទៀតថា « ឧកញ៉ា ជឹម សុខ ដែលគេស្គាល់ថា ប្រធានសភាពាណិជ្ជកម្ម ខែត្រព្រៃវែង ដែលមានមុខជំនួញនាំគោក្របីទៅលក់នៅ វៀតណាម បានត្អូញត្អែរថា ក្រុមហ៊ុនគាត់មានច្បាប់អនុញ្ញាតត្រឹមត្រូវពីស្ថាប័នជំនាញ និងអាជ្ញាធរខែត្រត្រឹមត្រូវ និងបានបំពេញកាតព្វកិច្ចបង់ពន្ធគយត្រឹមត្រូវទាំងអស់តែបែរជាត្រូវធ្វើទុក្ខបុកម្នេញពី លោកស្នងការខែត្រ ជាបន្តបន្ទាប់។ ដោយអត់ទ្រាំនឹងការតាមរំខានមុខជំនួញស្របច្បាប់របស់គាត់ពីសំណាក់ លោកស្នងការ ខែត្រព្រវែង ទើបឧកញ៉ាទម្លាយរឿងនេះ ដើម្បីស្នើសុំទៅថ្នាក់លើឱ្យត្រួតពិនិត្យមើលទង្វើរបស់ លោកស្នងការ ខែត្រព្រៃវែង ផង »។

លោក វណ្ណៈ បានសង្កត់ធ្ងន់ថា « តាមភស្តុតាងដែលយើងខ្ញុំទទួលបានគឺលោក ឡេង ពៅ ជាអ្នកទទួលលុយមួយខែ១ម៉ឺនដុល្លារដើម្បី យកទៅជូនលោកស្នងការ។ ករណីនេះសូម លោកស្នងការ ខែត្រព្រៃវែង និងលោក ឡេង ពៅ មេត្តាបំភ្លឺផង តើពិតទេដែលយកតួនាទីភារកិច្ចទៅជម្រិតយកលុយ ពាណិជ្ជករ រកស៊ីត្រឹមត្រូវបែបនេះ ? »។
ក្រោយសរសេរសារខាងលើអស់រយៈពេល២ម៉ោងរួចមកលោក ផែង វណ្ណៈ បញ្ជាក់ទៀតថា « រាល់ព័ត៌មានដែលខ្ញុំផ្សាយគឺសុទ្ធតែមានឯកសារ និងភស្តុតាងរឹងមាំណាស់ ជាពិសេសបើពាក់ព័ន្ធមន្រ្ដីមាន តួនាទីបុណ្យស័ក្ដិ ខ្ញុំរឹតតែប្រយ័ត្នប្រយែង (ចាប់ពស់វែកត្រូវចាប់ក្បាល)។ ខ្ញុំមិនទម្លាប់សរសេរព័ត៌មានលោតឆ័ត្រ ឬព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬគ្រាន់តែឮគេថា យកមកផ្សាយទេ។ មុននឹងធ្វើការផ្សាយព័ត៌មាននីមួយៗ ខ្ញុំបានធ្វើការស្រាវជ្រាវផ្ទៀងផ្ទាត់ជាក់លាក់ណាស់មុននឹងបញ្ចេញនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ដូច្នេះគ្មានហេតុផលណាដែលខ្ញុំត្រូវផ្សាយប៉ាតណាប៉ាតណីទេ។ បើតួអង្គពាក់ព័ន្ធយល់ឃើញថា ខ្ញុំផ្សាយមិនពិត អាចប្ដឹងខ្ញុំបានគ្រប់ពេល »។

លោក ទូច សុឃៈ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា នេះថា ក្រសួងបានចាត់នីតិវិធីជាបន្តបន្ទាប់ តែក្រសួងត្រូវការពេលដើម្បីពិនិត្យឱ្យបានសុក្រឹត្យបំផុត។ ស្របគ្នានេះដែរ លោកស្នងការ មានសិទ្ធិពេញលេញក្នុងការបកស្រាយបំភ្លឺ អំពីភាពស្អាតស្អំរបស់លោកចំពោះក្រសួង និងសាធារណជន។ លោកបន្តទៀតថា « ចំណែកឯ លោកឧកញ៉ា ប្រធានសភាណិជ្ជកម្ម ខែត្រព្រៃវែង ខ្ញុំមិនច្បាស់ទេថា លោកបានដាក់ពាក្យប្ដឹងរឿងព្រហ្មទណ្ឌ ឬយ៉ាងណានោះ ? តែយ៉ាងណាក្រសួង ក៏ស្វាគមន៍រាល់អំណះអំណាងស្របច្បាប់ពី លោកឧកញ៉ា ផងដែរ »។

ផេកហ្វេសប៊ុករបស់ អវតារស. បានលើកឡើងថា « ខ្ញុំមិនទាន់ជឿថា ស្នងការព្រៃវែង ហ៊ានកំហែងយកប្រាក់ប្រចាំខែពី ប្រធានសភាពាណិជ្ជកម្មខែត្រនោះទេ, លោក ជឹម សុខ មិនមែនដំឡូងមូលឯណា, តើ ឈឿន ប៊ុនឆន មានថ្លើមប៉ុណ្ណាទៅ ?…»។
ចំណែកលោកបណ្ឌិត គិន ភា បានសរសេរនៅក្នុង ស្ទេទថឺស របស់គាត់ថា « បើអ្នកឈឺចាប់នឹងអំពើអយុត្តិធម៌សង្គម សូមអ្នកដើរកាត់ភ្លៀងចុះគ្មាននរណាមើលឃើញទឹកភ្នែកអ្នកទេ »។

ទាក់ទងរឿងនេះដែរលោក មាស ឫទ្ធី អគ្គនាយករង ទូរទស្សន៍ហង្សមាស ក៏បានបញ្ចេញសារដ៏ខ្លីមួយថា « ឧកញ៉ា ជឹម សុខ ដោយសារ តែភាពអត់ធ្មត់លែងបានហើយលោកត្រូវតែទម្លាយរឿង ខែត្រព្រៃវែង ឲ្យសម្តេចវះកាត់…មានរឿងច្រើនទៀត…»។
នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ឈឿន ប៊ុនឆន ស្នងការនគរបាល ខែត្រព្រៃវែង ទូរស័ព្ទចូលតែពុំមានអ្នកទទួល។ រីឯលោក ឡេង ពៅ ស្នងការរងខែត្រ ទូរស័ព្ទរបស់គាត់ជាប់រវល់រហូត។ ម្ចាស់ករណីឧកញ៉ា ជឹក សុខ វិញអង្គភាពយើងក៏ពុំអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបាននោះដែរ។
គួរបញ្ជាក់ថា ករណី លោកស្នងការ ខែត្រព្រៃវែង និងលោក ឡេង ពៅ ស្នងការរង តម្រូវឱ្យលោកឧកញ៉ា ជឹម សុខ អ្នករកស៊ីនាំគោក្របីទៅវៀតណាម បង់លុយប្រចាំខែចំនួនមួយម៉ឺនដុល្លារអាម៉េរិកក្នុងមួយខែនោះលោក ផែង វណ្ណៈ ថា បានជូនភស្តុតាងវេរលុយទៅ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ រួចហើយ…៕


