កំពង់ធំៈ អ្នកបើកបររថយន្តដឹកគ្រាប់ស្វាយចន្ទី ងងុយដេក បានរេចង្កូតបុកអ្នកថ្មើរជើងមកពីវត្តបណ្តាលឲ្យស្លាប់មនុស្សចំនួន៥នាក់យ៉ាងអាណោចអាធ័មស្ថិតនៅ ភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខែត្រកំពង់ធំ ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខែត្រកំពង់ធំ បញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងខែត្រ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមផ្លូវច្បាប់។
អ្នកបើកបររថយន្តបង្កហេតុឈ្មោះ វេង គ្រឹស្នា ហៅ វ៉ាន់ដា ភេទប្រុសអាយុ៣០ឆ្នាំរស់នៅ ភូមិប៉ាហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហា ខែត្រព្រះវិហា។ រីឯសពជនរងគ្រោះទាំង៥នាក់មាន ទី១.ឈ្មោះ សៀង ខាន់ ភេទស្រីអាយុ៦៥ឆ្នាំ។ ទី២.ឈ្មោះ ធឿន ចាន់នី ភេទស្រីអាយុ១០ឆ្នាំ។ ទី៣.ឈ្មោះ ធឿន ស្រីខួច ភេទស្រីអាយុ១២ឆ្នាំ។ ទី៤.ឈ្មោះ គង់ គី ភេទស្រីអាយុ៧៣ឆ្នាំ។ ជនរងគ្រោះទាំង៤នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកក្មេងស្រីរងគ្រោះទី៥.ឈ្មោះ ជា សុខហេង អាយុ៨ឆ្នាំ រងរបួសធ្ងន់បានស្លាប់ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវ និងសែនរន្ធត់នេះបានកើតឡើង នៅវេលាម៉ោង៨ និង៣០នាទី កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុង ភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក។ ក្រុមជនរងគ្រោះទាំង៥នាក់ស្នាក់នៅភូមិឃុំខាងលើ។ ក្នុងចំណោមជនរងគ្រោះនោះមានស្ត្រីវ័យចំណាស់២នាក់ និងក្មេងស្រីអាយុក្រោម១៣ឆ្នាំចំនួន៣នាក់។
រថយន្តបង្កហេតុម៉ាក ហ៊ីយ៉ាន់ដាយ (Hyundai) ចំណុះ៥តោនពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣E-២០៧០ បានធ្វើដំណើរក្នុងទិសដៅ ពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅខាងឆ្វេង ហើយក៏ជ្រុលទៅបុកអ្នកថ្មើរជើងពេញទំហឹង តែម្តងបណ្តាលឲ្យស្លាប់មនុស្សចំនួន៥នាក់ដែលពួកគាត់កំពុងតែដើរមកពីវត្តទៅសំដៅទៅផ្ទះវិញ។ អ្នកបើកបររថយន្តគឺងងុយដេក។
តាមប្រភពចុងក្រោយបានឱ្យដឹងថា តុលាការ ខែត្រកំពង់ធំ បានចេញដីកាឃុំខ្លួន អ្នកបើកបររថយន្តបង្កហេតុ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ អ្នកបើកបររថយន្តឈ្មោះ វេង គ្រឹស្នា ហៅ វ៉ាន់ដា បានងងុយដេក ក៏បើកឡានរេចង្កូតបុកមនុស្សស្លាប់៥នាក់ទាំងកំរោល។
គួរបញ្ជាក់ថា កាលពីអធ្រាត្រថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក៏មានគ្រោះថ្នាក់ រថយន្តម៉ាកសឺដេសស្ព័រសេរីទំនើប បើកបរដោយយុវជនឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលជាកូន លោកស្នងការរងនគរបាល ខែត្របន្ទាយមានជ័យ បានបុកជនរងគ្រោះកំពុងបើកបរម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឱ្យស្លាប់ចំនួន៦នាក់ ដែលពួកគាត់មកពីមើលការប្រគំតន្ត្រីនៅ ស្រុកមោងឫស្សី ខែត្របាត់ដំបង៕

