ក្រសួងបរិស្ថានៈ យោងតាមរបាយការណ៍ស្តីពីការសិក្សាជីវចម្រុះស្ថិតនៅ តំបន់ភ្នំថ្មកំបោរ​ ដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បង្ហាញពីប្រភេទសត្វជាច្រើនប្រភេទបានរស់នៅក្នុង តំបន់ភ្នំថ្មកំបោរ។ តាមរយ:ការសិក្សារូងភ្នំជាង៦០តាមតំបន់ភ្នំចំនួន១០នៅក្នុង ខែត្របាត់ដំបង បានរកឃើញសត្វដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនដែលមួយចំនួនធំគឺមានតែនៅក្នុងតំបន់ជាក់លាក់នេះតែប៉ុណ្ណោះ។

ដឹកនាំដោយ អង្គការសត្វព្រៃ​ និងរុក្ខជាតិ សហការជាមួយ ក្រសួងបរិស្ថាន និងអ្នកជំនាញប្រព័ន្ធចំណែកថ្នាក់ បានរកឃើញសត្វជាច្រើនដែលជាប្រភេទថ្មីសម្រាប់វិទ្យាសាស្ត្រ ដោយក្នុងនោះមាន តុកកែថ្មីចំនួន៣ប្រភេទដូចជា តុកកែភ្នំកំពីងពួយ (Cyrtodactylus kampingpoiensis) ជីងចក់ភ្នំខ្ពស់ (Hemiphyllodactylus khpoh) និង ជីងចក់ស្លឹកបាត់ដំបង (Dixonius noctivagus) ប្រភេទខ្យង២ប្រភេទគឺ ខ្យងឧទយាទិត្យ (Clostophis udayaditinus) និង ខ្យង Chamalycaeus aduncus) ប្រភេទម្រើមព្រះ២ប្រភេទ (Orthomorpha efefai) និង Orthomorpha battambangiensis) ដែលប្រភេទថ្មីទាំង៧នេះត្រូវបានបោះពុម្ពផ្សាយជាសាធារណ:ខណៈដែល តុកកែថ្មីចំនួន៣ប្រភេទទៀត (Gehyra sp. nov.) (Cyrtodactylus sp. nov. )​ និង (Dixonius sp. nov.) និងប្រភេទពស់ pit viper (Trimeresurus sp. nov.) កំពុងត្រូវបានកំណត់អត្តសញ្ញាណ។

ការស្រាវជ្រាវនេះ ក៏បានកត់ត្រានូវវត្តមាននៃប្រភេទសត្វដែលរងការគំរាមកំហែងជាសកលជាច្រើនប្រភេទរួមមាន សត្វពង្រូល ស្វាព្រាម ស្វាក្តាម ស្វា​ត្រោស ក្ងោក និងសត្វកែះ ជាដើមដែលបង្ហាញពីតម្រូវការបន្ទាន់ក្នុងការការពារជម្រកទាំងនេះ។ តំបន់ទេសភាព ភ្នំថ្មកំបោរគឺជាការបណ្តុំចូលគ្នា នៃភ្នំថ្មកំបោរ និងរូងភ្នំ ដែលបង្កើតបានជាលក្ខណៈពិសេសៗដូចជា ​រណ្តៅ​ទឹក ប្រភព​ទឹក និង​អូរ​ក្រោមដី ជាដើម។

ទោះបីជាការស្រាវជ្រាវនៅតំបន់នេះ នៅមានកម្រិតនៅឡើយតែ តំបន់ភ្នំថ្មកំបោរ គឺជាជម្រកដ៏សំខាន់បំផុតមួយនៅលើផែនដីដែលសំបូរទៅដោយជីវចម្រុះដ៏ពិសេសៗមានវត្តមានតែនៅក្នុងតំបន់ជាក់លាក់ណាមួយប៉ុណ្ណោះ។ តំបន់ទេសភាពទាំងនេះ ក៏មានសារៈសំខាន់ខាងផ្នែកវប្បធម៌ និងសាសនា ចំពោះសហគមន៍មូលដ្ឋាន ហើយត្រូវបានគេឱ្យតម្លៃកាន់តែខ្លាំងឡើងៗសម្រាប់ អេកូទេសចរ ផងដែរ។

តំបន់ទេសភាព ភ្នំថ្មកំបោរ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីការជីកយករ៉ែ ការគ្រប់គ្រងសកម្មភាពទេសចរ មិនត្រឹមត្រូវ ភ្លើងឆេះព្រៃ ការកាប់ព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់ជាដើម។

ឯកឧត្ដម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងបរិស្ថាន មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវដ៏មានសារ:សំខាន់នេះបង្ហាញជាថ្មីម្តងទៀតថា កម្ពុជា គឺជាប្រទេសដែលមានភាពសម្បូរបែបនៃធនធានធម្មជាតិ និងជីវជម្រុះដែលមានតម្លៃទាំងនៅក្នុងស្រុក និងសម្រាប់សកលលោក។ ប្រព័ន្ធអេកូឡូស៊ីរបស់យើងមិនត្រឹមតែជា ទីជម្រក នៃប្រភេទសត្វកម្រ និងប្រភេទថ្មីៗ សម្រាប់ពិភពលោកប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ផ្តល់នូវ តម្លៃផ្នែកវប្បធម៌ ប្រពៃណី និងសេដ្ឋកិច្ច ដល់សហគមន៍មូលដ្ឋាន ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងការការពារ និងការគ្រប់គ្រងធនធាន ទាំងនោះប្រកបដោយនិរន្តរភាព។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើងដើម្បីធានាថា ការអភិវឌ្ឍន៍មានតុល្យភាពជាមួយនឹងការអភិរក្ស ជាលទ្ធផល បេតិកភណ្ឌធម្មជាតិរបស់យើង ត្រូវបានការពារសម្រាប់មនុស្សជំនាន់ក្រោយ។

កញ្ញា​ ធី សុធារ៉ែន មន្ត្រីសម្របសម្រួលផ្នែកជីវចម្រុះគម្រោងតំបន់ទេសភាពភ្នំថ្មកំបោរ បានរៀបរាប់ថា តំបន់ទេសភាពភ្នំថ្មកំបោរ នៅក្នុងប្រទេសកម្ពុជា គឺជាកំណប់ដ៏អាថ៌កំបាំង នៃវិទ្យាសាស្ត្រ ដែលកំពុងរង់ចាំការស្រាវជ្រាវ។ ក្រៅពីនៅអាចមានវត្តមានប្រភេទល្មូន និងខ្យងដែលយើងមិនទាន់រកឃើញ ឬក៏រូងភ្នំដែលលាក់បាំងខ្លួន ក៏អាចនៅមានអ្វីៗជាច្រើនណាស់ដែលយើងមិនដឹងអំពី ប្រព័ន្ធអេកូឡូស៊ី ដ៏ពិសេសនេះ និងប្រភេទជីវចម្រុះដែលរស់នៅក្នុងតំបន់នោះ។ បើគ្មានការគ្រប់គ្រងប្រកបដោយចីរភាពទេ យើងប្រហែលជាបាត់បង់ឱកាសរកឃើញនូវអ្វីៗដ៏ពិសេសដែលមាននៅតំបន់ទាំងនេះ។ តំបន់ទេសភាពភ្នំថ្មកំបោរ កំពុងប្រឈមមុខនឹងបញ្ហាដែលកើតចេញពីកត្តាមនុស្ស ហើយប្រភេទជីវចម្រុះសំខាន់ៗក៏អាចផុតពូជមុនពេលវាត្រូវបានគេរកឃើញ និងកត់ត្រា។ យើងបាន និងកំពុងធ្វើការជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុក ដើម្បីពង្រឹងការការពារតំបន់ទេសភាពទាំងនេះដោយអាទិភាពទីមួយគឺ ផ្តោតលើការគ្រប់គ្រង និងការប្រើប្រាស់ប្រកបដោយចីរភាព។

អង្គការសត្វព្រៃ និងរុក្ខជាតិ បាននិងកំពុងធ្វើការជាមួយដៃគូក្នុងស្រុកដើម្បី អភិរក្សតំបន់ទេសភាពភ្នំថ្មកំបោរ នៅក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះ យើងក៏បានចេញផ្សាយនូវគោលការណែនាំសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងល្អាងភ្នំប្រកបដោយចីរភាព។ គោលការណែនាំនេះរួមបញ្ចូលទាំងការអនុវត្តល្អៗស្របតាមស្តង់ដារអន្តរជាតិ និងសមស្របជាមួយបរិបទកម្ពុជា ដោយផ្តល់នូវវិធានការជាក់ស្តែងដើម្បីការពារបណ្តុំសត្វប្រចៀវ និងជីវចម្រុះដ៏កម្រនៅក្នុង រូងភ្នំ អប់រំផ្សព្វផ្សាយទាក់ទង នឹងការប្រមូលលាមកប្រចៀវក្នុងល្អាងប្រកបដោយនិរន្តរភាព និងធានាឱ្យបាននូវការអភិវឌ្ឍន៍ទេសចរប្រកបដោយទំនួលខុសត្រូវ។

របាយការសិក្សាស្រាវជ្រាវជីវចម្រុះនេះ ផ្តោតទៅលើក្រុមប្រភេទសត្វសំខាន់ៗមានដូចជា ប្រភេទសត្វប្រចៀវ ឧរង្គសត្វ (ល្មូន) និងថជលិកសត្វ (កង្កែប) ប្រភេទខ្យង សត្វឥតឆ្អឹងកងក្នុងរូង និងរួមបញ្ចូលការសិក្សាដោយម៉ាសុីនថតស្វ័យប្រវត្ត (ផ្តោតលើថនិកសត្វ និងប្រភេទសត្វស្លាបលើគោក)៕

You missed

error: Content is protected !!