ខែត្រកំពត : មន្ត្រីនៃការិយាល័យភូមិបាល ស្រុកដងទង់ មួយក្រុមដឹកនាំដោយលោក សុខ ដារិន បានឆ្លៀតឱកាសយកប្រាក់ពីពលរដ្ឋ
ដោយមិនបានសរសេរវិក័យបត្រចេញពី មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនពួកគាត់ឡើយរឿងចែកបណ្ណកម្មសិទ្ធិដីធ្លីស្ថិតនៅ ភូមិដំណាក់
ត្រយឹង ឃុំឃ្ចាយខាងត្បូង ស្រុកដងទង់ ខែត្រកំពត។
ក្រុមការងារលោក សុខ ដារិន បានទទួលប្រាក់ដោយមិនបានសរសេរវិក័យបត្រជូនពលរដ្ឋដោយកំណត់តម្លៃតិចបំផុតគឺ១បណ្ណចំនួន
១ម៉ឺនរៀល ក្រោមលេសហេតុផលថា មិនមានលុយអាប់ ទុកសម្រាប់ថ្លៃបាយ និងថ្លៃសាំង វាជាអំពើផ្ទុយពីការណែនាំរបស់ ឯកឧត្តម
អភិបាល ខែត្រកំពត។

អំពើត្រីងៀតឆ្លៀតពងរបស់លោក សុខ ដារិន ជាទង្វើអសីលធម៌បំផុតរបស់មន្ត្រី នៃការិយាល័យភូមិបាល ស្រុកដងទង់ ដែលធ្វើឲ្យ
ប៉ះពាល់ដល់គោលការណ៍ ផែនការវាស់វែង និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋរបស់ រាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម
សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី បានកំណត់ធ្វើដូចភ្លៀងរលឹម
ដោយពលរដ្ឋទទួលបានសិទ្ធិក្នុងការគ្រប់គ្រងអចលនវត្ថុស្របច្បាប់ស្ដីពី ការគ្រប់គ្រងដីធ្លីនៅកម្ពុជា។ ការធ្វើនេះជាផែនការដ៏ល្អបំ
ផុតរបស់ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ម៉ៅ ធនិន ដែល
ជា អភិបាល ខែត្រកំពត។
យោងតាមរបាយការណ៍របស់ លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខែត្រកំពត បានឱ្យដឹងថា ក្នុង
ថ្ងៃនេះ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវបានធ្វើឡើងសម្រាប់បងប្អូនពលរដ្ឋមកពីភូមិចំនួន២គឺ ភូមិឈ្លីតក្រោម និង
ភូមិដំណាក់ត្រយឹង ឃុំខ្ចាយខាងត្បូង ដែលមានក្បាលដីសរុបចំនួន៤០៣១ក្បាលដី ស្មើនឹង១៨៤៥គ្រួសារ និងការប្រកាសបិទផ្សាយ
ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីសម្រាប់ភូមិចំនួន៣ក្នុង ឃុំស្រែជាខាងត្បូង រួមមាន ភូមិត្រពាំងក្ដារ ភូមិខ្ពស់ និង ភូមិអូរ
ឫស្សី ដែលមានក្បាលដីសរុបចំនួន៤៣៦០ក្បាលដី ស្មើនឹង២២១៧គ្រួសារ។

ប្រជាពលរដ្ឋមួយចំនួនមានការត្អូញត្អែថា ការយកតម្លៃលើសនេះ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ដោយសារតែគ្រួសារខ្លះ
មាន៥ទៅ៧បណ្ណឯណោះ ហើយបានចំណាយថវិកាអស់៥ទៅ១០ម៉ឺនរៀល និងគ្រួសារខ្លះទៀតក៏ចំណាយអស់២០ម៉ឺនរៀលក៏មាន
ដែរ។
ប្រធានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខែត្រកំពត លោក ព្រាប សុផាត អង្គភាពយើងពុំអាចស្វែងរកការទំនាក់
ទំនងដើម្បីសុំការបំភ្លឺបានទេអំពីករណីខាងលើនេះ។
ប្រធានការិយាល័យភូមិបាល ស្រុកដងទង់ លោក កែវ ចាន់ផាន់ណារិទ្ធ មិនបានឆ្លើយតបមកកាន់សំណួររបស់ អ្នកកាសែតទេតាម
ប្រព័ន្ធអេឡិចត្រូនិច តេឡេក្រាម កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

ប្រធានក្រុមការងារចុះចែកបណ្ណ ភូមិដំណាក់ត្រយឹង លោក សុខ ដារិន បានប្រាប់អង្គភាពយើងកាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ
២០២៦ ថា សម្រាប់វិក័យបត្របង់ប្រាក់គឺមានក៏ប៉ុន្តែដោយសារតែក្រុមការងារហែកមិនទាន់ ដូច្នេះក៏ពុំទាន់សរសេរជូនប្រជាពលរដ្ឋ។
រីឯលោក កា សុភ័ក្រ ដែលជាអ្នកចែកបណ្ណ និងទទួលប្រាក់ពីប្រជាពលរដ្ឋផ្ទាល់វិញលើកឡើងថា ក្រុមមន្ត្រីស្ម័គ្រចិត្តមិនមានប្រាក់ខែ
ទេហើយគាត់មកពីទីឆ្ងាយដើម្បីមកធ្វើការនៅទីនេះ ដូច្នេះពួកគាត់ក៏ធ្វើការអំពាវនាវទៅប្រជាពលរដ្ឋដើម្បីជាថ្លៃសាំង និងថ្លៃបាយ។
បន្តទៀតថា វិក័យបត្របង់ប្រាក់ដែលយកមកសរសេរដើម្បីចែកជូនប្រជាពលរដ្ឋនោះគឺអស់ហើយ…។
ប្រជាពលរដ្ឋម្នាក់មានវ័យប្រហែល៥០ឆ្នាំបានរៀបរាប់អំពីទុក្ខលំបាកថា គ្រួសារគាត់មាន៥បណ្ណត្រូវចំណាយថវិកាអស់១០ម៉ឺនរៀល។
គាត់បន្តងថា ថវិកានេះ ជាថវិកាដ៏ច្រើនសម្រាប់គ្រួសាររបស់គាត់។

មន្ត្រីរាជការម្នាក់មានចម្ងល់ថា តើមន្ត្រី នៃការិយាល័យសុរិយោដី នោះជាមន្ត្រីស៊ីប្រាក់ខែរដ្ឋ ឬជាពួកអង្គការ ដែលមកធ្វើការដើម្បី
យកប្រាក់ឈ្នួលពីពលរដ្ឋ ? គាត់និយាយទាំងស្ទាក់ស្ទើរថា ខ្ញុំអស់លុយដូចគេឯងដែរដោយមិនហ៊ានតវ៉ាអ្វីទេពីព្រោះខ្លាចគេថាឆ្កួត
ម្នាក់ឯង។ ដូច្នេះមានតែទ្រាំចំណាយថវិកាដូចគេឯងដែរទៅ…។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល ខែត្រកំពត បានអញ្ជើញជាអធិបតីនៃពិធីចែក
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ជូនប្រជាពលរដ្ឋ ស្រុក
ដងទង់៕

