ខែត្រកែប: លោកជំទាវម្នាក់បានចាក់អាចម៍ដីចូលតាមប្លង់កម្មសិទ្ធិលេខ១៨៣៨របស់ខ្លួន ក៏ប៉ុន្តែសកម្មភាពនេះចាក់ដីលយចេញ
រំលោភយកឆ្នេរអង្កោលទាំងកំរោល ស្ថិតនៅត្រង់ចំណុចសំចតទូកប្រជានេសាទ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខែត្រ
កែប។
មន្ត្រីមូលដ្ឋានមួយចំនួនទំនងជាជួយលាក់លៀមឈ្មោះជំទាវនោះថែមថទៀតផង។ ការចាក់ដីរំលោភយកឆ្នេរអង្គោលនោះមានទទឹង
ប្រមាណ១ម៉ែត្រ រីឯផ្នែកខ្លះចូលលើសដល់៦ម៉ែត្រ និងបណ្ដោយ៦៩ម៉ែត្រ។ នេះបើយោងតាមការចុះចុចនិយាមការ និងជីភីអេស
( GPS ) ក្រុមការងារ នៃរដ្ឋបាលសាលាស្រុក និងមន្ត្រីនៃមន្ទីរសុរិយោដី ខែត្រកែប។

ឆ្នេរអង្កោល ជាតំបន់ទេសចរមួយដែលមានសក្តានុពលក្នុងចំណោមតំបន់ប៉ូលទេសចរទាំង៤របស់ ខែត្រកែប។ តំបន់ទេសចរថ្មី
នេះគឺជាជម្រកដ៏ត្រជាក់ត្រជុំផ្ដុំទៅដោយពលរដ្ឋពុំសូវធូរធារ និងអ្នកនេសាទរស់នៅ។ ក៏ប៉ុន្តែដោយសារមូលហេតុដីឡើងថ្លៃវាបាន
ធ្វើឱ្យអ្នកមានលុយ និងមានអំណាចមួយចំនួនចង់បានដីក្នុងតំបន់នោះយកធ្វើកម្មសិទ្ធិ និងប្រកបអាជីវកម្មផ្សេងៗ។
យោងតាម អនុក្រឹត្យលេខ ៩៨ អ.នក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ នៃរាជរដ្ឋាភិបាលគឺត្រូវ
បានកំណត់១០០ម៉ែត្រពីចំណីឆ្នេរ និងពាមឆ្នេរ។ ប្រសិនបើជនណាមួយហ៊ានបំពានសាងសង់ ឬ ចាក់ដីលុបនោះគឺមានឈ្មោះ
ថា រំលោភបំពានលើទ្រព្យសម្បត្តិរបស់រដ្ឋ។

លោក ឆាង ឆៃ អភិបាល ស្រុកដំណាក់ចង្អើរ បានបង្ហាញជំហររក្សា និងការពារទ្រព្យសម្បត្តិរដ្ឋដែលស្ថិតនៅក្នុងដែនគ្រប់គ្រង
របស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោកកាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។
លោកបន្តថា ក្រុមការងាររបស់ រដ្ឋបាលសាលា ស្រុកដំណាក់ចង្អើរ បានចុះទៅពិនិត្យ និងផ្អាកការសាងសង់បណ្ដោះអាសន្នរង់
ចាំម្ចាស់ដីចូលមកដោះស្រាយ។ ម្ចាស់ដីបានឱ្យតំណាងដើម្បីមកផ្ដិតមេដៃធ្វើកិច្ចសន្យា និងព្រមលះសិទ្ធិដីដែលចាក់រំលោភ
នោះជូនជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋវិញ។ លោកក៏បានធ្វើរបាយការណ៍ជូន អភិបាលខែត្រ ហើយថែមទាំងបានប្ដេជ្ញា
ចិត្តថា មិនឱ្យជនណាបំពានលើដីចំណីឆ្នេរសូម្បីតែ១ម៉ែត្រ…។

លោក រតនា មន្ត្រីសុរិយោដី ខែត្រកែប ក៏បានលើកឡើងនៅរសៀលថ្ងៃទី១៤ ខែមីនា ថា លោកនៅ ភ្នំពេញ ហើយលោកពិតជា
មន្ត្រីសុរិយោដី ខែត្រកែប មែន។ លោកក៏ហាក់ពុំយល់អំពីសំណួររបស់ អ្នកកាសែត ឬ ក៏គាត់មិនសូវចេះអានអក្សរខ្មែរក៏មិនដឹង ? បានជាអង្គភាពសារព័ត៌មានយើងសួរគាត់អំពីម្ចាស់ទីតាំងដីឈ្មោះអ្វី ? បែរជាគាត់ឆ្លើយថា លោកមិនមែនជាអ្នករកស៊ីម៉ៅការធ្វើ
របង និងចាក់ដីនោះទេ។ ក្រោយពីសន្ទនាតាមប្រព័ន្ធតេឡេក្រាមចប់ប្រមាណ២ម៉ោងគាត់ក៏បានលុបសារទាំងនោះចោលអស់។
ចំណែកលោក ធិន ស៊ីណា អភិបាលរង ស្រុកដំណាក់ចង្អើរ វិញអ្នកកាសែតសួរ គោ គាត់ឆ្លើយ ក្របី។ អ្នកកាសែតបានសួរគាត់
ថា លោកជាអ្នកដឹកនាំចុះពិនិត្យផ្ទាល់ទីតាំងដីខាងលើនោះតើនឹងមានវិធានការយ៉ាងណាខ្លះចំពោះម្ចាស់ដី ? ហើយម្ចាស់ដីមាន
ឈ្មោះអ្វីដែរ ? លោកបានតបមកវិញថា « បាទសួស្ដីបងសុខសប្បាយបង»។ នេះបើតាមការឆ្លើយតបនៅ ប្រព័ន្ធអេឡិចត្រូនិច
តេឡេក្រាម កាលពីរសៀលម៉ោង២:២៩នាទីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។

មន្ត្រីម្នាក់រស់នៅ ខែត្រកែប បានសម្ដែងការមិនជឿទុកចិត្តលើអាជ្ញាធរដែលចុះទៅត្រួតពិនិត្យ និងធ្វើការហាមឃាត់ការសាង
សង់ខាងលើ។ លោកបន្តថា ខ្លាចតែចុះទៅដើម្បីសម្ដែងតែប៉ុណ្ណោះ ហើយចុងក្រោយធ្វើលើសដើម…។
បុរសម្នាក់រស់នៅក្បែរដីកើតហេតុបានឱ្យដឹងថា ដីនេះម្ចាស់រស់នៅ ភ្នំពេញ។ លោកមិនបានស្គាល់ឈ្មោះគាត់ទេហើយវាជាដី
របស់អ្នកធំ ! បងមិនបាច់ឆ្ងល់ទេប្រសិនបើដីពលរដ្ឋធម្មតាគឺមិនអាចចាក់ដី និងធ្វើរបងយ៉ាងរលូនឡើយ។ រីឯក្រុមជាងនៅតែ
បន្តការងារដដែលទោះបីជាកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរបានចុះទៅហាមឃាត់យ៉ាងណាក៏ដោយ។ ប្រសិនបើ
ពលរដ្ឋធម្មតាវិញនោះគឺសូម្បីតែធ្វើទីតាំងចតទូកអំពីឈើក៏ពុំបានដែរ។
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារ ស្រុកដំណាក់ចង្អើរ ចុះពិនិត្យ និងធ្វើការវាស់វែងចុចនិយាមការ និង
( GPS ) ដើម្បីកំណត់ព្រំដី១ន្លែងស្ថិតនៅ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ បានរកឃើញថា ការចាក់ដីលុបឆ្នេរអង្កោ
លនោះចូលដីសាធារណៈរបស់រដ្ឋ។ ក្រុមការងារស្រុកក៏បានហាមឃាត់ និងហៅម្ចាស់ដីទៅធ្វើកិច្ចសន្យា។ ក៏ប៉ុន្តែកាលពីព្រឹកថ្ងៃ
ទី១៤ ខែមីនា ឆ្នាំ២០២៦ គេសង្កេតឃើញក្រុមជាងសំណង់នៅតែបន្តការងារជាធម្មតា…៕




