ព្រះសីហនុៈ សក្ដានុពលធនធានធម្មជាតិ ជាមួយនឹងគោលនយោបាយលើកទឹកចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ដល់អ្នកវិនិយោគ ជាពិសេស ពោរពេញដោយសន្តិសុខ សុវត្ថិភាព ជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិនបង្កើនល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់សង្គមជាតិខណៈទុនវិនិយោគប្រមាណ៧,៩៧១ ( ប្រាំពីរពាន់ប្រាំបួនរយចិតសិបមួយ ) លានដុល្លារអាម៉េរិក នឹងអាចបង្កើតឱកាសការងារបានប្រមាណ៥២,០០០ ( ប្រាំម៉ឺនពីរកន្លែង )។

ខាងលើនេះយោងការលើកឡើងរបស់លោក ហែម ដារិទ្ធិ អភិបាលរង នៃគណៈអភិបាល ខែត្រព្រះសីហនុ ក្នុងពិធីសម្ពោធគម្រោងលំនៅដ្ឋាន “វ័ន មេនសិន” (One Mansion) នៅមជ្ឈមណ្ឌល « សេដ្ឋាច័ន្ទ » ស្ថិតនៅ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខែត្រព្រះសីហនុ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។

ផែនការមេអភិវឌ្ឍន៍ឆ្ពោះទៅ ឆ្នាំ២០៣៨ រដ្ឋបាល ខែត្រព្រះសីហនុ បានដាក់ចេញនូវផែនការមេដើម្បីប្រែក្លាយខែត្រមាត់សមុទ្រមួយនេះទៅជា “ តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ” តាមរយៈការបែងចែកតំបន់វិនិយោគសាធារណៈជា៤តំបន់យុទ្ធសាស្ត្ររហូតដល់ ឆ្នាំ២០៣៨ រួមមានៈ តំបន់ឧស្សាហកម្ម និងដឹកជញ្ជូនពង្រឹងច្រកទ្វារសេដ្ឋកិច្ច។ តំបន់ទីក្រុងសមាហរណកម្ម ផ្ដោតលើពាណិជ្ជកម្ម លំនៅដ្ឋាន និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ តំបន់កោះ អភិវឌ្ឍជាតំបន់ទេសចរកម្រិតពិភពលោក។ តំបន់តភ្ជាប់ រុញច្រាន ខែត្រព្រះសីហនុ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងទៅកាន់ទីផ្សារសកល។

ទំនុកចិត្តពីវិស័យឯកជនក្នុងឱកាសនោះដែរលោក ថុង សេដ្ឋា តំណាងក្រុមហ៊ុនវិនិយោគគម្រោង វ័ន មេនសិន បានបង្ហាញពីភាពជឿជាក់លើបរិយាកាសវិនិយោគនៅកម្ពុជា។ លោកបានបញ្ជាក់ថា កិច្ចគាំទ្រដោយស្ថិរភាពសន្តិសុខ និងការសម្របសម្រួលយ៉ាងកក់ក្ដៅ ពីស្ថាប័នរដ្ឋបានធ្វើឱ្យ ក្រុមហ៊ុន សម្រេចចិត្តវិនិយោគលើគម្រោងលំនៅដ្ឋានប្រណីតនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការរស់នៅបែបសម័យទំនើប និងរួមចំណែកទាក់ទាញភ្ញៀវទេសចរមកកាន់ ខែត្រព្រះសីហនុ។

សមិទ្ធផល នៃការលើកទឹកចិត្តវិនិយោគ (២០២៤-២០២៥) ជោគជ័យ នៃការអនុវត្តកម្មវិធីពិសេស ជំរុញការវិនិយោគក្នុង ខែត្រព្រះសីហនុ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ (២០២៤-២០២៥) សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ចំនួនគម្រោងសរុប៤១២ គម្រោងទទួលបានការលើកទឹកចិត្ត និងសម្របសម្រួលដោះស្រាយវិវាទ។

ដោយឡែកសម្រាប់ ឆ្នាំ២០២៥ តែមួយ ក្រុមការងារសម្រេចបាន១៩៩គម្រោង (ស្មើនឹង ១៣៣ភាគរយ លើសផែនការដែលកំណត់ត្រឹម១៥០គម្រោង)។ ក្នុងនោះរួមមានការដោះស្រាយអគារជាប់គាំងចំនួន៩២គម្រោង គម្រោងថ្មី៩០គម្រោង និងការពង្រីកអាជីវកម្មផ្សេងៗទៀតដែល គ្របដណ្ដប់លើ វិស័យអចលនទ្រព្យ ឧស្សាហកម្ម ទេសចរ និងអប់រំ។

គួរបញ្ជាក់ថា ការជោគជ័យដ៏ធំធេងនេះ គឺកើតចេញពីកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខែត្រ ក្រោមអភិក្រម “ ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ” ដើម្បីធានាឱ្យបាននូវការរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន៕ ដោយៈ សាមុត

You missed

error: Content is protected !!