កោះកុងៈ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធាន
សមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករ មួយចំនួនបានបន្ត
នាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីប្រគល់ជូន
ប្រជាពលរដ្ឋភៀសសឹកចំនួន១៥២៦គ្រួសារស្ថិតក្នុង ស្រុកបទុមសាគរ មានចំនួន៦៤៧គ្រួសារ និងស្រុកកោះកុង មានចំនួន៨៧៩គ្រួសារ
ខែត្រកោះកុង។
ពិធីប្រគល់អំណោយនេះបានរៀបចំធ្វើឡើងនៅជំរំជនភៀសសឹកចំនួន២ទីតាំងផ្សេងគ្នាដោយមានការចូលរួមពី ឯកឧត្ដមបណ្ឌិត គុណ ញឹម អគ្គគយ និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាល ខែត្រកោះកុង អាជ្ញាធរមូលដ្ឋាន នាយកសាលា និងព្រះចៅអធិការវត្ត តាមទីតាំងនីមួយៗ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។

អំណោយសម្រាប់ចែកជូននាឱកាសនោះរួមមាន អង្ករ៧៦៣០គីឡូក្រាម, ទឹកសុទ្ធ៦៣៦កេស, មីកញ្ចប់១៥២៦កេស និងកញ្ចប់ (Kits) ចំនួន១៥២៦ (១កញ្ចប់សម្រាប់១គ្រួសារ) ដោយក្នុង Kits នីមួយៗរួមមាន ភួយ១, សារុង១, អាវការពាររងា១, ទឹកស៊ីអ៊ីវ១ដប, ទឹកត្រី១ដប, ទឹកដោះគោខាប់៣កំប៉ុង, ទឹកដោះគោស្រស់១យួរ ស្មើ៤កំប៉ុង, ទឹកក្រូច៥កំប៉ុង, នំប៉័ងកញ្ចប់១ដុំ, ច្រាសដុសធ្មេញ២, ថ្នាំដុសធ្មេញ១, សាប៊ូដុសខ្លួន១ដុំ, សំឡីអនាម័យ១ដុំ, ម្សៅសាប៊ូ២កញ្ចប់ ស្មើ២៥០ក្រាម, បាយក្តាំង២កញ្ចប់, សាច់ក្រកកន្លះគីឡូក្រាម, ឆៃប៉ូវកន្លះគីឡូក្រាម, ត្រីងៀត២, ស្ករស១គីឡូក្រាម និងថវិកាចំនួន៥០,០០០រៀលក្នុង១គ្រួសារ សរុបស្មើនឹង៧៦,៣០០,០០០រៀល។ ឯកឧត្តមបណ្ឌិត ក៏បានប្រគល់ថវិកាមួយចំនួនផងដែរ ជូនរដ្ឋបាលស្រុកទាំងពីរ និងព្រះចៅអធិការវត្ត សម្រាប់រួមចំណែកសម្រាលបន្ទុកក្នុងការរៀបចំទីកន្លែង និងការទ្រទ្រង់ប្រជាពលរដ្ឋភៀសសឹកក្នុងវត្ត។
ស្ថិតក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ រួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋយើង ពិសេសបងប្អូនពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយសារអំពើឈ្លានពានដ៏ព្រៃផ្សៃរបស់ប្រទេសថៃ មកលើ ប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត បញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ការវាយប្រហារឈ្លានពាននៃយោធាសៀម កាន់តែមានភាពសាហាវឃោឃៅ និង កាន់តែចូលជ្រៅមកក្នុង ដែនអធិបតេយ្យរបស់កម្ពុជា ដែលធ្វើឱ្យចំនួនប្រជាពលរដ្ឋភៀសសឹក មានការកើនឡើងយ៉ាងខ្លាំង។ ស្ថានភាពនេះ តម្រូវឱ្យយើងទាំងអស់គ្នាត្រូវបន្តរួមគ្នាដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ព ឱ្យកាន់តែសស្រាក់សស្រាំថែមទៀត។ ឯកឧត្តម បានលើកឡើងថា អំណោយដែលបានយកមកជូននាពេលនេះឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពខ្មែរតែមួយ ដែលប្រជាពលរដ្ឋទូទាំងប្រទេសស្របតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមជា កម្លាំងកាយចិត្ត ឧបត្ថម្ភជាថវិកា និងសម្ភារៈផ្សេងៗ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ព ដែលបានជម្លៀសមកកន្លែងសុវត្ថិភាពដោយសារការឈ្លានពានដ៏កំរោលឃោរឃៅ និងព្រៃផ្សៃពី ទាហានសៀម។
ឯកឧត្តមបណ្ឌិត ក៏បានក្រើនរំលឹកដល់បងប្អូនពលរដ្ឋក្នុងជំរំជនភៀសសឹកឱ្យយកចិត្តទុកដាក់រក្សាអនាម័យ ថែទាំសុខភាព បង្ការជំងឺដំកាត់
នានា និងសូមឱ្យបងប្អូនប្រជាពលរដ្ឋមានភាពនឹងនរ និងកក់ក្តៅក្នុងចិត្តព្រោះថា រាជរដ្ឋាភិបាល និងសប្បុសរជនទាំងអស់នឹងនៅរួមសុខរួមទុក្ខជាប់ជានិច្ចដោយមិនបោះបង់បងប្អូនចោលឡើយ។ ទន្ទឹមនេះបងប្អូនត្រូវមានការអត់ធ្មត់ និងជឿជាក់លើការដឹកនាំរបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយ ទាំងផ្លូវការទូត ផ្លូវច្បាប់ និងយោធា ដើម្បីការពារអាយុជីវិតប្រជាជន បូរណភាពទឹកដី និង ឈានទៅបញ្ចប់សង្រ្គាមនាំយកសុខសន្តិភាពនាពេលខាងមុខនេះ ហើយបងប្អូនអាចវិលត្រឡប់ទៅលំនៅដ្ឋាន ភូមិ ស្រុក រៀងៗខ្លួនវិញ។

អភិបាលនៃគណៈអភិបាល ខែត្រកោះកុង លោកជំទាវ ឈី វ៉ា បានថ្លែងអំណរគុណដល់ ឯកឧត្តម និងសមាជិកសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទាំងអស់។ អំណោយដ៏ថ្លៃថ្លានេះ មិនត្រឹមតែចូលរួមចំណែកជួយដោះស្រាយជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបាននិងកំពុងរងនូវផលប៉ះពាល់ទាំងផ្នែកសុវត្ថិភាព និងផ្នែកស្មារតីយ៉ាងធ្ងន់ធ្ងរ ដោយសារសង្គ្រាមឈ្លានពាន របស់យោធាថៃ។
គួរបញ្ជាក់ថា ចាប់តាំងពីពេលមានសង្គ្រាមឈ្លានពានពីសំណាក់ យោធាសៀម. មកលើកម្ពុជា ជាលើកទី២រហូតដល់ពេលនេះសមាគម
សង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននាំយកសម្ភារឧបត្ថម្ភជូន វីរកងទ័ព ជួរមុខជាច្រើនលើកព្រមទាំងផ្តល់
អំណោយជូនប្រជាពលរដ្ឋភៀសសឹកដែលបានជម្លៀសមកកន្លែងសុវត្ថិភាពក្នុង ខែត្រសៀមរាប ខែត្រពោធិ៍សាត់ ខែត្របន្ទាយមានជ័យ
និងខែត្រកោះកុង សរុបចំនួន៧៨២៩គ្រួសារ រួចមកហើយ។ សមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ប្តេជ្ញាបន្តនាំយកជំនួយឧបត្ថម្ភសម្រាប់ជនភៀសសឹកតាមបណ្តាខែត្រនានាជាបន្តបន្ទាប់ទៀត៕


