ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី « និយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភា ពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណ:កម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ស្ថិតនៅសាលាជាតិគយ នាព្រឹកថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

សិក្ខាសាលា ក៏មានការចូលរួមផងដែរពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួង ពាណិជ្ជកម្ម ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី តំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា សមាគមភស្តុភារកម្មកម្ពុជា សមាគមផលិតគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុនវិនិយោគដែលផលិតទំនិញនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក ព្រមទាំងជើងសាគយ សរុបប្រមាណ៥០០រូប។

ចំណុចសំខាន់នៃសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារ ទី១.និយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ ទី២.វឌ្ឍនភាពនៃការចរចាពន្ធគយបដិការជាមួយ សហរដ្ឋអាម៉េរិក និង ទី៣.នីតិវិធីនៃការស្នើសុំលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ និងការចែករំលែកព័ត៌មានពីសក្តានុពលទីផ្សារសហរដ្ឋអាម៉េរិក ដោយប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា។

អង្គវេទិកាក៏បានរៀបចំកិច្ចពិភាក្សាដើម្បីឆ្លើយតបនឹងសំណួរ និងសំណូមពរដែលជាកង្វល់របស់ វិស័យឯកជន ដោយមានវាគ្មិនកិត្តិយសមកពី អ.គ.រ. ក.អ.ក. ក.ព.ណ. និងទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។ ក្នុងកិច្ចពិភាក្សានេះ មានសំណួរ ដែលបានលើកឡើងត្រូវបានពន្យល់ និងបំភ្លឺជូនយ៉ាងច្បាស់លាស់ដោយវាគ្មិនកិត្តិយស។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានគូសរំលេចពីសារៈសំខាន់ នៃទីផ្សារសហរដ្ឋអាម៉េរិក ចំពោះទំនិញនាំចេញពីកម្ពុជា ដែលទីផ្សារនេះស្រូប យកប្រមាណ៤៣ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជាដែលក្នុងន័យនេះគ្រប់តួអង្គ និងភាគីពាក់ព័ន្ធត្រូវខិតខំថែរក្សាទីផ្សារនេះឱ្យបានល្អ។ ហេតុ ដូច្នេះហើយទើបភ្លាមៗបន្ទាប់ពី សហរដ្ឋអាម៉េរិក ប្រកាសដាក់ ពន្ធបដិការ៤៩ភាគរយ លើទំនិញនាំចេញពីកម្ពុជា កាលពី ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់វិធានការរហ័ស និងទាន់ពេលវេលាស្នើសុំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលរហូតឈានដល់សម្រេចបាននូវ « កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មបដិការ » រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលពន្ធបដិការលើទំនិញរបស់កម្ពុជាត្រូវបានទម្លាក់ពី ៤៩ភាគរយ មកនៅត្រឹម ១៩ភាគរយ។

អង្គពិធីនៅថ្ងៃនេះគឺធ្វើយ៉ាងណាដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារនៃ « និយាមនីតិវិធីប្រតិបត្តិសម្រាប់អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក » ដែលជាឯកសារគោលរបស់ ក្រុមការងារអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក សម្រាប់យកទៅអនុវត្តក្នុងការធានាថា ការនាំចូលវត្ថុធាតុដើមដើម្បីផលិត និងកែច្នៃហើយនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិកមានអនុលោមភាពស្របតាមវិធានដើមកំណើតទំនិញដែលបានកំណត់ ដែលការណ៍នេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាទីផ្សារ និងថែរក្សាអត្រាពន្ធបដិការ ដែលមានភាពប្រកួតប្រជែងធៀបជាមួយ នឹងប្រទេសជិតខាងដែលកម្ពុជាទទួលបាន។

ឯកឧត្ដម ក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិនិយោគិន ដែលបណ្ដាក់ទុននៅកម្ពុជាបច្ចុប្បន្ន ខិតខំចូលរួមជាមួយ រាជរដ្ឋា ភិបាល ក្នុងការកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា និងខិតខំស្វែងរកវិនិយោគិនមកបណ្ដាក់ទុនធ្វើធុរកិច្ចនៅកម្ពុជាបន្ថែមទៀត។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គ្រោងនឹងស្នើសុំរៀបចំកិច្ចប្រជុំជាមួយ រដ្ឋបាលគយនៃសហរដ្ឋអាម៉េរិក ដើម្បីពិនិត្យលទ្ធភាពរៀបចំកសាងឱ្យមានក្របខណ្ឌកិច្ចសហប្រតិបត្ដិការជួយគ្នាទៅវិញទៅមកក្នុងវិស័យជាមួយនឹងរដ្ឋបាលគយរបស់សហរដ្ឋអាម៉េរិក ដោយផ្អែកលើមគ្គុទ្ទេសក៏គំរូ (CMAA) របស់ អង្គការគយពិភពលោក ដើម្បីងាយស្រួលឱ្យរដ្ឋបាលគយទាំងពីរអាចបន្តពង្រឹងកិច្ចសហការជាពិសេសសម្របសម្រួលក្នុងការចុះមកអង្កេតគម្រោងវិនិយោគនៅកម្ពុជា ការផ្លាស់ប្ដូរទិន្នន័យ និងព័ត៌មានចាំបាច់នានា។ ក្នុងករណីសម្រេចបាននូវការចុះហត្ថលេខាលើក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ ក្រុមការងារអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក នឹងត្រូវទទួលភារកិច្ចសម្របសម្រួលជាមួយរដ្ឋបាលគយរបស់ សហរដ្ឋអាម៉េរិក។

ចំណែក អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ថា យើងនឹងជំរុញវិនិយោគិន ដែលនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យអនុ លោមទៅតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។ ទន្ទឹមនេះ អ្នកឧកញ៉ា ក៏បានស្នើក្រសួង-ស្ថាប័នពាក់ព័ន្ធផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មជាអតិបរមាជូនដល់ធុរជន និងត្រូវដាក់ទោសទណ្ឌដល់ធុរជនប្រព្រឹត្ដបទល្មើស ព្រមទាំងបានអំពាវនាវដល់ ធុរជន ក្រុមហ៊ុនដឹកជញ្ជូន ភ្នាក់ងារផ្ដល់សេវានិងជើងសាគយ ត្រូវចូលរួមការប្រកាសនាំចេញ-នាំចូលទំនិញឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន ចៀសវាងការប្រព្រឹត្ដបទល្មើសដែលអាចឈានដល់ការចុះមកអង្កេតពី សហរដ្ឋអាម៉េរិក ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារនាំចេញរបស់កម្ពុជា។

ថ្លែងបិទអង្គសិក្ខាសាលា នេះដែរលោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគទាំងអស់ចូលរួមពង្រឹងអនុលោមភាពស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមានដើម្បីរក្សាឱ្យបាននូវការទុកចិត្តពី សហរដ្ឋអាម៉េរិក៕

You missed

error: Content is protected !!