ភ្នំពេញៈ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និងរដ្ឋាករ មួយចំនួនបានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដើម្បីប្រគល់ជូនប្រជាពលរដ្ឋភៀសសឹកចំនួន៣៣០៣គ្រួសារ ស្ថិតនៅក្នុង ខែត្រពោធិ៍សាត់ ចំនួន៨៨៣គ្រួសារ និងខែត្របន្ទាយមានជ័យ ចំនួន២៤២០គ្រួសារ។

អំណោយទាំងនោះរៀបចំធ្វើឡើងនៅក្នុងជំរំជនភៀសសឹកចំនួន៤ទីតាំងផ្សេងគ្នាក្នុងខែត្រទាំង២ខាងលើដោយមានការសហការរៀបចំពី អាជ្ញាធរមូលដ្ឋាន និងព្រះចៅអធិការវត្ត ក្នុងទីតាំងនីមួយៗកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។

អំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ សម្រាប់ចែកជូននាឱកាសនោះរួមមាន អង្ករ១៦៥១៥គីឡូក្រាម, ទឹកសុទ្ធ១៣៣២កេស, មីកញ្ចប់៣៣០៣កេស និងកញ្ចប់ (Kits) ចំនួន៣៣០៣ (១កញ្ចប់សម្រាប់១គ្រួសារ) ដោយក្នុង Kits នីមួយៗរួមមាន ភួយ១, ទឹកស៊ីអ៊ីវ២ដប, ទឹកត្រី២ដប, ត្រីខ៥កំប៉ុង, ទឹកដោះគោខាប់៥កំប៉ុង, ទឹកដោះគោស្រស់១យួរស្មើ៤កំប៉ុង, កាហ្វេ១០កញ្ចប់តូច, ច្រាសដុសធ្មេញ២, ថ្នាំដុសធ្មេញ១, សាប៊ូដុសខ្លួន១ដុំ, ម្សៅសាប៊ូ Ora ១កញ្ចប់ស្មើ១១០ក្រាម, សំឡីអនាម័យ១ដុំ, ឆៃប៉ូវផ្អែមកន្លះគីឡូក្រាម, ទឹកក្រូច៥កំប៉ុង, សារុង១, អាវការពាររងា១, ស្ករស១គីឡូក្រាម និងថវិកាចំនួន៥០,០០០រៀល។

ឯកឧត្តមបណ្ឌិត ក៏បានប្រគេនថវិកាមួយចំនួនផងដែរថ្វាយ ព្រះចៅអធិការ វត្តអូរប្រាសាទ និងវត្តអញ្ចាញ សម្រាប់រួមចំណែកសម្រាលបន្ទុកនៃការចំណាយប្រចាំថ្ងៃក្នុងការរៀបចំដើម្បីទ្រទ្រង់ប្រជាពលរដ្ឋភៀសសឹកនៅក្នុងវត្ត។

ស្ថិតក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជានិច្ចកាលតែងតែ យកចិត្តទុកដាក់រួមសុខរួមទុក្ខជាមួយបងប្អូនពលរដ្ឋភៀសសឹករងគ្រោះដោយសារអំពើឈ្លានពានដ៏ព្រៃផ្សៃ នៃយោធាប្រទេសថៃ មកលើប្រទេសកម្ពុជា។

អំណោយដែលបានយកមកជូននាពេលនេះ ឯកឧត្តម បានបញ្ជាក់ថា នេះជាការឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពខ្មែរតែមួយ ដែលប្រជាពលរដ្ឋទូទាំងប្រទេសស្របតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមលះបង់ធនធាន និងកម្លាំងកាយចិត្តឧបត្ថម្ភជាថវិកា និងសម្ភារៈផ្សេងៗដើម្បីសម្រាលបន្ទុក នៃការលំបាករបស់ពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ព ដែលបានជម្លៀសមកទីសុវត្ថិភាពដោយសារការ.ឈ្លាន.ពានរបស់ ទាហាន.សៀម.។

ឯកឧត្តមបណ្ឌិត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋក្នុងជំរំជនភៀសសឹកឱ្យយកចិត្តទុកដាក់រក្សាអនាម័យ ថែទាំងសុខភាព បង្ការជំងឺដំកាត់នានា និងសូមឱ្យបងប្អូនមានការអត់ធ្មត់ដោយត្រូវជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយឈានទៅបញ្ចប់សង្រ្គាម និងនាំយកសុខសន្តិភាពជូនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់យើងនាពេលខាងមុខនេះហើយបងប្អូនអាចវិលត្រឡប់ទៅលំនៅដ្ឋាន ភូមិ ស្រុក រៀងៗខ្លួនវិញ។

គួរបញ្ជាក់ថា សមាគមសង្គហមិត្តមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ធ្លាប់បានយកអំណោយឧបត្ថម្ភជូនជនភៀសសឹកជាច្រើនលើករួចមកហើយ ចាប់តាំងពីពេលមានការប៉ះទង្គិចគ្នាតាមព្រំដែន រវាងកងទ័ពកម្ពុជា និងថៃ។ សមាគម ក៏បានប្តេជ្ញាចិត្តបន្តនាំ យកជំនួយរបស់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជនភៀសសឹកនៅតាមបណ្តាខែត្រនានាជាបន្តបន្ទាប់ទៀត៕

You missed

error: Content is protected !!